នយោបាយអែបកៀនសិន! លោក កឹម សុខា បន្តចុះចែកអំណោយ បន្ទាប់ពី លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរសម្រួលការងារនេះ
លោក កឹម សុខា នៅព្រឹកថ្ងៃសៅរ៍នេះបានបន្តសកម្មភាពចុះចែកអំណោយដល់ប្រជាជនរាប់រយគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សកម្មភាពមនុស្សធម៌របស់ប្រធានអតីតបក្សប្រឆាំងរូបនេះ អាចធ្វើទៅបាន គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ បានបញ្ជាដល់គ្រប់អាជ្ញាធរខេត្តទូទាំងប្រទេស ឲ្យបង្កលក្ខណៈងាយស្រួលដល់ លោក កឹម សុខា ក្នុងការចុះជួយ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ដោយមិនប្រកាន់និន្នាការនយោបាយ។
ទឹកដីខណ្ឌដង្កោដែលបានរងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ហូរចាក់ចូលពីស្ទឹងព្រែកត្នោត នោះគឺជាគោលដៅថ្មីបំផុតរបស់ លោក កឹម សុខា ក្នុងការចែកអំណោយដែលបានថវិកាពីក្រៅប្រទេស ដើម្បីទិញអង្ករ មី និងតង់ ជាដើម ចែកដល់ប្រជាជនដែលងរងគ្រោះ ក្រោយពីសកម្មភាពដូចគ្នានេះ ត្រូវបានលោកធ្វើជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តព្រះសីហនុ ខណៈខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋានឃុំមួយបានរារាំងសកម្មភាពនេះ។
បន្ទាប់ពីមានការរារាំងយ៉ាងដូច្នេះទៅលើសកម្មភាពមនុស្សធម៌របស់លោក កឹម សុខា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃសុក្រ បានបញ្ជាផ្ទាល់មាត់តាមរយៈបណ្តាញសង្គមឲ្យអាជ្ញាធរខេត្តទូទាំងប្រទេស ឲ្យបង្កលក្ខណៈងាយស្រួលដល់លោក កឹម សុខា និងអ្នកនយោបាយឯទៀត ក្នុងការចុះជួបនិងជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។ នេះបើយោងតាមសារជាសំឡេងរបស់ លោក ហ៊ុន សែនដែលបញ្ជូនទៅកាន់អាជ្ញាធរខេត្តទូទាំងប្រទេសដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបានកាលពីថ្ងៃសុក្រ។
កាលពីថ្ងៃទី១៥តុលា អាជ្ញាធរ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរារាំងមិនឲ្យក្រុមលោក កឹម សុខា ចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅទីនោះទេ ដោយអះអាងថាមានក្រុមការងារមនុស្សធម៌ផ្សេងទៀតត្រូវចុះចែកអំណោយនៅទីនោះក្នុងថ្ងៃជាមួយគ្នាដែរ។
សម្រាប់ លោក មាជ សុវណ្ណរ៉ា ដែលបានរួមដំណើរជាមួយ លោក កឹម សុខា ចុះចែកអំណោយដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា ចាត់ទុកថា«វាជាការហួសហេតុ ការយល់ដឹងរបស់អាជ្ញាធរមូលដ្ឋានមានកម្រិត ចែកមិនដាច់រវាងកិច្ចការមនុស្សធម៌ក្នុងគ្រោះគ្រាអាសន្ន ទៅនឹងនិន្នាការនយោបាយ ពោលពួកគាត់នៅមានការរើសអើង»។ ប្រភព៖ RFI
បើតាមគម្រោង លោក កឹម សុខា នឹងវិលទៅចែកអំណោយដល់ប្រជាជនរងគ្រោះនៅឃុំចំណោមស្រុកមង្គលបូរី ឡើងវិញនៅពេលខាងមុខ៕