អតីតតំណាងរាស្រ្ត CNRP ម្នាក់ទៀតហើយ ត្រៀមបង្កើតបក្សថ្មី

លោក អ៊ូ ច័ន្ទ​រ័​ត្ន ដែល​គេ​ស្គាល់​ថា ជា​អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ប្រកាសប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៅ​ថ្ងៃនេះ​ថា លោក​កំពុង​ពិនិត្យ​មើល​កម្លាំង​អ្នកនយោបាយ និង​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​សម្រេច​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ផ្សេង​ ។​

​ការ​ប្រកាស​របស់​លោក អ៊ូ ច័ន្ទ​រ័​ត្ន ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សុ​ន ឆ័​យ និង​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​ទៀត គឺលោក វ៉ា សា​ម៉ុន និង​លោក តាវ គឹ​មឈនបាន​ដាក់​លិខិត​មួយ​ជូន​លោក ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោយ​តុលាការ​កំពូល បាន​ចេញ​សាលដីកា សម្រេច​ហាមឃាត់​ពួក​គេ រួម​ជាមួយ​អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​១១៨​នាក់ មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក្នុង​ចំណោម​ជន​ទាំង​១១៨​នាក់​នោះ មាន​១២​នាក់​ហើយ បាន​ស្នើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ ក្នុង​នោះ​មាន​៩​នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ផ្តល់​សិទ្ធិ​ឱ្យធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ​។​

យ៉ាងណាលោក អ៊ូ ច័ន្ទរ័ត្ន មិនបានបង្ហើបប្រាប់អំពីឈ្មោះគណបក្សនយោបាយដែលលោកកំពុង​ត្រៀមនឹង​បង្កើតក្នុងពេលខាងមុខនោះនៅឡើយទេ ។

​យ៉ាង​ហោច​ណាស់​មាន​គណបក្ស​ថ្មី​ចំនួន​៣ ត្រូវ​បាន​បង្កើត​ឡើង ឬ​ដឹកនាំ​ដោយ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នោះ​មាន​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​មាន​លោក គង់ គាំ ជា​ប្រធានកិត្តិយស​, គណបក្ស​ខ្មែរ​អភិរក្សនិយម​របស់ លោក រៀល ខេ​ម​រិ​ន្ទ្រ និង​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​របស់ លោក ជីវ កត្តា​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង