សិក្សាស្វែងយល់! កូវីដ១៩ គឺជាវិបត្តិដ៏ធ្ងន់បំផុត ដែលពិភពលោកមិនធ្លាប់បានជួប ក្រោយសង្រ្គាមលោកលើកទី២
ការឆ្លងរាលដាលកូវីដ១៩ កំពុងតែធ្វើឲ្យពិភពលោកទាំងមូល ស្ថិតនៅក្នុងការភ័យខ្លាចជាខ្លាំង។ គ្រប់គ្នាបានព្យាករទុកថា ពិភពលោកយើង នឹងជួបវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់ នឹងអ្នកឆ្លងកូវីដ១៩ បានបន្តកើនឡើងឥតឈប់ ទាំងនៅតាមបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក។ ការភ័យខ្លាច ពីការស្លាប់បាត់បង់ជីវិតមនុស្សក្នុងចំនួនច្រើន បូកបន្ថែមជាមួយនឹងការភ័យបារម្ភ ពី វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ ដែលពិភពលោកយើងនឹងជួបប្រទះចាប់ពីពេលនេះទៅ។
មេរោគកូវីដ១៩ ជាវិបត្តិដ៏ធ្ងន់របស់មនុស្សជាតិ
ធនាគារពិភពលោក បានព្យាករទុកហើយ ថាសេដ្ឋកិច្ចចិននៅឆ្នាំ២០២០នេះ អាចនឹងមានកំណើនលើសពីសូន្យតែបន្តិចប៉ុណ្ណោះ។ មហាអំណាចសេដ្ឋកិច្ច មានចិន អឺរ៉ុប និងអាមេរិក សុទ្ធសឹងតែជាអ្នករងគ្រោះខ្លាំងដោយ មេរោគកូវីដ១៩នេះ។ នៅអាមេរិក មនុស្សជាច្រើនលាននាក់ បានបាត់បង់ការងាររួចទៅហើយ ប្រមាណ១សប្តាហ៍ចុងក្រោយនេះ។
យ៉ាងណាមិញ លោក អង់តូនីញ៉ូ ហ្គូតទែស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា៖ « ចាប់តាំងពីចប់សង្គ្រាមលោកលើកទី២មក ពិភពលោកយើង មិនដែលបានជួបវិបត្តិធំ ធ្ងន់ធ្ងរ ដូចវិបត្តិដែលបង្កឡើងដោយមេរោគកូវីដ១៩នេះទេ »។ លោកពន្យល់ថា វិបត្តិកូវីដ១៩នេះ ធ្ងន់ខ្លាំង គឺដោយសារ វាមានកត្តារួមផ្សំ២បញ្ចូលគ្នា គឺកត្តាសុខភាព អាយុជីវិតរបស់មនុស្ស បូកថែមជាមួយផលប៉ះពាល់ ដ៏ធំមហិមា ទៅលើសេដ្ឋកិច្ច នៅតាមបណ្តាប្រទេសទាំងអស់ គ្មាននរណាអាចរួចខ្លួនបានទេ។ វិបត្តិដ៏ធំនេះ វានឹងរុញបន្ថែមឲ្យមានកាន់តែច្រើន នូវជម្លោះក្នុងសង្គម ជម្លោះអន្តរជាតិ សង្រ្គាមហិង្សាកាប់សម្លាប់គ្នា។
លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យប្រទេសទាំងអស់ជាពិសេសប្រទេសមហាអំណាច រួមសហការគ្នា ជួយគ្នាទៅវិញទៅមក បោះបង់ចោលមហិច្ឆិតាភូមិសាស្ត្រនយោបាយ ហើយងាកមករួមគ្នាជួយសង្រ្គោះមនុស្សជាតិ ទាំងអស់គ្នា។
អង្គការសហប្រជាជាតិបង្កើត មូលនិធីពិសេស ជួយប្រទេសក្រីក្រ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសមហាអំណាច បានសន្យាបញ្ចេញទឹកប្រាក់ ជាច្រើនម៉ឺនលានដុល្លារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់គេរៀងៗខ្លួន។ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ក៏បានសន្យារួមគ្នា ដាក់ប្រាក់ប្រមាណ៥០០ម៉ឺនលានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចរបស់គេដែរ។
ក៏ប៉ុន្តែលោក អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា ការសហការគ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗ ជួយសេដ្ឋកិច្ចគេរៀងៗខ្លួននេះ គឺមិនគ្រប់គ្រាន់ទេ។ គេត្រូវការជាចាំាបាច់នូវវិធានការសកល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃមេរោគកូវីដ១៩ ហើយបន្ទាប់មកទៀត ត្រូវជួយផ្នែកសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រោះវិបត្តិសេដ្ឋកិច្ចលើកនេះធ្ងន់ខ្លាំងណាស់។
អ្វីដែលគេព្រួយបារម្ភបំផុត គឺប្រទេសក្រីក្រ ប្រទេសដែលមានប្រាក់ចំណូលតិច។ មានប្រជាជនប្រមាណជាង៦ពាន់លាននាក់ ដែលជាអ្នករកប្រាក់ចំណូលប្រចាំថ្ងៃ បានពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សេដ្ឋកិច្ចសកលលោកមានវិបត្តិ រោងចក្រលែងដំណើរការ បាត់បង់ការងារ អ្នកលក់ដូរតូចតាច ដែលរកចំណូលបានមួយថ្ងៃគ្រាន់ហូបមួយថ្ងៃ គឺពួកគេទាំងអស់នេះហើយ ដែលជាអ្នករងគ្រោះខ្លាំងបំផុត។
កាលពីថ្ងៃអង្គារទី៣១មីនា អង្គការសហប្រជាជាតិ បានប្រកាសពីការ បង្កើតមូលនិធិពិសេសមួយ ដែលមានកម្មវត្ថុជួយប្រទេសក្រីក្រ។ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា បន្ថែមពីលើជំនួយហិរញ្ញវត្ថុ ដែលប្រទេសអ្នកមានជួួយប្រទេសក្រីក្រ គឺគេត្រូវរិះរកវិធានការហិរញ្ញវត្ថុថ្មីៗ ផ្សេងទៀត ដើម្បីជួយឲ្យប្រទេសក្រីក្រ អាចទប់ទល់ឈ្នះជាមួយនឹងវិបត្តិដ៏ធំនេះ។ អង្គការសហប្រជាជាតិ បានអំពាវនាវសុំឲ្យ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20 ត្រូវរួមសហការគ្នាជួយប្រទេសក្រីក្រផង។
វិធានការហិរញ្ញវត្ថុជួត និងលប់បំណុល ពីប្រទេសក្រីក្រ
ឆ្លងកាត់ការប្រជុំបន្ទាន់ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសG20 កាលពីថ្ងៃអង្គារ គេបានសម្រេច ថានឹងដាក់ចុះនូវយន្តការហិរញ្ញវត្ថុមួយចំនួន ជួយដល់ប្រទេស ដែលមានសេដ្ឋកិច្ចទន់ជ្រាយ ងាយរងគ្រោះ។ វិធានការជួយនេះ គឺទាក់ទិនទៅនឹង ការផ្តល់កម្ចី និងការលើកលែងការប្រាក់ ឬអាចលប់បំណុលខ្លះ ដែលមានស្រាប់ជាដើម។ តែក្នុងទំហំប៉ុន្មាន គឺមិនទាន់ដឹងទេ។
ដោយឡែក លោក Richard Kozul-Wright មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ បានលើកឡើងថា បើប្រទេសG20 ចង់ជួយប្រទេសក្រីក្រពិតប្រាកដ ដូចអ្វីដែលខ្លួនប្តេជ្ញាមែននោះ គឺត្រូវតែចេញវិធានការឲ្យជាក់ស្តែង ឆ្លើយតបទៅនឹងទំហំនៃតម្រូវការ។
យោងតាមរបាយការណ៍សិក្សា របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅ គឺគេត្រូវការប្រាក់ប្រមាណ១៥០ម៉ឺនលានដុល្លារដើម្បីជួយសេដ្ឋកិច្ចប្រទេសក្រីក្រ បូកបន្ថែមនឹងការលុបបំណុល ក្នុងទំហំប្រមាណ១០០ម៉ឺនលានដុល្លារ ក្នុងឆ្នាំ២០២០នេះ។ ពុំនោះទេ ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសមានចំណូលទាបនិងមធ្យម ពិតជាមិនអាចដោះស្រាយបញ្ហាជម្ងឺឆ្លង និងបញ្ហាសេដ្ឋកិច្ចបានទេ៕ ប្រភទ៖RFI