រដ្ឋាភិបាលកាត់ផ្ទៃបឹងតោមោកជាង៣៨ហិកតាទៀត ឲ្យស្ថាប័នរដ្ឋនិងឯកជនចំនួន៥

បើ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សេចក្តីជូនដំណឹង (​ស​ជ​ណ​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​នៅ​ថ្ងៃ​ទី​០១ កញ្ញា ២០២០ បាន​បង្ហាញ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ផ្ទៃ​បឹង​តា​មោក​ជាង​៣៨​ហិ​កតា​ប្រគល់​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​០៤​ដើម្បី​សាងសង់​អគារ​ការងារ​ថ្មី​និង​កម្ម​សិ​ទ្ឋិ​ឯកជន​ចំនួន​១ ។​

​ក្រសួង​ស្ថាប័នរដ្ឋ​ដែល​ទទួល​បាន​ផ្ទៃ​បឹង​សរុប​៣០​ហិ​កតារួម​មាន​៖ ក្រសួង​អភិវឌ្ឍន៍ជនបទ​ទទួល​បាន​១៥​ហិ​កតា​(​ស​.​ជ​.​ណ​) គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន សម្រាប់​សង់​ទីស្នាក់ការ​ថ្មី​នៃ​ស្ថាប័ន​ទាំង​៣​នេះ​ចំនួន​១៥​ហិ​កតា​ ប៉ុន្តែ​អនុក្រឹត្យ​នេះ មិន​បាន​បញ្ជាក់​លម្អិត​ឡើយ​ថា​តើ​ស្ថាប័ន​នីមួយ​ៗ​ទទួល​បាន​ទំហំ​ផ្ទៃ​បឹង​ប៉ុន្មាន​នោះ​ទេ ក្នុង​ចំណោម​ផ្ទៃ​បឹង​ទាំង​១៥​ហិ​កតា​នោះ0x017d7 ។​

​ស​.​ជ​.​ណ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដដែល​ក៍បាន​បញ្ជា្ក​ក់​ទៀត​ថា ផ្ទៃ​បឹង​តា​មោក​ជាង​៨​ហិ​កតា (៨០,២៣៦​ម៉ែត្រការ៉េ​) ត្រូវ​កាត់​ឲ្យ​លោង សេង វុ​ទ្ធី ធ្វើ​ជា​កម្មសិទ្ធិ​ផង​ដែរ (​ផ្នែក​ឯកជន​)​។​

​សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៥​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កាត់​ផ្ទៃ​បឹង​តា​មោក​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ និង​ឯកជន​។​

​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃ​បឹង​តា​មោក​៣០០​ហិ​កតា ឲ្យ​ក្រសួងការពារជាតិ ដើម្បី​ចាត់ចែង​រៀបចំ​សាងសង់​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ ។​

​ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៧ មេ​សា ២០២០ បាន​សម្រេច​ថា កាត់​ផ្ទៃ​បឹង​តា​មោក​៣០​ហិ​កតា ឲ្យ​អ្នកស្រី គី​ម ហ៊ា​ង តំណាង​ក្រុមហ៊ុន គ្លូ​ប៊​ល ហៅ​ស៍ (​ខេ​ម​បូ​ឌា​) ។​

​កាលពី​ថ្ងៃ​ទី​១៣ មីនា ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ​ស​.​ជ​.​ណ ចំនួន​២​ដាច់​ដោយឡែក​ពី​គ្នា គឺ ស​.​ជ​.​ណ​១ សម្រេច​ថា រដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹង​តា​មោក​៧៥​ហិ​កតា ឲ្យ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​សួន​និង​ឧទ្យាន​ជាតិ​សាធារណៈ និង​ស​.​ជ​.​ណ​១​ទៀត សម្រេច​ថា រដ្ឋាភិបាល ផ្តល់​ផ្ទៃ​បឹង​តា​មោក​៨​ហិ​ក ទៅ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​សាងសង់​អគារ​ថ្មី និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៃ​នាយកដ្ឋាន​នេះ និង​កាលពី​ថ្ងៃ​ទី​០២ សីហា ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ​ស​.​ជ​.​ណ​សម្រេច​ថា រដ្ឋាភិបាល កាត់​ផ្ទៃ​បឹង​តា​មោក​២០​ហិ​កតា សម្រាប់​បង្កើត​ផ្សារ​ផ្គត់ផ្គង់​បន្លែ និង​ធ្វើ​ជា​កន្លែង​ចត​រថយន្ត​។​

​បឹង​តា​មោក​ឬ​បឹង​កប់​ស្រូវ ដែល​ស្ថិត​នៅ​ខាងជើង​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ផ្ទៃ​សរុប​ជាង​៣,២​ពាន់​ហិ​កតា​។ នេះ​បើ​តាម​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្តី​ពី​ការ​កំណត់​ផ្ទៃ​បឹង​តា​មោក ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​

​យោង​តាម​ស​.​ជ​.​ណ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី និង​អនុក្រឹត្យ​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​ចេញ​ជា​បន្តបន្ទាប់ មក​ដល់​នា​ពេល​នេះ ផ្ទៃ​បឹង​តា​មោក ត្រូវ​បាន​កាត់​៥​លើក​ហើយ ដែល​សរុប​មាន​ជាង​៤៦៨​ហិ​កតា ក្នុង​ចំណោម​ផ្ទៃ​បឹង​ទាំងមូល​ជាង​៣,២​ពាន់​ហិ​កតា​។​

​យ៉ាងណា ការ​អភិវឌ្ឍ​ឬ​ការ​កសាង​សំណង់​ណាមួយ លើ​ផ្ទៃ​បឹង​តា​មោក ដែល​ត្រូវ​បាន​កាត់​នោះ មិន​ទាន់​លេច​ជា​រូបរាង​នៅឡើយ​ទេ​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង