ការធ្វើបាតុកម្មសុំដោះលែង លោក រ៉ុង ឈុន រាលដាលទៅដល់ខ្មែរនៅក្រៅប្រទេស
ពលរដ្ឋខ្មែរនៅក្រៅប្រទេសរាប់រយនាក់បានចាប់ផ្តើមធ្វើបារតុកម្មជាថ្មីទៀតនៅថ្ងៃអាទិត្យម្សិលមិញនៅ ប្រទេសកាណាដា ដោយទាមទារឲ្យតុលាការខ្មែរ ទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងលោក រ៉ុង ឈុន និង អ្នកគាំទ្រផ្សេងទៀតដែលកំពុងជាប់ឃុំទាក់ទងរឿងព្រំដែន។ នេះគឺជាបាតុកម្មលើកទី១សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសក្នុងករណីលោក រ៉ុងឈុន ខណៈនៅក្នុងស្រុកវិញ អ្នកគាំទ្របានធ្វើការតវ៉ាស្ទើររាល់ថ្ងៃតាំងពីក្រោយពេលចាប់ខ្លួន ហើយពួកគេក៏គ្រោងធ្វើបាតុកម្មរយៈពេល៩ថ្ងៃជាប់ៗគ្នានៅទីលានប្រជាធិបតេយ្យនៅសប្តាហ៍ក្រោយនេះទៀត។
ការធ្វើបាតុកម្មដែលមានការចូលរួមពីពលរដ្ឋខ្មែរ និងព្រះសង្ឃផង នៅទីក្រុង Montreal ប្រទេសកាណាដានៅថ្ងៃទី៣០សីហា២០២០នោះ គឺដឹកនាំដោយលោក សោ ចាន់ដេត អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិ។ ចំណែកបាតុកម្មដែលគ្រោងធ្វើឡើងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១៥ ខែកញ្ញាខាងមុខនៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញនោះ គឺដឹកនាំដោយក្រុមយុវជនខ្មែរថាវរៈ។
បាតុកម្មទាំងក្នុង និងក្រៅប្រទេស ជាបន្តបន្ទាប់នេះ ដើម្បីទាមទារដោះលែង លោក រ៉ុង ឈុន និងអ្នកគាំទ្រលោក៤នាក់ទៀត ក្រោយពីសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរឿងព្រំដែន។ នេះបើតាមលិខិតជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញ។
សម្រាប់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ការធ្វើបាតុកម្មគឺជាសិទ្ធិរបស់ពលរដ្ឋ ប៉ុន្តែត្រូវធ្វើឡើងឲ្យស្របទៅតាមច្បាប់។ តែយ៉ាងណាក៏ដោយអាជ្ញាធរនៅមិនទាន់សម្រេចថាឲ្យធ្វើបាតុកម្មទៅតាមផែនការឬក៏អត់នោះទេ។
សូមជម្រាបថា ក្រៅពីលោក រ៉ុង ឈុន គឺមានអ្នកគាំទ្រ៤នាក់ទៀតដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់គឺមានកញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា និង លោក សួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ។ ការចាប់ខ្លួន លោក រ៉ុង ឈុន នៅយប់ថ្ងៃទី៣១ ខែកក្កដា គឺក្រោយពេលដែលលោកថ្លែងពាក់ព័ន្ធនឹងបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ។
បញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំនេះ កាលពីថ្ងៃទី២៥សីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បញ្ជាឲ្យលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះជួបប្រជាពលរដ្ឋជាក់ស្តែង ដែលអះអាងថា បាត់បង់ដីស្រែ ដោយសារតែការបោះបង្គោលព្រំដែននោះ។ បន្ថែមពីនេះ លោកប្រមុខរដ្ឋាភិបាលបានប្រកាសតាមរយៈហ្វេសប៊ុកថា នឹងបើកសិក្ខាសាលាមួយដើម្បីឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់ និងសួរអំពីរឿងព្រំដែននេះផងដែរ៕