ឧត្តរមានជ័យ៖ អ្នកយកព័ត៌មានម្នាក់នៅខេត្តឧត្តរមានជ័យត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានផ្សាយផ្ទាល់ពីទីតាំងមីនតោននៅក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយដោះមីននោះយកទៅឱ្យនគរបាលផ្អើលប៉ុស្ដិ៍នគរបាលទាំងយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
និពន្ធនាយកគេហទំព័រមាតុភូមិលោក ស៊ុន សុផល បានប្រាប់បណ្តាញសាព័ត៌មានរបស់លោកឈ្មោះ ទឺ ពិទូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៦ ខែកុម្ភៈម្សិលមិញ បន្ទាប់ពីបានដោះមីនតោនដោយខ្លួនឯងដឹកតាមម៉ូតូជាមួយមិត្តភ័ក្រយកទៅឱ្យនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកថា៖ «ពីម្សិលមិញខ្ញុំបានទាក់ទងគាត់ដែរគាត់ថា Live ខ្ញុំក៏ថា Live ទៅយើងអ្នកកាសែតឃើញផ្សាយទៅគេឃើញគេទៅដោះហើយ។ តែខ្ញុំមិននឹកស្មានថាល្ងាចឡើងវានាំមិត្តភ័ក្រទៅដោះយកមីន លីមីនហ្នឹងដឹកតាមម៉ូតូយកមកឱ្យប៉ុស្ដិ៍ហ្នឹងណា។ ខ្ញុំវាមិនយល់វាហ៊ានត្រង់ថាចេះជំនាញដោះមីនអត់ខ្លាចផ្ទុះងាប់ហ្នឹងណា»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យលោកឧត្តមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច បានឱ្យដឹងពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនលោក ទឺ ពិទូ ទៅតុលាការហើយពាក់ព័ន្ធនឹងការដឹកជញ្ជូនយុទ្ធភ័ណ្ធមិនទាន់ផ្ទុះដែលមិនមានការអនុញ្ញាតពីសមត្ថកិច្ច។
យោងតាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌកម្ពុជា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លូន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល។
ទោះជាយ៉ាងណាក្នុងនាមថ្នាក់ដឹកនាំអង្គភាពលោក ស៊ុន សុផល ស្នើសុំការយោគយល់អធ្យាស្រ័យ លើកលែងទោសកំហុសដល់បុគ្គលិកលោក បន្ថូរបន្ថយដោយអាចអប់រំណែនាំវិញព្រោះការប្រព្រឹត្តិរបស់លោក ទឺ ពិទូ ពុំមានចេតនាណាមួយបង្កបញ្ហាឬប្រឆាំងនឹងច្បាប់នោះទេ៕






