សំណុំរឿងលោក រ៉ុង ឈុន កម្រើកជាថ្មីតាមរយៈសំណើររបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ឃុំខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមជាង១០នាក់ផ្សេងទៀត។ នេះបើតាមលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់លោកស្រីកាលពីថ្ងៃទី១៧តុលា។ តែក្រសួងការបរទេសនៅមិនទាន់ឆ្លើយតបបែបណានៅឡើយ។
ក្រៅពីករណីចាប់ខ្លួន លោក រ៉ុង ឈុន ក្រុមអ្នកជំនាញ អ.ស.ប ក៏បានស្នើសុំនូវព័ត៌មានបន្ថែមអំពីភាពត្រូវគ្នានៃការចាប់ខ្លួន ជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល រាប់ទាំង ការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួន អំពីមូលហេតុនៃការចាប់ខ្លួនពួកគេ។
បើតាមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិរបៀបនៃការចាប់ខ្លួន និងឃុំខ្លួនសកម្មជនសង្គមកន្លងមកនេះ គឺមិនស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈនោះឡើយ។
ក្រៅពីបញ្ហាទាំងនោះ ក្រុមអ្នកជំនាញ អ.ស.ប បានស្នើសុំព័ត៌មានបន្ថែមអំពីរបៀបនៃការបំបែកការជួបប្រជុំដោយសន្តិវិធី នៅថ្ងៃទី ០៣ និង ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០។
បើតាមក្រុមអ្នកជំនាញដដែលនេះ ការជួបជុំនោះ គឺស្របតាមកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋាភិបាល ដែលមានចែងក្នុងមាត្រា ២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិសិទ្ធិនយោបាយ (ICCPR) និងច្បាប់កម្ពុជា ដែលធានាការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម។
យ៉ាងណាក៏ដោយក្រសួងការបរទេសកម្ពុជានៅមិនទាន់ឆ្លើយតបបែបណានៅឡើយ។ តែតំណាងកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ កាលពីខែកញ្ញាធ្លាប់ បានឆ្លើយតបម្តងហើយថា ប្រទេសកម្ពុជា ពុំអនុញ្ញាតឲ្យមានការចាប់ខ្លួនតាមអំពើចិត្តនោះឡើយ ហើយថាការចាប់ខ្លួនសកម្មជនដែលតវ៉ាកន្លងមកនោះ គឺជាការអនុវត្តច្បាប់នៅកម្ពុជា។
សូមជម្រាបថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានស្នើឲ្យក្រសួងការបរទេសកម្ពុជាបំភ្លឺលើការចាប់ខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមផ្សេងទៀតនោះ គឺមានអ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិ។ ក្រុមការងារស្តីពីការឃុំខ្លួនដោយបំពាន។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងបង្កើតសមាគម ។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។
គួរំឭកដែរថា លោក រ៉ុង ឈុន ត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ កក្កដា បន្ទាប់មកតុលាការសម្រេចឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗក្រោយពីលោកនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋានៅក្រៅប្រទេសថា វៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ។ ជាបន្តបន្ទាប់នៅមានសកម្មជនសង្គមជាង១០នាក់ទៀតត្រូវចាប់ឃុំខ្លួនផងដែរ បន្ទាប់ពីពួកគេធ្វើបាតុកម្ម ទាមទារឱ្យដោះលែងលោក រ៉ុង ឈុន៕ ប្រភព៖ RFI