សៀមរាប៖ អត្រាឆ្លងជំងឺគ្រុនឈាមលើកុមារកំពុងកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរដូវវស្សាឆ្នាំនេះ។ យោងតាមរបាយការណ៍ផ្លូវការចុងក្រោយរបស់មន្ទីរពេទ្យគន្ធបុប្ផា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ កុមារចំនួន ១,៨៩២នាក់ ត្រូវបានសម្រាកព្យាបាលដោយសារជំងឺគ្រុនឈាម ដែលជាតួលេខខ្ពស់បង្ហាញពីហានិភ័យនៃការរីករាលដាលនៃជំងឺនេះ។
តាមសេចក្តីប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែមិថុនា ឆ្នាំ២០២៦ មានកុមារមកទទួលសេវាពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសរុប ៧៥,២៥៨នាក់ ខណៈកុមារចំនួន ១៧,៥៩០នាក់ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកជំងឺសម្រាកព្យាបាលទាំងនេះ មានអ្នកជំងឺគ្រុនឈាមរហូតដល់ ១,៨៩២នាក់។
មន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ថា ការពិនិត្យ ពិគ្រោះ និងសម្រាកព្យាបាលទាំងអស់នៅគ្រប់សាខា គឺ មិនគិតថ្លៃ និងប្រកបដោយវិជ្ជាជីវៈវេជ្ជសាស្ត្រខ្ពស់ ដោយមិនមានការរើសអើងចំពោះអ្នកជំងឺឡើយ។
ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលបានអំពាវនាវឱ្យអាណាព្យាបាលបង្កើនការប្រុងប្រយ័ត្ន ដោយកម្ចាត់ប្រភពទឹកដក់ និងជម្រកមូសខ្លាជុំវិញផ្ទះ ប្រើប្រាស់ថ្នាំបាញ់មូស ឬអាល់តេ ឱ្យកូនស្លៀកសម្លៀកបំពាក់ដៃវែងជើងវែង និងគេងក្នុងមុងទាំងថ្ងៃទាំងយប់។
ក្នុងករណីកុមារមានអាការក្តៅខ្លួនខ្លាំង ឬមានរោគសញ្ញាសង្ស័យថាជាគ្រុនឈាម ឪពុកម្តាយគួរបញ្ជូនកូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ និងមិនគួរទិញថ្នាំផ្សំ ឬព្យាបាលដោយខ្លួនឯងនោះទេ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
ទន្ទឹមនឹងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ និងមានគុណភាពខ្ពស់ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមបរិច្ចាគថវិកា ទោះតិច ឬច្រើនក្តី ដើម្បីគាំទ្រដល់ការបន្តបេសកកម្មសង្គ្រោះជីវិតកុមារកម្ពុជា និងធានាឱ្យមន្ទីរពេទ្យអាចបន្តផ្តល់សេវាវេជ្ជសាស្ត្រដោយឥតគិតថ្លៃប្រកបដោយគុណភាពជូនប្រជាពលរដ្ឋបានជាបន្តទៀត៕




