នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា ក្រសួងនឹងពង្រឹងវិធានការចត្តាឡីស័កនៅ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺ នៅតាមច្រកចេញចូលប្រទេស។ ការប្រកាសរបស់ក្រសួងសុខាភិបាលអំពីវិធានការចត្តាឡីស័កនេះធ្វើឡើង បន្ទាប់ពីប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ រកឃើញករណីអ្នកជំងឺម្នាក់ មានមេរោគអុតស្វា ឬ អឹមផក(Mpox)បំប្លែងខ្លួនប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំង។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃ សុក្រទី ២៣សីហា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានជូនដំណឹងទៅអភិបាលខេត្តនៅតាមព្រំដែន ឲ្យពង្រឹងវិធានការចត្តាឡីស័ក និងតាមដានជំងឺឆ្លងអុតស្វា ប្រភេទថ្មី នៅតាមច្រកព្រំដែនចេញចូលប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា កម្ពុជាត្រូវពង្រឹងវិធានការចត្តាឡីស័ក ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះឡើងនៃជំងឺអុតស្វា ឬអឹមផក(Mpox) ដែលជាជំងឺឆ្លងមួយគួរឱ្យព្រួយបារម្ភ។ កាលពីថ្ងៃទី១៤ សីហាកន្លងទៅ អង្គការសុខភាពពិភពលោក ធ្លាប់បានប្រកាសចាត់ទុក ជំងឺមេរោគអុតស្វា បំប្លែងខ្លួនប្រភេទថ្មី ប្រភេទ ក្លាដ (Clad) 1b ថា មេរោគបង្កគ្រោះអាសន្នដល់សុខភាពសាធារណៈកម្រិតអន្តរជាតិ។
យោងតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC) គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤នេះ កម្ពុជាមានអ្នកជំងឺឆ្លងមេរោគ អុតស្វា ឬអឹមផក (Mpox) ២០ករណី ប៉ុន្តែ ជាមេរោគ អឹមផកប្រភេទចាស់(Clad 2) ដែលគេបានព្យាបាលឲ្យជាសះស្បើយទាំងអស់។
ក្រៅពីជំងឺឆ្លងអុតស្វា ឬអឹមផក នៅកម្ពុជាក៏មានការរីករាលដាលជំងឺឆ្លងផ្សេងទៀតដែរ ដូចជាជំងឺផ្ដាសាយបក្សី(H5N1) ដែលឆ្លងពីសត្វទៅមនុស្សចំនួន៧២ករណី ក្នុងនោះមានមនុស្សស្លាប់ ៤៣ករណី រួមទាំងជំងឺអង់ត្រាក់(Anthrak) ដែលមាននៅក្នុងតំបន់ និងប្រទេសជិតខាង។
លោកលី សូវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី២៤ ខែសីហា នេះថា កម្ពុជាមិនទាន់មានជំងឺអុតស្វា ឬអឹមផកប្រភេទថ្មី Clad 1b នៅឡើយទេ។ ប៉ុន្តែ ជាវិធានការទប់ស្កាត់ ក្រសួងសុខាភិបាលបានជូនដំណឹងឲ្យអភិបាលខេត្តជាប់ព្រំដែន ពង្រឹងចត្តាឡីស័ក នៅតាមច្រកចេញចូលទាំងអស់។ ចំណែកនៅក្នុងប្រទេស ក៏ក្រសួងកំពុងតាមដានរុករកជំងឺនេះដែរ និងត្រៀមលក្ខណៈឆ្លើយតបគ្រប់ពេលវេលា។
យ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងរូបនេះមិនបានលម្អិតថា តើគ្រប់អ្នកដំណើរដែលចេញចូលនៅតាមច្រកព្រំដែន ត្រូវជាប់ចត្តាឡីស័កដែរឬទេ។ លោកគ្រាន់តែបញ្ជាក់ថា អាជ្ញាធរនឹងអនុវត្តទៅតាមវិធានការចត្តាឡីស័កដែលមានស្រាប់ និងយន្ដការតាមដាន ឆ្លើយតបទៅតាមបច្ចេកទេស។
គួរជ្រាបថា ជំងឺអុតស្វា ឬ អឹមផក (Mpox) ជាជំងឺមួយប្រភេទ ដែលឆ្លងតាមរយៈការរួមភេទជាមួយអ្នកដែលផ្ទុកមេរោគនេះ និងតាមរយៈការប៉ះពាល់ផ្ទាល់សរីរាង្គកាយខាងក្រៅ កន្លែងដែលមានដំបៅ រួមទាំងទឹកមាត់ និងតាមផ្លូវដង្ហើមរបស់អ្នកជំងឺអឹមផក។ បើតាម នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC ជំងឺអុតស្វានេះក៏ឆ្លង តាមរយៈការប៉ះពាល់សម្ភារៈ របស់របរអ្នកជំងឺ និងពីម្ដាយទៅកូន អំឡុងពេល និងក្រោយពេលសម្រាល បើម្ដាយមានផ្ទុកមេរោគអឹមផក៕ ប្រភព៖ RFI