អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ

54

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា​ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)” និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣ តទៅ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​កម្ពុជា។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាស៍ចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

ប្រភពដដែលបន្តថា​ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែល មិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នក ដំណើរ​ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ ជាមួយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​។

សូមជម្រាបថា​ គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់នៅលេីផ្ទៃដីប្រមាណ​ ៧០០ហិកតា​ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ នៅក្នុងមួយឆ្នាំ។ ព្រលាននេះ វិនិយោគដោយក្រុមហ៊ុនចិន Yunan Air Investment Cambodia​ ស្ថិតក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕