មូលហេតុពិតប្រាកដករណី អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី ក្នុងក្រុងសៀមរាប តែម្ចាស់អាជីវកម្មនេះ មិនបានបញ្ជាក់ទំហំ នៃការខូចខាតដល់សមត្ថកិច្ចនោះទេ

291

ខេត្តសៀមរាប៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានហេតុការណ៍ អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី មួយកន្លែងដែលមានយីហោ «សៀមរាបឡៃត៍» ស្ថិតនៅតាមបណ្ដោយផ្លូវវត្តបូព៌ ក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ទំាងព្រឹកព្រលឹម ដឹងមូលហេតុហើយ តែម្ចាស់អាជីវកម្មនេះ មិនបាបញ្ជាក់ទំហំនៃការខូចខាតដល់សមត្ថកិច្ចទេ រហូតមកដល់រសៀលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រភពពីមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យ បណ្តាញសារព័ត៌មានឱ្យដឹងថា ម្ចាស់ទីតាំង«សៀមរាបឡៃត៍» ដែលរោងការឆាប់ឆេះខាងលើមានឈ្មោះ សាន សុខភរស្មី ភេទប្រុស អាយុ ៣២ឆ្នាំ ជាម្ចាស់ផ្ទះ មុខរបរៈលក់សម្ភារៈអគ្គីសនី មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពុំបានបញ្ជាក់អំពីទំហំនៃការខូចខាត សម្ភារៈទ្រព្យសម្បត្តិ នៅក្នុងទីតាំងនោះបាននៅឡើយទេ ព្រោះមានការជាប់រវល់។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង ៦ និង ២០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីអគ្គីភ័យកំពុងឆាបឆេះផ្ទះកើតហេតុខាងលើ ទើបកម្លាំងនគរបាលបង្កាពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនៃការិយាយពាក់ព័ន្ធ ចុះប្រតិបត្តការណ៍បាញ់ពន្លត់ រហូតដល់ម៉ោង១៥ និង៣៥នាទី ថ្ងៃខែឆ្នាំ ដដែល ទើបគ្រប់គ្រងបាន និងត្រូវបានរលត់ទាំងស្រុង។

សមត្ថកិច្ចបន្ថែមថា តាមការស្តាប់បំភ្លឺសាក្សីឈ្មោះ អុំ ផល្លា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ: ម្ចាស់បូទិក យីហោ វីឡាអធារ៉ា មានទីតាំងស្ថិតនៅទល់មុខនិងផ្ទះកើតដឹងហេតុ បានឲ្យដឹង៖ នៅវេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រូបគាត់បានសម្រាក់លុះដល់ម៉ោង២ និង ០០នាទីឈានចូល ថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២៣ ស្រាប់តែដាច់ចរន្តអគ្គិសនី រូបគាត់ក៍បានដើរចេញមកពិនិត្យខាងមុខផ្ទះ និងខាងក្រៅរបង លុះដល់ម៉ោង៣ និង ០០នាទី ចរន្តអគ្គិសនីក៏តភ្ជាប់មកវិញ រូបគាត់ក៏ចូលដេក លុះដល់ម៉ោង ៤ និង ០០នាទី អគ្គិសនីបានដាច់ម្តងទៀង ប្រហែលកន្លះម៉ោងក្រោយមក ទើបមានអគ្គិសនីមកវិញ លុះដល់វេលាម៉ោង៦ និង ០០នាទី ប្រពន្ធរបស់គាត់បានដើរចេញមកក្រៅផ្ទះ ស្រាប់ឃើញមានផ្សែងខ្មៅហ៊ុយពីផ្ទះកើតហេតុ ទើបដឹងថា ផ្ទះនោះកំពុងមានភ្លើងអគ្គិសនីឆាបឆេះ ភ្លាមនោះក៏ខលទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះតែម្តង។

ជាមួយគ្នានៅផងដែរ តាមការបំភ្លឺ របស់សាក្សី ឈ្មោះ គាន ភារេន ភេទប្រុស អាយុ ៣៨ឆ្នាំ បានប្រាប់ ឲ្យដឹងថា នៅវេលាម៉ោងប្រហែល ០៦ និង១៤នាទីព្រឹក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣ រូបគាត់បានភ្ញាក់ពីដេកដើម្បីជូនកូនទៅរៀន ដោយផ្ទះរបស់គាត់ នៅខាងជើងផ្ទះកើតហេតុប្រហែល ១៥០ម៉ែត្រ ពេលនោះគាត់បានឃើញ ផ្សែងហុយចេញពីផ្ទះលក់គ្រឿងអគ្គីសនី យីហោ សៀមរាបឡៃ គាត់ក៏បានខលទូរស័ព្ទទៅសួរប្អូន ឈ្មោះ ស៊ុន សេងហួរ ភេទប្រុស ដែលផ្ទះរបស់គេនៅជិតកន្លែងកើតហេតុ ទើបដឹងថាមានភ្លើងកំពុងឆេះកន្លែងលក់គ្រឿងអគ្គីសនី សៀមរាបឡៃ គាត់ក៏បានរត់មកជួយពន្លត់ ពេលមកដល់ ក៏មានមនុស្សជាច្រើនកំពុងជួយគាត់ទ្វាហាង កើតហេតុដើម្បីជួយពន្លត់ភ្លើង ដោយសារកន្លែងលក់គ្រឿងអគ្គីសនីខាងលើនេះ មិនមនុស្សស្នាក់នៅនោះទេ គាត់ក៏បានជួយវ៉ៃសោគាស់ទ្វារ តែគាស់មិនបានក៏នាំគ្នាវ៉ៃទ្វាររូត ដើម្បីហែកចូល ក៏ឃើញភ្លើងកំពុងឆេះ ហើយក៏នាំគ្នាពន្លត់ តែភ្លើងឆេះកាន់តែខ្លាំង មួយសន្ទុះម្ចាស់ផ្ទះបានមកដល់ ទើបគាត់បើកទ្វា និងទាក់ទងហៅសមត្ថកិច្ចមកជួយពន្លត់តែម្តង ។

បន្ថែមលើនេះទៅទៀតនោះ តាមការបញ្ជាក់ផ្ទាល់មាត់របស់ឈ្មោះ សាន សុខភរស្មី ភេទប្រុស អាយុ ៣២ឆ្នាំ ដែលគេដឹងថាគាត់ជាម្ចាស់ផ្ទះកើតហេតុ បានឲ្យដឹងថា ផ្ទះខាងលើជាឃ្លាំងផ្ទះសម្ភារៈអគ្គិសនី និងតាំងលក់នៅពេលថ្ងៃ ហើយជាធម្មតាបន្ទាប់ពីបិទពេលល្ងាចរួចរាល់គឺរូបគាត់ និងបុគ្គលិកបានចេញទៅសម្រាក់នៅផ្ទះទាំងអស់គ្នា ពុំមានអ្នកណាសម្រាកនៅផ្ទះកើតហេតុទេ។ នៅព្រឹកកើតហេតុ វេលាម៉ោង៦ និង ១២នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់បូទិកយីហោ វីឡាអធារ៉ា បានទូរស័ព្ទ ប្រាប់គាត់ថា ផ្ទះរបស់គាត់ត្រូវអគ្គីភ័យឆាប់ឆេះ។
ប្រភពដដែលបានបញ្ជាក់ថា តាមការសន្និដ្ឋានជំហានដំបូង ករណីអគ្គីភ័យខាងលើនេះ សង្ស័យខ្ពស់ថាបណ្តាលមកពីទុសសេ ឆ្លងចរន្តអគ្គសនី។
យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលបណ្តាញសារព័ត៌មានទទួលបាន ក្នុងនោះមានការខូចខាតរួមមាន៖ ផ្ទះថ្ម ០២ល្វែង ពីរជាន់ ឆេះអស់ទាំងស្រុង ទ្រព្យសម្បត្តិ និង សម្ភារៈគ្រឿងអគ្គិសនី មួយចំនួនធំ ។

អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបញ្ជាក់ថា ករណីខាងលើនេះមិនបណ្តាលអោយមានការរងរបួសដល់អាយុជីវិតមនុស្សឡើយ ហើយមូលហេតុគឺដោយសារ ឆ្លងចរន្តអគ្គីសនីដូចគ្នា។

ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ ប្រើប្រាស់ទឹកអស់ចំនួន ៤៥ រថយន្ត និង មានការចូលរួមពីរថយន្តពន្លត់អគ្គីភ័យចំនួន ១៤ គ្រឿង ដូចជា៖
១-រថយន្តនាយកដ្ឋានបេតិកភ័ណ្ឌចំនួន ០១ គ្រឿង
២-រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៦ គ្រឿង
៣-រថយន្តកងរាជអាវុធហត្ថចំនួន ០១ គ្រឿង
៤-រថយន្តក្រុមហ៊ុនចាក់បេតុង KVI ចំនួន ០១ គ្រឿង
៥-រថយន្តពន្លត់ ព្រលានយន្តហោះចំនួន ០១ គ្រឿង
៦-រថយន្តអាជ្ញាធរជាតិអប្សរាចំនួន ០២ គ្រឿង
៧-រថយន្តបុរីទេសចរណ៍ ចំនួន ០១ គ្រឿង
៨-រថយន្តពន្លត់អគ្គិភ័យភូមិបៃតង ចំនួន ០១ គ្រឿង
និងគ្រប់គ្រងអគ្គីភ័យនេះបាន រលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១៤ និង ៤០នាទី ថ្ងៃខែឆ្នាំដដែល៕