Facebook ឆ្លើយតបទៅរដ្ឋាភិបាលអូស្ត្រាលី! Facebookគំរាមបិទមិនឲ្យចែកចាយព័ត៌មាន បើសិនអូស្ត្រាលីធ្វើច្បាប់ តម្រូវឲ្យបង់ប្រាក់ទៅបណ្តាញព័ត៌មាន
សង្រ្គាមពាក្យសំដីកំពុងតែកើតមាន រវាងរដ្ឋាភិបាលអូស្ត្រាលី និងក្រុមហ៊ុនបណ្តាញសង្គម Facebookដ៏មានឥទ្ធិពលបំផុត។ អូស្ត្រាលី មានគម្រោងធ្វើច្បាប់ថ្មីមួយ ដែលសំដៅតម្រូវឲ្យក្រុមហ៊ុនFacebook ក៏ដូចជាGoogle ត្រូវបង់ប្រាក់ ជូនបណ្តាញសារព័ត៌មាននៅអូស្ត្រាលី ព្រោះអត្ថបទ និងវីដេអូព័ត៌មានរបស់ពួកគេ ត្រូវFacebook និង Google ចែកចាយបន្ត លោតចេញតាមទំព័ររបស់អ្នកប្រើប្រាស់។ Facebook មិនត្រឹមតែរិះគន់បដិសេធគម្រោងច្បាប់នេះទេ ថែមទាំងបានគំរាម ថានឹងបិទ លែងឲ្យអ្នកប្រើប្រាស់នៅអូស្ត្រាលី អាចចែករំលែកបន្ត នូវអត្ថបទរបស់បណ្តាញព័ត៌មានអូស្ត្រាលី ថែមទៀតផង។
ត្រូវបង់ប្រាក់ឲ្យបណ្តាញសារព័ត៌មាន ដែលគេយកទៅចែកចាយបន្តលើបណ្តាញសង្គម៖ អ្នកដែលផ្តួចផ្តើមធ្វើគម្រោងច្បាប់នេះ គឺលោក Rod Sims ប្រធានគណកម្មការទទួលបន្ទុកការប្រកួតប្រជែង និងការប្រើប្រាស់ នៅអូស្ត្រាលី។ គំនិតដំបូងនោះ គឺគេចង់បង្កើតឲ្យមាន “បទដ្ឋានទូទៅថ្មីមួយ” សម្រាប់អនុវត្តនៅលើវិស័យបច្ចេកវិទ្យាបណ្តាញសង្គម ដើម្បីការពារផលប្រយោជន៍នៃស្ថាប័ន ក៏ដូចជាការងាររបស់បណ្តាញសារព័ត៌មាននៅអូស្ត្រាលី។
ឆ្លងកាត់ការដោះដូរយោបល់ ពិភាក្សាគ្នា ជាមួយតំណាងភាគីពាក់ព័ន្ធ និងមតិសាធារណៈអូស្ត្រាលី អស់រយៈពេលប្រមាណ១ឆ្នាំកន្លះ ទីបំផុតទៅគណកម្មការនេះ បានសម្រេចរៀបចំវាធ្វើជាអត្ថបទច្បាប់ថ្មីតែម្តង ដើម្បីឲ្យមានកម្លាំងចាប់បង្ខំផ្នែកគតិយុត្តិ។ ជាបឋម គម្រោងច្បាប់ថ្មីនេះ គឺមានកម្មវត្ថុ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ២ ដែលគ្រប់គ្រងបណ្តាញសង្គមសឹងតែទាំងស្រុង គឺ Facebook និង Google ថាត្រូវតែរៀបចំឲ្យមានតម្លាភាពឡើង នៅក្នុងប្រព័ន្ធបច្ចេកវិទ្យា Algorithme របស់ខ្លួននីមួយ។ គឺប្រព័ន្ធនេះហើយ ដែលជាអ្នកបញ្ជូនចែកចាយចេញ នូវវីដេអូ ឬអត្ថបទព័ត៌មាននានា របស់បណ្តាញសារព័ត៌មាន។
នៅក្នុងន័យនេះដែរ គម្រោងច្បាប់នេះ នឹងដាក់កំហិត ឲ្យ Facebook និង Google ត្រូវតែបង់ប្រាក់ ជូនបណ្តាញព័ត៌មានអូស្ត្រាលី ព្រោះខ្លួនបានចែកចាយអត្ថបទ ក៏ដូចជាវីដេអូ ឬសម្លេងព័ត៌មានរបស់គេ នៅលើបណ្តាញរបស់ខ្លួន។ Facebook Google ក៏បានចំណូលពីការផ្សាយពាណិជ្ជកម្មផងដែរ ជាមួយនឹងការចែកចាយខ្លឹមសារ ដែលជាស្នាដៃការងារ របស់បណ្តាញសារព័ត៌មានអូស្ត្រាលី។
Facebook គំរាមបិទការចែករំលែកអត្ថបទព័ត៌មាន៖ Facebook មិនមែនត្រឹមតែបដិសេធគម្រោងច្បាប់នេះទេ តែថែមទាំងបានគំរាមបកទៅវិញថា បើសិនជាអូស្ត្រាលីចេញច្បាប់នេះមែន នោះក្រុមហ៊ុនFacebook នឹងបិទ លែងឲ្យអត្ថបទព័ត៌មានរបស់បណ្តាញសារព័ត៌មានអាចលោតចេញនៅលើFacebook និង Instagram។ មានន័យថា អ្នកប្រើFacebook និង Instagram នៅអូស្ត្រាលី លែងអាចចែករំលែកអត្ថបទព័ត៌មានបានទៀតហើយ មិនថាដំណឹងក្នុងស្រុក ឬដំណឹង អន្តរជាតិ។
លោក Will Easton អគ្គនាយកFacebookប្រចាំអូស្ត្រាលី បានលើកឡើងថា អ្នកធ្វើគម្រោងច្បាប់នេះ គឺគ្មានការយល់ដឹងទាល់តែសោះ ចំពោះសន្ទុះ និងដំណើការទូទៅនៃប្រព័ន្ធបច្ចេកវិទ្យាបណ្តាញសង្គម។ ការចង់ចាប់បង្ខំឲ្យFacebook ផ្តល់ប្រាក់កម្រៃដល់បណ្តាញព័ត៌មាន គឺវាមិនមែនជួយបណ្តាញសារព័ត៌មានទេ តែគឺវានឹងផលលំបាកដល់បណ្តាញសារព័ត៌មានទៅវិញទេ។
តំណាងFacebook រូបនេះបន្ថែមថា អ្វីដែលចម្លែក និងមិនសមហេតុផលបំផុតនោះ គឺគេចង់បង្ខំឲ្យFacebook ជូនប្រាក់កម្រៃទៅឲ្យបណ្តាញសារព័ត៌មាន ទាំងដែលតាមពិត គឺបណ្តាញសារព័ត៌មានទាំងនោះ ដែលជាអ្នកបើកផ្លូវ ឬក៏ជាអ្នកដាក់និងចែករំលែកអត្ថបទព័ត៌មានរបស់ខ្លួនឯង នៅលើFacebook ចង់ចែកចាយប៉ុន្មានក៏បានតាមចិត្ត។ Facebook មិនបានទៅបង្ខំ ឬតម្រូវឲ្យចែករំលែកទេ។
លោកពន្យល់ថា តាមការពិត Facebook បានចំណូលតិចណាស់ ពីការចែកចាយបណ្តាញព័ត៌មានទាំងនោះ។ ផ្ទុយទៅវិញ គឺបណ្តាញព័ត៌មានអូស្ត្រាលីទៅវិញទេ ដែលត្រូវអរគុណFacebook ព្រោះដោយសារFacebook ទើបអត្ថបទ សម្លេង ឬវីដេអូព័ត៌មានរបស់គេ អាចចូលជ្រាបទៅមជ្ឈដ្ឋានមនុស្សទូទៅច្រើន។
Google វិញក៏បានរិះគន់ បដិសេធគម្រោងច្បាប់របស់អូស្ត្រលីនេះដែរ។ Google ដែលជាម្ចាស់ Youtube បានបង្កើតសារ pop-ups លោតនៅលើគ្រប់បណ្តាញរបស់ខ្លួន នៅអូស្ត្រាលី ដើម្បីផ្ញើសារពញ្ញាក់ស្មារតី អ្នកប្រើប្រាស់នៅអូស្ត្រាលី ថា ការប្រើប្រាស់បណ្តាញរបស់Google នៅអូស្ត្រាលី កំពុងតែរងការគម្រាមកំហែង។ Google ក៏បានពន្យុះឲ្យអ្នកលេង Youtube ទាំងអស់ទូទាំងពិភពលោក ចូលរួមតវ៉ា ប្រឆាំងនឹងគម្រោងច្បាប់អូស្ត្រាលីនេះដែរ។
អូស្ត្រាលី មិនចុះញ៉ម៖ លោក Josh Frydenbergs រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្ត្រាលីបាន លើកឡើងថា គម្រោងច្បាប់នេះ មិនមែនរដ្ឋាភិបាលអូស្ត្រាលី រកនឹកធ្វើតែម្នាក់ឯងទេ។ តែវាជាការដោះដូរពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ និងមតិមហាជនអូស្ត្រាលី។ ច្បាប់នេះសំដៅការពារ បណ្តាញសារព័ត៌មានអូស្ត្រាលី ដែលកំពុងតែរងផលវិបាកខ្លាំង ដោយសារតែអ្វីៗ ដូចជាចំណូលផ្សាយពាណិជ្ជកម្មជាដើម ត្រូវបានបណ្តាញសង្គម ដូចជា Facebook និង Google នេះ ស្រូបយកទៅទាំងអស់។ លោកបន្ថែមថា ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី លោកមិនចង់ឆ្លងឆ្លើយជាមួយនឹងពាក្យសំដីគំរាមធ្ងន់ៗ និងការដាក់សំពាធ ពីសំណាក់Facebook ទេ។
ចំណែកលោក Rod Sims នាយកគណកម្មការអូស្ត្រាលី ដែលជាអ្នកផ្តួចផ្តើមគម្រោងច្បាប់នេះ បានប្រតិកម្មថា ការគំរាមរបស់ Facebook គឺជារឿងមួយ មិនត្រូវនឹងកាលៈទេសៈ ហើយខ្វះស្មារតីស្ថាបនា។តាមរយៈសំដីប្រតិកម្មទាំងនេះ គឺសម្រាប់ពេលនេះ ភាគីរដ្ឋាភិបាលអូស្ត្រាលី មិនទាន់រាថយ ខ្លាចFacebookទេ។
ប្រទេសផ្សេងកំពុងរងចាំតានដានគម្រូអូស្ត្រាលី៖ បើសិនជាគម្រោងច្បាប់នេះចេញមែន គឺមានន័យថាអូស្ត្រាលី ជាប្រទេសដំបូងគេហើយ ក្នុងពិភពលោក ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបណ្តាញសង្គម Facebook និង Google ត្រូវបង់ប្រាក់កម្រៃ ឲ្យដល់បណ្តាញសារព័ត៌មាន។ សម្រាប់ជំហានដំបូង គម្រោងច្បាប់នេះ សំដៅតែទៅលើបណ្តាញបច្ចេកវិទ្យា របស់ក្រុមហ៊ុនធំៗទាំង២នេះទេ។ បើជោគជ័យ អូស្ត្រាលី អាចនឹងពង្រីកអនុវត្តវា ទៅលើបណ្តាញសង្គម និងគេហទំព័រអ៊ីនធ័រណិត ផ្សេងៗទៀត។
តាមពិតទៅ ប្រមាណ១០ឆ្នាំចុងក្រោយនេះ បណ្តាញសារព័ត៌មាន នៅទូទាំងពិភពលោក បានបាត់បង់ឥទ្ធិពល និងប្រាក់ចំណូលខ្លាំងណាស់ ព្រោះថាបណ្តាញសង្គមដូចជា Facebook Youtube នេះ បានស្រូបយកទីផ្សារ យកអត្ថបទទៅចែកចាយបន្ត ហើយអ្នកប្រើប្រាស់ទូទៅ មិនបានទៅស្វែងរកព័ត៌មាន ពីប្រភពដើមដំបូងទេ គឺគេមើលនៅតែលើ Facebook និងYoutube តែប៉ុណ្ណោះ។ មហាក្រុមហ៊ុនយក្សទាំង២នេះ បានកើបប្រាក់ចំណេញមិនតិចទេ។ ដូច្នេះហើយ បានជាគម្រោងរបស់អូស្ត្រាលីនេះ ត្រូវបានប្រទេសជាច្រើនផ្សេងទៀត យកចិត្តទុកដាក់តាមដានដែរ ក្រែងអាចយកធ្វើជាគម្រូបាន ដើម្បីស្រោចស្រង់វិស័យសារព័ត៌មាន៕