អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ


សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា​ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)” និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣ តទៅ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​កម្ពុជា។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាស៍ចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

ប្រភពដដែលបន្តថា​ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែល មិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នក ដំណើរ​ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ ជាមួយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​។

សូមជម្រាបថា​ គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់នៅលេីផ្ទៃដីប្រមាណ​ ៧០០ហិកតា​ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ នៅក្នុងមួយឆ្នាំ។ ព្រលាននេះ វិនិយោគដោយក្រុមហ៊ុនចិន Yunan Air Investment Cambodia​ ស្ថិតក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕


Advertisements

Next Post

សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

Sat Jul 29 , 2023
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ នឹងត្រូវរក្សានៅដដែល។ ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសារពិសេសមួយផ្ញើជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារនេះធ្វើឡើង ដើម្បីបំភ្លឺនូវមន្ទិល និងការបារម្ភរបស់មន្ត្រីមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ «មុខងារទាំងអស់នេះ ខ្ញុំព្រះករុណា បានពិភាក្សាយ៉ាងម៉ត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍