ផែនទីព្រំដែនខ្នាត១/២៥០០០នឹងត្រូវយកទៅតម្កល់នៅអង្គការសហប្រជាជាតិ

ផែនទី​លេខា​ព្រំដែន​ខ្នាត ១/២៥ ០០០ ដែល​ជា​ផែនទី​ថ្មី ទើបនឹង​បោះពុម្ព​រួច​ជាមួយ​វៀតណាម នឹង​ត្រូវ​យក​ទៅ​តម្កល់​ទុក​នៅ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នា​ពេល​ខាង​មុខ​នេះ ។​

​នេះ​បើ​យោង​តាម​លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន ដែល​អះអាង​ក្នុង​ពិធី​ប្រគល់​​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៣៥ នៅ​កម្ពុជា ដើម្បី​យក​ទៅ​ប្រើប្រាស់ ហើយ​ដែល​ពិធី​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ សីហា ២០២០ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

​យ៉ាងណា​ក៍ដោយ លោក វ៉ា គឹ​ម​ហុង មិន​បាន​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ពិតប្រាកដ​ក្នុង​ការ​នាំ​យក​ផែនទី​ថ្មី​នេះ ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​នៅ​ពេល​ណា​នោះ​ទេ ។​

​កាល​ថ្ងៃ​ទី​០១ សីហា ២០២០ កម្ពុជា​-​វៀតណាម បាន​ចុះហត្ថលេខា​ជាមួយ​គ្នា ស្តី​ពី​ការ​ទទួលយក​ផែនទី​ថ្មី ដែល​មាន​មាត្រា​ដ្ឋា​ន​ឬ​ខ្នាត ១/២៥ ០០០ ទៅ​ប្រើប្រាស់​រួម​គ្នា​។ ផែនទី​នេះ ត្រូវ​បាន​បោះពុម្ព​សរុប​៥០០​ច្បាប់ ដោយ​ប្រទេស​ដា​ណឺ​ម៉ាក​។ ២៥០​ច្បាប់ ប្រគល់​មក​ឲ្យ​កម្ពុជា ហើយ​២៥០​ច្បាប់ ប្រគល់​ទៅ​ឲ្យ​វៀតណាម​។​

​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម មាន​ប្រវែង​ប្រមាណ​ជា ១២៧០ គីឡូម៉ែត្រ​។ បច្ចុប្បន្ន ប្រទេស​ទាំង​ពីរ បាន​បោះបង្គោល​ជាមួយ​គ្នា​ជា​ផ្លូវការ​សម្រេច​បាន​៨៤​ភាគរយ​ហើយ ដោយនៅ​សល់​តែ​១៦​ភាគរយ​ទៀត​ប៉ុណ្ណោះ ។

​អនុប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី បាន​បកស្រាយ​កន្លង​មក​ថា ការ​បោះពុម្ព​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺ​យក​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០ និង ផែនទី UTM ខ្នាត ១/៥០ ០០០ ធ្វើ​ជា​គោល​និង​ជា​មូលដ្ឋាន ។ បើ​តាម​អ្នកស្រី កម្ពុជា​-​វៀតណាម ចាប់ផ្តើម​ធ្វើ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ជាមួយ​គ្នា តាំងពី​ឆ្នាំ​២០០៥​មក ហើយ​ដល់​ឆ្នាំ​២០១១ ភាគី​ទាំង​ពីរ ក៏​ចុះ​កិច្ច​ព្រៀង​ជាមួយ​គ្នា ឲ្យ​ប្រទេស​ទី​៣ គឺ​ប្រទេស​ដា​ណឺ​ម៉ាក ជួយ​បោះពុម្ព​ឲ្យ​បណ្តើរ​ៗ​នូវ​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ រហូត​ដល់​បោះពុម្ព​បាន​រួចរាល់ នៅ​ឆ្នាំ​២០២០​។​

​ជា​កា​រក​កត់សម្គាល់ ទោះជា​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន ឬ រាជរដ្ឋាភិបាល​ខ្មែរ បាន​ព្យាយាម​ពន្យល់​បក​ស្រាយ​ដល់​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​ថា ការ​បោះពុម្ព​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ ជាមួយ​វៀតណាម មាន​ភាព​សុក្រឹត​និង​មិន​មានការ​បាត់បង់​ទឹកដី​យ៉ាងណា​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​នៅ​តែ​ទទួល​រង​ការ​វាយប្រហារ​​ពី​សំណាក់​អ្នកប្រឆាំង​មួយ​ចំនួន​ដដែល​ថា ការ​ទទួលយក​ផែនទី​ថ្មី​នេះ ធ្វើ​ឲ្យ​កម្ពុជា​បាត់ដី​នៅ​តំបន់​មួយ​ចំនួន​តាម​ព្រំដែន​ផង​ដែរ ។​

​លើស​ពី​នេះ អ្នកប្រឆាំង​មួយ​ចំនួន នៅ​បន្ត​ធ្វើ​អធិប្បាយ​ទៀត​ថា ការ​ប្រើប្រាស់​ផែនទី​ថ្មី​ខ្នាត ១/២៥ ០០០ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្បិត​រដ្ឋធម្មនុញ្ញ​កម្ពុជា កំណត់​ឲ្យ​ប្រើ​ផែនទី​បោ​ន​របស់​បារាំង ដែល​មាន​ខ្នាត​១/១០០ ០០០ ។​

​នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ផែនទី​ថ្មី កាលពី​ថ្ងៃ​ទី​២៧ សីហា​ដដែល​នោះ លោក​ប្រមុខ​ការពារ​ជាតិ ទៀ បាញ់ បាន​ចាត់​ទុក ការ​បោះពុម្ព​ផែនទី​ថ្មី​នេះ​ជាមួយ​វៀតណាម ថា​ជា​ជោគជ័យ​ធំធេង​បំផុត ហើយ​គួរតែ​មាន​មោទនភាព​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖«​យើង​មក​ដល់​ពេល​នេះ មាន​ឯកសារ​ដ៏​ចាំបាច់​មួយ​នេះ គឺ​វា ជាទី​សាទរ ហើយ​រំភើប​ជាទី​បំផុត ក្នុង​នាម​ជា​ជាតិ​សាសន៍​ខ្មែរ​មួយ ដែល​ទទួលខុសត្រូវ​លើ​ទឹកដី​របស់​ខ្លួន​»​។​

​ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ ក៏​ឆ្លៀត​ផ្ញើ​សារ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ដែរ ចំពោះ​ជន​ណា ដែល​ចោទប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​ថា រដ្ឋាភិបាល​កម្ពុជា ក្បត់ជាតិ លក់​ទឹក​លក់​ដី ឬ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។ ប្រមុខ​ការពារ​ជាតិ​កម្ពុជា សង្កត់ធ្ងន់​ថា​៖«​មិនមែន​បែរ​ជាម​កថា ធ្វើ​ហ្នឹង​គឺជា​ការ​ក្បត់ជាតិ​…​មិន​អាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត ចំពោះ​បញ្ហា​នេះ និយាយ​គ្នា​ច្បាស់​អ៊ីចឹង​តែ​ម្តង​…» ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង