លោក ជិន ម៉ាលីន ថាសង្គមស៊ីវិលចង់កែច្បាប់ មកពីគិតប្រយោជន៍ផ្ទាល់ខ្លួន

ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មី​ៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា សំណើ​របស់​សង្គម​ស៊ី​វិល ដែល​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​ចង់បាន​តែ​សិទ្ធិ​សេរីភាព ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ​។ លោក ថ្លែង​ថា​៖«​ការ​ចង់បាន​សេរីភាព គិត​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ធ្វើ​របាយការណ៍​ដល់​រដ្ឋាភិបាល ដូច​ជា​របាយការណ៍​ហិរញ្ញវត្ថុ គឺ​ខ្វះ​ការ​ទទួលខុសត្រូវ​។ កន្លង​មក​អាច​ធ្វើ​របាយការណ៍​ឲ្យ​ម្ចាស់​ជំនួយ​បាន ហេតុ​អ្វី​របាយការណ៍​ដល់​រដ្ឋាភិបាល​មិន​បាន​!»​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លើក​ឡើង​ថា របាយការណ៍​ហិរញ្ញវត្ថុ​និង​របាយការណ៍​ផ្សេង​ៗ​ដែល​ត្រូវ​រាយការណ៍​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើ​ឡើង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។​
​លោក លោក យង់ គិ​ម​អេ​ង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បាន​ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មី​ៗ តាម​ទូរស័ព្ទ​ដែរ​នោះ បកស្រាយ​តប​ទៅ​វិញ​ថា កន្លង​មក​ក្នុង​ការ​ជួប​ពិភាក្សា​គ្នា ឬ​នៅ​ក្នុង​សំណើ​ក្ដី ភាគី​សង្គម​ស៊ី​វិល មិន​ដែល​ទាមទារ​ប្រការ​ណាមួយ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។​

​លោក យង់ គិ​ម​អេ​ង អធិប្បាយ​ថា​៖«​សង្គម​ស៊ី​វិល​ស្នើ​លុបមាត្រា​ចំនួន​២ គឺ​មាត្រ​២៤ និង​មាត្រា​៣២​។ មាត្រា​ទាំង​២​នេះ ពាក់​នឹង​អព្យាក្រឹតភាព​និង​ការ​ដាក់​ទោសទណ្ឌ វា​មិន​ទំនង ពាក់ព័ន្ធ​ការ​ជូនដំណឹង លក្ខខណ្ឌ​នៃ​សកម្មភាព ការ​ផ្លាស់​ប្ដូរ​ប្រធាន ទីតាំង និង​ផ្នែក​ហិរញ្ញវត្ថុ​ជាដើម​…​។ បើ​អត់​ជូនដំណឹង​គឺ​អាច​មានទោស​ទណ្ឌ ហើយ​លុប​សមាគម​ឬ​អង្គការ​ចេញ វា​ជា​រឿង​ធ្ងន់ធ្ងរ ហើយ​វា​ជា​រឿង​ផ្ទៃក្នុង​របស់​អង្គការ​សុទ្ធ​។ បើ​មិន​ជូនដំណឹង​វា​ខូច​តែ​ផលប្រយោជន៍​របស់​ផ្ទៃក្នុង​នៃ​អង្គការ​ហ្នឹង​ទៅ កាលណា​រដ្ឋ​លូកដៃ​ផ្ទៃក្នុង​អ៊ីចឹង វា​ធ្វើ​ឲ្យ​សមាគម អង្គការក្រៅរដ្ឋាភិបាល បាត់​ឯករាជ្យ​ភាព​»​។​

​លោក បន្ថែម​ថា បើ​រដ្ឋ​សង្ស័យ​អង្គការ​ណាមួយ​មាន​ភាព​មិន​ប្រក្រតី ពិសេស​ផ្នែក​ហិរញ្ញវត្ថុ រដ្ឋាភិបាល​អាច​ឲ្យ​តុលាការ​ស៊ើបអង្កេត​បាន ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​មានការ​ជូនដំណឹង​ផ្ទៃក្នុង​គ្រប់​រឿង​របស់​អង្គការ​សង្គម​ស៊ី​វិល​ទៅ​រដ្ឋ​ឡើយ​។​

​លោក សង្កត់ធ្ងន់​ថា អង្គការ​សង្គម​ស៊ី​វិល​មិន​ដែល​បាន​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ គឺ​គិតតែ​ប្រយោជន៍​សាធារណៈ ធ្វើ​យ៉ាង​ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​បង្កើត​អង្គការ​ឬ​សមាគម​អាច​ចូលរួម​ធ្វើ​កិច្ច​ការងារ​ជាមួយ​រដ្ឋាភិបាល​។ យ៉ាងណា​ក៏​ដោយ លោក សង្ឃឹមថា ភាគី​រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​សង្គម​ស៊ី​វិល ចូលរួម​ពិភាក្សា​ក្នុង​ដំណើរការ​វិសោធនកម្ម​ច្បាប់​នេះ​។​

​លោក ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ អះអាង​ថា ក្រសួង​បាន​ពិនិត្យ​សំណើ​របស់​អង្គការ​សង្គម​ស៊ី​វិល​ហើយ ប៉ុន្តែ​នៅ​ត្រូវការ​ពេល​វា​លា​បន្ថែម​ទៀត ដើម្បី​ឲ្យ​ក្រុមការងារ​ជជែក​គ្នា​បន្ថែម​។ លោក មាន​ប្រសាសន៍​ថា​៖«​ក្រុមការងារ​នឹង​ជជែក​គ្នា​បន្ត​ទៀត ហើយ​ពិនិត្យ​ថា​ត្រូវ​យក​មាត្រា​ណាខ្លះ​មក​វិសោធនកម្ម​។ នៅ​ពេល​ចេញ​សេចក្ដី​កែប្រែ​ចំណុច​ណា​ហើយ [​ក្រសួង​] នឹង​ដាក់​ជា​សាធារណៈ ដើម្បី​ឲ្យ​មាន​ជជែក​គ្នា​បន្ត​ទៀត ទើប​បញ្ជូន​ទៅ​សម្រេច​ចេញ​ជា​ច្បាប់​ផ្លូវការ​»

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង