សៀមរាប៖ យោងតាមដីលិខិតកោះហៅ ដែលអង្គភាពសារព៏ត៌មានមហាខ្មែរ ទទួលបាននោះ គឺលោក ធឹម សំផូត ដែលមានងារជាឯកឧត្តមបណ្ឌិត និងជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលគេស្គាល់ថាមនុស្សពហុជំនាញ ក្នុងនោះជាទីប្រឹក្សាក្រសួងព័ត៌មានផង ជាមន្ត្រីនីក្រសួងមុខងារសាធារណៈផង និងជាទន្តបណ្ឌិតផង ត្រូវបានឯកឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្តសៀមរាបចេញដីកាសម្រេចឲ្យបើកការស៊ើបអង្កេតលើករណីឆបោក និងត្រូវបាននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតកោះហៅឱ្យចូលខ្លួនកាលពីថ្ងៃទី២៤ ខែតុលាឆ្នំា២០២៥ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ដោយយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់។
ក្នុងលិខិតកោះហៅនោះបានបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះ ធឹម សំផូត អាយុ ៣៨ឆ្នាំ សញ្ញាតិខ្មែរ មុខរបរទីប្រឹក្សាក្រសួងព័ត៌មាន ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ស្ត្រីម្នាក់បានថ្លៃងប្រាប់អង្គភាពសារព័ត៌មានមហាខ្មែរថា៖

កាលចុងឆ្នាំ ២០២៣ ជនរងគ្រោះបានពរចៅដើរលេងតាមបណ្ដោយមាត់ស្ទឹងសៀមរាបស្ថិតនៅក្នុងភូមិមណ្ឌលបីសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏ប្រទះជួបជនសង្ស័យដែលមានងារជាឯកឧត្តមកំពុងកាប់ដើមដំឡូងនៅក្នុងចំការរបស់គាត់ឃើញដូចនេះជនរងគ្រោះក៏សុំដើមដំឡូងយកទៅដាំធ្វើពូជ បន្ទាប់មកក៏និយាយជជែកគ្នាលេងពីនេះពីនោះ។ ក្រោយមកទៀតឯកឧត្តមបានសួរថាអ៊ីមានកូនចង់ធ្វើទាហានអត់ ? គេជ្រើសរើសច្រើននាក់ណាស់បន្ទាប់មកជនរងគ្រោះបានប្រាប់ថាមានកូន ១ នាក់ចង់ចូលដែរ ហើយជនសង្ស័យបានប្រាប់ថាអ៊ីនៅភូមិជាមួយគ្នាខ្ញុំយកតែ 8.500 ដុល្លារទេ បើនៅតាមខេត្តផ្សេងៗខ្ញុំយកគេមួយនាក់ 13000 ដុល្លារ ។ហើយជនរងគ្រោះបាននិយាយថាស្រុកឥឡូវខ្ញុំខ្លាចតែគេបោកទេ បន្ទាប់មកទៀតឯកឧត្តមបាននិយាយថាបើគេបោកគាត់ នឹងប្រគល់ដីចម្ការមួយកន្លែងនេះទៅឲ្យអ៊ីឯង ។
បន្ទាប់មកទៀតឯកឧត្តមបានយកទូរសព្ទរបស់គាត់សុំលេខជនរងគ្រោះហើយបង្ហាញរូបថតក្នុងទូរសព្ទរបស់គាត់ ថានេះរូបថត ឯកឧត្តម ទៀ សីហា និង ឯកឧត្តម ប្រាក់ សោភ័ណ ចៅហ្វាយខេត្តសៀមរាបឲ្យគាត់អ្នករើស ឃើញរូបថតក្នុងទូរសព្ទដូចនេះជនរងគ្រោះចាប់ផ្ដើមជឿជាក់លើឯកឧត្តម។ ប៉ុន្តែជនរងគ្រោះប្រាប់ថាមិនទាន់មានលុយទេក្រោយមកទៀតជនសង្ស័យបានប្រាប់ថា អី មាន 2000 ដុល្លារឱ្យមុនសិនក៏បានដែរចាំបានក្របខ័ណ្ឌចាំឱ្យលុយគ្រប់ក៏បានដែរ។ លុះដល់ដើមខែមករាឆ្នាំ 2024ជនរងគ្រោះក៏បានបង់លុយឱ្យទៅឯកឧត្តមចំនួន2000 ដុល្លារតាមកុងធនាគារ ABA ស្រាប់តែបានរយៈពេល ១ សប្តាហ៍ក្រោយមកទៀតក៏ឯកឧត្តមបានតេទូរសព្ទមកគាត់ទៀតថាអ៊ី ឱ្យលុយមកខ្ញុំ 6000 ដុល្លារទៀតមកខែកុម្ភៈឆ្នាំ 2024 កូនអ៊ីបានឈ្មោះបានអត្ថលេខបានប្រាក់ខែស៊ីហើយ ។
ឮដូចនេះជនរងគ្រោះក៏បានយកប្លង់ដី និងប័ណ្ណក្រីក្រទៅបញ្ចាំនៅហាងបញ្ចាំមួយកន្លែងក្នុងបុរីប្រិមប្រិយ ដើម្បីយកលុយឲ្យគ្រប់ចំនួន 6000 ដុល្លារទៀតទៅឱ្យឯកឧត្តម ។ 3 ថ្ងៃក្រោយមកទៀតឯកឧត្តមបានតេមកទៀតថាអ៊ីជួយរកមនុស្សឲ្យខ្ញុំ អ្នកណាចង់ចូលធ្វើទាហាន 10នាក់ក៍បាន 20 នាក់ក៏ បានខ្ញុំទទួលយកទាំងអស់ ។
ដោយជនរងគ្រោះបានប្រាប់ថាមានក្មួយប្រុសខ្ញុំម្នាក់ចង់ចូលដែរតែគ្នាគ្មានលុយទេមានតែដីប្លង់រឹងមួយកន្លែងទេ ហើយឯកឧត្តមបានប្រាប់ថាអាចចូលបានដែរ ឮដូចនេះជនរងគ្រោះក៏បានប្រគល់ប្លង់ដីរឹងមួយកន្លែងនោះទៅឱ្យឯកឧត្តមយកទៅរក្សាទុកនៅនឹងផ្ទះរបស់គាត់។
បាន 5 ថ្ងៃក្រោយមកទៀតឯកឧត្តមគាត់ក៏តេទូរសព្ទមកម្ដងទៀតថាអ៊ីឱ្យប្រាប់អាប្អូនដែលចង់ចូលធ្វើទាហានថ្ងៃមុនមកជួបខ្ញុំចង់ខ្ចីប្លង់ដីឈ្មោះវាទៅបញ្ចាំយកលុយសិនហើយឯកឧត្តមបានបញ្ជាក់ច្បាស់ៗថាចំណែកលុយបង់ការប្រចាំខែឯកឧត្តមគាត់រាប់រងបង់ប្រចាំខែរហូតឈ្មោះធ្លាក់បានក្របខណ្ឌ ។ ពេលទៅដល់ហាងបញ្ចាំគេសម្រេចឱ្យក្មួយប្រុសរបស់ខ្ញុំខ្ចីលុយ បាន 6000 ដុល្លារបន្ទាប់មកទៀតក្មួយប្រុសរបស់ខ្ញុំបានប្រគល់ប្រាក់តាមកុងធនាគារ ABA ទៅឱ្យឯកឧត្តមគ្រប់ចំនួន 6000 ដុល្លារ ។
ចាប់តាំងពីបានទទួលប្រាក់បានគ្រប់ចំនួនមកឯកឧត្តមព្យាយាមគេចវេះរហូត តេទៅពេលណាឯកឧត្តមជាប់រវល់រហូត។ ទើបតែនៅថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2025 ឯកឧត្តមបានតេមកខ្ញុំប្រាប់ថាឲ្យយកកូននឹងក្មួយ និងឯកសារពាក់ព័ន្ធមួយចំនួនឡើងជិះឡានទៅទីបញ្ជាការយោធភូមិភាគទី៤ ជាមួយគាត់ដើម្បីទៅយកពាក្យប្រលងចូលក្របខណ្ឌយោធា។ ពេលកូនប្រុស និងក្មួយរបស់ខ្ញុំឡើងជិះឡានគាត់នៅបាំងខាងក្រោយមានមនុស្សប្រុសអាយុប្រហែលនិងកូនខ្ញុំ ៣នាក់ ជិះឡានទៅជាមួយគ្នាដែរ។សួរទៅថាទៅយកពាក្យប្រឡងដែរ។ សរុបមកចំនួន៥ នាក់ដែលឯកឧត្តមនាំទៅយកពាក្យប្រលងចូលប្រកាន់យោធា ។
ពេលទៅដល់ទីបញ្ជាការយោធភូមិភាគទី៤ ផ្នែកជ្រើសរើសកងទ័ពគេបានពិនិត្យឯកសារកូនប្រុសរបស់ខ្ញុំ និងអ្នកជិះឡានទៅជាមួយហើយប្រាប់ថាឯកសារអត់គ្រប់លក្ខខណ្ឌមិនអាចផ្ដល់ពាក្យជូនបានទេ។ ទំាងនេះជាសម្តីរៀបរាប់របស់ស្ត្រីរងគ្រោះ ដែលបានផ្តល់មកអង្គភាពសារព័ត៌មានមហាខ្មែរ។
មិនត្រឹមតែប៉ុនណ្ណោះទេ លោក ធឹម សំផូត បានប្រើប្រាស់ឈ្មោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ថាជាអ្នកឱ្យខ្លួនជ្រើសរើសកងទ័ពទៀតផង។
នេះជាព័ត៌មានដ៏រសើបមួយក្នុងខេត្តសៀមរាប ដែលកម្របានជួបផងដែរ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានមហាខ្មែរ បានកំពុងព្យាយាម សុំការការបំភ្លឺពីអ្នកនំាពាក្យភូមិភាគទី៤ ដើម្បីបញ្ជាក់អោយច្បាស់ថាតើ លោក ធឹម សំផូត មានតួរនាទីអ្វីដែរនៅក្នុងទីបញ្ជារការភូមិភាគទី៤ ម៉េចបានមានសិទ្ធជ្រើសរើសកងទ័ព?
ទោះជាយ៉ាងណាក្តី អង្គភាពសារព័ត៌មានមហាខ្មែរនៅតែបើកអោយមានការបំភ្លឺពីភាគីពាក់ព័ន្ធ ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន រាល់ម៉ោងរដ្ឋបាល៕ ដោយ៖ L.S

សូមកែតម្រូវអក្ខរាវិរុទ្ធលើរូបភាព៖ បង្ហា=> បង្ហាញ


