សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកទៅកាន់អ្នកនយោបាយមួយរូប ដែលរកនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេច មិនឃើញ បែរជាទៅពឹងអ្នកកាសែត ឲ្យជួយរកហើយចុះផ្សាយ

20

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចំអកទៅកាន់អ្នកនយោបាយចាស់វស្សាមួយរូប ដែលរកនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេច មិនឃើញ បែរជាទៅពឹងអ្នកកាសែត ឲ្យជួយរក ហើយចុះកាសែតថា ជាមនុស្សល្ងង់ ឬអ្នកមិនទាន់រៀនចប់បណ្ឌិត នោះទេ ។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ «ល្ងាចមិញ ខ្ញុំភ្ញាក់ ដោយសារគេផ្ញើវីឌីអូមក ឃើញអាម្សៀ មួយនោះ (ខ្ញុំឈប់ហៅលោកអ៊ំ ចាស់វស្សាហើយ) បានវាយប្រហារ រឿងនិក្ខេបបទសញ្ញាបត្របណ្ឌិត (PHD) របស់ខ្ញុំថា ហ៊ុន ម៉ាណែត សរសេនិក្ខេបបទ PHD ប្រហែលជាជួលបរទេស សរសេរឲ្យហើយ បានជារកមិនឃើញ ? គាត់ផ្អែកលើជនបរទេស ជាអ្នកកាសែតម្នាក់ ទៅរក ដោយរកមិនឃើញ បានជាចុះកាសែត។ ខ្ញុំថា យ៉ាប់ៗ ឬល្ងង់ម្ល៉េះលោក បើចង់បាន មកសុំខ្ញុំមក ខ្ញុំឲ្យ ចាំបាច់ចុះដល់កាសែត» ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា គ្រាន់តែនិក្ខេបបទនេះ គ្មានអ្វីត្រូវលាក់បាំងនោះទេ។ ខ្ញុំសរសេបានអំពីឧស្សាហកម្ម សហគ្រាស ក្រុមហ៊ុនតូច និងមធ្យម ហើយសារសំខាន់របស់វា មានអ្វីខ្លះ ដែលអាចជួយឲ្យរីកចំរើន ។

សម្តេចធិបតី បានបន្តថា មានលោកអ៊ំម្នាក់នោះ បានស្វែងរក តែរកមិនឃើញ ប៉ុន្តែបើសិក្សាពីប្រវត្តិលោកអ៊ំ (អ្នកនយោបាយចាស់វស្សា ខ្ញុំមិនចាំនិយាយចំឈ្មោះទេ) នោះប្រហែលរៀនមិនបានថ្នាក់បណ្ឌិត (PHD) នោះទេ បានជាមិនយល់ ចំពោះការធ្វើនិក្ខេបបទថ្នាក់បណ្ឌិតនេះ។ ការធ្វើនិក្ខេបបទនេះ មានរយៈពេល៥ឆ្នាំ ហើយបានធ្វើការជាមួយទី ប្រឹក្សាជាប់រហូត ដោយគ្មានអ្នកណាម្នាក់ អាចបន្លំបាននោះទេ។ ពេលចប់ ត្រូវឆ្លងកាត់ នូវបណ្តុំ នៃសាស្ត្រាចារ្យ ហើយពេលការពារ ទីប្រឹក្សា មិនបានអនុញ្ញាតឲ្យចូលស្តាប់នោះទេ ។

ជាមួយគ្នានោះដែរ សម្តេចធិបតី បានលើកឡើងថា មានអ្នកខ្លះថា សម្តេច សរសេរនិក្ខេបបទគ្មានប្រយោជន៍ មិនជាប់ពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ ប៉ុន្តែ ខ្ញុំបានសរសេរអំពីការអភិវឌ្ឍន៍ក្នុងប្រទេសក្រីក្រ ក្នុងនោះ ខ្ញុំបានចាប់អារម្មណ៍ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលជាចលករមួយ ក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេស ដែលចំណុចនេះ ក៏ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែរ ។

សម្តេចធិបតី ក៏បានផ្តាំទៅអ្នកនយោបាយចាស់វស្សា ឬម្សៀ ដែលចាំតែវាយប្រហារក្មេងៗ ថា គោលនយោបាយ គឺធ្វើដូចតែគ្នា មិនខុសពីអ្វី ដែលសម្តេចសរសេនិក្ខេបបទនោះទេ ។

សម្តេចបានបញ្ជាក់ថា ៖ «ខ្ញុំដាក់គោលដៅ នូវអ្វីដែលខ្ញុំធ្វើ ខ្ញុំបានចាប់អារម្មណ៍ពីការអភិវឌ្ឍប្រទេសរបស់ខ្ញុំ។ នៅពេលខ្ញុំសរសេរនិក្ខេបបទបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ខ្ញុំបានសរសេរពីការដោះស្រាយបញ្ហាដីនៅកម្ពុជា និងអ្វីដែលរដ្ឋាភិបាលចូលរួម» ៕