សារព័ត៌មានមហាខ្មែរ

ក្រុមហ៊ុនជប៉ុនចំនួន ១៤៤ កំពុងវិនិយោគនៅកម្ពុជាដែលមានទុន ២,៨ ពាន់លានដុល្លារ

9

ភ្នំពេញ ៖ គិតត្រឹមខែកក្កដា ឆ្នាំ ២០២០ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុនចំនួន ១៤៤ គម្រោងក្នុងនោះទុនវិនិយោគសរុបចំនួន ២,៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគចំនួន ៦៦ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយភណ្ឌ ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។

លោកបន្តថា ការចូលរួមវិនិយោគរបស់វិនិយោគិនជប៉ុននេះ ស្រតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដែលមានចក្ខុវិស័យកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញឱ្យបានត្រឹមត្រូវឆ្នាំ ២០២៥។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភារំពឹងថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្តើមការហោះហើរផ្ទាល់រវាងកម្ពុជា និងជប៉ុនឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើង។

លោក ម៉ាសាហ៊ីរ៉ុ មិខាមិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានកោតសសើរកម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសម្របសម្រួល និងសំណូមពររបស់អ្នកវិនិយោគជប៉ុនដែលបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែទាំ និងផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគគ្រប់រូប។

លោកមានជំនឿថា កម្ពុជា-ជប៉ុន នឹងសម្រេចបាននូវការឯកភាពគ្នាមួយនាពេលខាងមុខឆាប់ៗនេះ ក្នុងការសម្របសម្រួលការធ្វើដំណើរឆ្លងដែនរវាងកម្ពុជា-ជប៉ុនដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគស្របតាមស្មារតីនៃកិច្ចពិភាក្សារវាងសម្តេចតេជោ និង លោក ម៉ូតេហ្គី តូស៊ីមីសឹ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០កន្លងមកនេះ។

កម្ពុជា-ជប៉ុន បានប្តេជ្ញានឹងបន្តសហការគ្នាខិតខំដោះស្រាយចំពោះរាល់បញ្ហាដែលនៅមានសេសសល់ ជំរុញការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកបានទាន់ពេលវេលាសម្រួលបែបបទនីតិវិធីឱ្យកាន់តែសាមញ្ញ និងឆាប់រហ័ស ដើម្បីឱ្យគម្រោងវិនិយោគដែលកំពុងដំណើរការមានសកម្មភាពកាន់តែល្អប្រសើរ ធានាបានការប្រកួតប្រជែង និងភាពឈ្នះឈ្នះដែលនេះជាការចូលរួមជួយទ្រទ្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទទាក់ទង