កីឡដ្ឋានកម្ពុជា នឹងត្រៀមធ្វើWorld Cup នៅឆ្នាំ២០៣៤ បន្ទាប់ពីធ្វើស៊ីហ្គេមនៅឆ្នាំ២០២៣
ស្របពេលកម្ពុជាកំពុងសម្រុកសាងសង់កីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ កីឡដ្ឋានដ៏ធំអស្ចារ្យនេះក៏ត្រៀមស្វាគមន៍ព្រឹត្តិការណ៍ FIFA World Cup 2034 ដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ានគ្រោងចាប់ដៃគ្នា រៀបចំគម្រោងដេញថ្លៃធ្វើសហម្ចាស់ផ្ទះនាឆ្នាំ២០៣៤ ផងដែរ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យបច្ចេកទេសសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ថ្លែងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីដំឡើងថាសកៅអីបេតុងចុងក្រោយកាលពីម្សិលមិញ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា កីឡដ្ឋានដ៏ធំប្រណិតជាហិរញ្ញប្បទានឥតសំណង របស់រដ្ឋបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសាងសង់ក្នុងគោលដៅសំខាន់ត្រៀមពិធីបើក-បិទការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងការប្រកួតកីឡាបាល់ទាត់ជាដើម។ តែលើសពីនេះកីឡដ្ឋាននេះក៏អាច ជាកីឡដ្ឋានដែលកម្ពុជាត្រៀមទទួលព្រឹត្តិការណ៍ FIFA World Cup 2034 ដែលអាស៊ានដាក់គម្រោងដេញថ្លៃក្នុងឆ្នាំ២០៣៤ ដែរ។
គួរដឹងថា ការគូសបញ្ជាក់របស់ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗអាស៊ាន បានប្រកាសគ្រោងធ្វើការដេញថ្លៃរួមគ្នា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនាឆ្នាំ២០៣៤ កាលពីខែមិថុនាកន្លងទៅ ហើយការប្រកាសនេះក៏ទទួលបានការគាំទ្រពេញទំហឹង ពីប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ឯកឧត្ដម ខៀវ សាម៉េត ដែលគាំទ្រ និងចង់ឃើញអាស៊ានរួមគ្នាសាងប្រវត្តិសាស្ត្រក្នុងបាល់ទាត់នេះដែរ។
សូមបញ្ជាក់ថា កីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានក្រុមហ៊ុនសាងសង់ចាត់ទុកជាកីឡដ្ឋានដ៏ធំឆើតឆាយ ស្តង់ដារ និងមានក្បូរក្បាច់រចនាស្អាតជាងគេក្នុងចំណោមកីឡដ្ឋាន ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាចំនួន ៦ម៉ឺននាក់ តែករណីមានអាសន្នគឺប្រើពេលតែ ៧នាទីប៉ុណ្ណោះដើម្បីជម្លៀសអ្នកគាំទ្រទាំងអស់។ លើសពីនេះក៏មានសណ្ឋាគារ ៣៤បន្ទប់ ផ្សារទំនើប កន្លែងកម្សាន្ត និងហ្វឹកហាត់កីឡាមួយចំនួនទៀតផង៕