លោក ជិន ម៉ាលីន តបទៅលោក កឹម សុខា ថា ការទាមទារឲ្យទម្លាក់ចោលបទចោទ និងធ្វើដោះលែង វាជារឿងធម្មតារបស់ជនជាប់ចោទ និងមេធាវី

(ភ្នំពេញ) ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងនៅថ្ងៃទី០២ ខែកញ្ញានេះថា ការទាមទារឲ្យទម្លាក់ចោលបទចោទ និងធ្វើដោះលែង វាជារឿងធម្មតារបស់ជនជាប់ចោទ និងមេធាវី ប៉ុន្តែជាគោលការណ៍ច្បាប់ ពេលនេះគាត់ត្រូវតែចូលរួមនៅក្នុងដំណើរការនីតិវិធីបន្តទៀត ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ ដើម្បីដោះបន្ទុក និងដើម្បីបញ្ជាក់ថា គ្មានកំហុស។
ការលើកឡើងការលើកឡើងបែបនេះបន្ទប់ពីលោក កឹម សុខា បានលើកឡើងថា ឆ្លងតាមសវនាការនៅតុលាការកន្លងមក លោកមើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទលោកថា បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ ហើយក្នុងនោះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ និងបង្ហាញសព្វគ្រប់ហើយថា ទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត លោកមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ នូវអំពើទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត។
លោក ជិន ម៉ាលីន បានអោយដឹងថា “វាជារឿងធម្មតាទេ ដែលជនជាប់ចោទ និងមេធាវី តែងតែអះអាងថា មិនបានប្រព្រឹត្តនូវកំហុស ឬប្រព្រឹត្តិបទល្មើសអ្វីទេ ហើយថែមទាំងទាមទារឲ្យទម្លាក់ចោលបទចោទ និងធ្វើការដោះលែងជាដើម គឺជារឿងធម្មតាទេ ប៉ុន្តែការសម្រេចស្ថិតនៅលើតុលាការ ដែលនឹងត្រូវសម្រេចតាមអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន និងផ្អែកទៅលើមូលដ្ឋានភស្តុតាង សាក្សី និងការផ្ដល់សក្ខីកម្មនានា ទោះបីជាជនជាប់ចោទ ឬមេធាវីជនជាប់ចោទ បដិសេធយ៉ាងណាក៏ដោយ”។

លោក ជិន ម៉ាលីន បញ្ជាក់ថា ជាគោលការណ៍ច្បាប់ គឺគាត់ត្រូវតែចូលរួមនៅក្នុងដំណើរការនីតិវិធីបន្តទៀត ហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់។ មានន័យថា គាត់ត្រូវបង្ហាញភស្តុតាងឲ្យបានរឹងមាំ ឬផ្ដល់សក្ខីកម្មឲ្យបានរឹងមាំ ដើម្បីដោះបន្ទុក និងដើម្បីបញ្ជាក់ថា គាត់គ្មានកំហុសដូចការចោទ នេះជានីតិវិធីច្បាប់ ដែលគាត់ត្រូវធ្វើ និងត្រូវបំពេញបន្តទៀត។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ក្រោយបែកធ្លាយវីដេអូមួយ ដែលលោកសារភាពថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមកលោក កឹម សុខា ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះឡើងវិញ ដោយហាមឃាត់សកម្មភាពមួយចំនួនប៉ុណ្ណោះ មានដូចជា មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតប តាមការកោះហៅពីគ្រប់សមត្ថកិច្ចជាដើម។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង