សៀមរាប៖ ក្នុងរយៈពេលជិត ២ ឆ្នាំ នៃការដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មិនត្រឹមតែបង្ហាញពីសមត្ថភាព និងវិន័យការងារខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពី “បេះដូងអ្នកដឹកនាំ” ដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដាក់ការរក្សាសន្តិសុខសង្គមជាអាទិភាពកំពូល។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងពោរពេញដោយការលះបង់ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបំពេញភារកិច្ច និងតួនាទីជាអ្នកការពារសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយភាពអត់ធ្មត់ ស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅ មានទំនុកចិត្ត និងមានសេចក្តីសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានសម្តែងការគោរព ស្រឡាញ់ និងសរសើរយ៉ាងទូលំទូលាយ ដោយចាត់ទុកលោកឧត្តមសេនីយ៍ទោ ជាថ្នាក់ដឹកនាំដែល «ធ្វើការពិត មើលឃើញការលំបាករបស់ប្រជាពលរដ្ឋពិត និងស្តាប់សម្លេងមូលដ្ឋានពិត»។ ការចុះដល់មូលដ្ឋានជាប្រចាំ និងការដឹកនាំដោយភាពជិតស្និទ្ធ បានបង្កើតភាពជឿជាក់ និងសាមគ្គីភាពយ៉ាងរឹងមាំ រវាងកម្លាំងនគរបាល និងប្រជាពលរដ្ឋ។
ជាមួយគ្នានេះ អ្នកសារព័ត៌មានជាច្រើន ក៏បានសម្តែងការគោរព និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ដោយចាត់ទុកថា ជាថ្នាក់ដឹកនាំដែលបើកចំហ មានភាពសហការល្អ ស្មោះត្រង់ ដោយលោកមិនរើសអើង និងតែងតែគោរពស្រលាញ់បងប្អូនអ្នកសារព័ត៌មាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសវិជ្ជមាន និងភាពជឿជាក់ក្នុងសង្គម។
ការលើកទឹកចិត្ត ការគាំទ្រ និងការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន គឺជាកម្លាំងចិត្តដ៏ធំធេង បញ្ជាក់ឲ្យឃើញថា ការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី មិនមែនជាការដឹកនាំតាមតួនាទីប៉ុណ្ណោះទេ ប៉ុន្តែជាការដឹកនាំដោយស្មារតីបម្រើជាតិ និងបម្រើប្រជាពលរដ្ឋយ៉ាងស្មោះត្រង់ និងពិតប្រាកដ។
ជាសរុប លោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានចាត់ទុកថា ជាថ្នាក់ដឹកនាំនគរបាលគំរូ ដែលទទួលបានទាំងការកោតសរសើរ ការគោរព និងការស្រឡាញ់ពីសាធារណជន និងអ្នកសារព័ត៌មាន រួមចំណែកយ៉ាងមានអត្ថន័យក្នុងការកសាងសន្តិភាព ស្ថិរភាព និងអនាគតដ៏រុងរឿងសម្រាប់ខេត្តសៀមរាប។
សូមបញ្ជាក់ជូនផងដែរថា នាពេលថ្មីៗកន្លងមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចាត់ទុក និងវាយតម្លៃជាផ្លូវការថា ជា ស្នងការនគរបាលគំរូ ផងដែរ៕
ដោយ៖ ល.ស








