ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុននៅសៀមរាបនឹងធ្វើតាមការគ្រោងទុក
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរដែលគ្រោងធ្វើឡើងនាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ក្រោមបរិបទថ្មី ដែលទម្រង់នៃការរៀបចំអាចខុសពីឆ្នាំមុនៗ ដោយសារគណៈកម្មការរៀបចំការប្រកួត នឹងកាត់បន្ថយចំនួនអ្នកចូលរួម និងកម្មវិធីធំៗមួយចំនួន ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា លោកកំពុងរិះរកវិធានការធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះអាចប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព ។ លោកបញ្ជាក់ថា យើងរៀបចំ ប៉ុន្តែរៀបចំតាមរបៀបថ្មី និងកាត់បន្ថយកម្មវិធីពី៦០ទៅ៧០ភាគរយ ។
ការធ្វើបែបនេះ គឺដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុងទទួលរងរលកឆ្លងទីពីរពីព្រឹត្តិការណ៍ថ្ងៃ៣ វិច្ឆិកា។ លោក វ៉ាត់ ចំរើន បានពន្យល់ថា ការរៀបចំតាមរបៀបថ្មី គឺចង់សំដៅដល់ការរៀបចំដោយមានការចាត់វិធានការការពារ និងគោរពតាមវិធាន ឬគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ពោលគឺធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់។
គួរឱ្យដឹងផងដែរថា បច្ចុប្បន្នការចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន ដ្បិតគណៈកម្មការរៀបចំចង់កំណត់ចំនួនអ្នកចូលរួម ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំ និងគ្រប់គ្រង។ ប៉ុន្តែបើតាមលោក វ៉ាត់ ចំរើន ការចុះឈ្មោះនឹងបើកឡើងវិញនៅសប្តាហ៍ក្រោយ បើសិនការធ្វើតេស្តរកកូវីដ-១៩ របស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា អវិជ្ជមានទាំងលើកទី៣ និងទី៤។
ព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌នានា ។ ការទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប និងបំផុសស្មារតីឲ្យប្រជាពលរដ្ឋស្រលាញ់បរិស្ថាន ក៏ស្ថិតក្នុងគោលបំណងរបស់ព្រឹត្តិការណ៍នេះដែរ។
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍ធំៗចំនួនពីរត្រូវបានលុបចោល ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិភ្នំពេញ និងការរត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិអង្គរនៅខេត្តសៀមរាប ៕