សៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់។
ដោយរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណេីរឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវវាងក្រុងសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិត នៃគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត (PK0+000 – PK46+570) ចំណុចចាប់ពីភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ភូមិពួកថ្មី ឃុំពួក ស្រុកពួក នៃខេត្តសៀមរាប ដែលបានសិក្សារួច មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។
ការចុះពិនិត្យគម្រោងផ្លូវវាងក្រុងនេះគឺដើម្បីកំណត់នូវនិយាមកាច្បាស់លាស់ ពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិតនៃផ្លូវ និងឈានដល់ការវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ និងការចំណាយឱ្យមានកម្រិតទាប៕


