ក្រសួងសុខាភិបាលនឹងពង្រឹងវិធានការចត្តាឡីស័កនៅច្រកព្រំដែន បន្ទាប់ពីថៃមានមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ក្រសួងនឹងពង្រឹងវិធានការចត្តាឡីស័កនៅ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស។ ការប្រកាសរបស់ក្រសួងសុខាភិបាលអំពីវិធានការចត្តាឡីស័កនេះធ្វើឡើង បន្ទាប់ពីប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ រកឃើញករណីអ្នកជំងឺម្នាក់ មានមេរោគអុតស្វា ឬ អឹមផក(Mpox)បំប្លែងខ្លួនប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំង។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃ សុក្រទី ២៣សីហា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជូនដំណឹងទៅអភិបាលខេត្តនៅតាមព្រំដែន ឲ្យពង្រឹងវិធានការចត្តាឡីស័ក និងតាមដានជំងឺឆ្លងអុតស្វា ប្រភេទថ្មី នៅតាមច្រកព្រំដែនចេញចូលប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា កម្ពុជាត្រូវពង្រឹងវិធានការចត្តាឡីស័ក ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះឡើងនៃជំងឺអុតស្វា ឬអឹមផក(Mpox) ដែលជាជំងឺឆ្លងមួយគួរឱ្យព្រួយបារម្ភ។ កាលពីថ្ងៃទី១៤ សីហាកន្លងទៅ អង្គការសុខភាពពិភពលោក ធ្លាប់បានប្រកាសចាត់ទុក ជំងឺមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី ប្រភេទ ក្លាដ (Clad) 1b ថា មេរោគបង្កគ្រោះអាសន្នដល់សុខភាពសាធារណៈកម្រិតអន្តរជាតិ។ យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) គិតចាប់ពីឆ្នាំ២០២៣…

