សារព័ត៌មានមហាខ្មែរ

លោក​ ទៀ បាញ់ ប្រកាសមិនអត់ឱនជាដាច់ខាតឲ្យអ្នកដែលចោទរដ្ឋាភិបាលធ្វើឲ្យបាត់ដី

3

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ប្រកាស​ជា​សាធារណៈ​ថា​«

«​គឺ​ខ្ញុំ​មិន​​អាច​អត់ឱន​ទេ​ចំពោះ​អ្នកមួយ​ចំនួន​ដែល​ចោទប្រកាន់​ថា ការ​ផលិត និង​បោះពុម្ព​ផែនទី​ខ្នាត ១/២៥០០០ បែរជា​ការ​ចោទ​ថា​ការ​នេះ​ធ្វើ​ឱ្យ​បាត់​ប្រទេស​បាត់​ទឹក បាត់ដី​ជាដើម​នេះ មិន​អាច​អត់ឱន​ឱ្យ​បានជា​ដាច់ខាត ព្រោះ​នេះ​ជា​រឿង​ដ៏​ខាន់​បំផុត របស់​ប្រទេស​ជាតិ​យើង​ដែល​ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង​នេះ​ទម្រាំ​បាន​ផែនទី​នេះ​ទុកជា​ឯកសារ​សម្រាប់​ប្រើប្រាស់​នេះ វា​មានការ​លំបាក​ណាស់ ហើយ​ក៏​មិនមែន​ជា​ភាព​ងាយស្រួល​នោះ​ទេ​»​។​

​លោក​បន្ត​ថា «​ឥឡូវនេះ​យើង​ធ្វើ​កិច្ច​ការងារ​នេះ​បាន​យ៉ាង​ល្អជា​ទីបំផុត ក្នុង​ប្រវត្តិសាស្ត្រ ដែល​យើង មិន​ធ្លាប់​មាន​ទេ​។ ការ​ដែល​រៀបចំ​បោះ​បាន​ផែនទី​មួយ​ខ្នាត ១/២៥០០០ នេះ គឺ​វា​ជា​ជោគជ័យ​មួយ​ដ៏​ធំ​ណាស់ សម្រាប់​ឯកសារ​ជាតិ របស់​យើង​មួយ​ដែល​មាន​សារសំខាន់​ដ៏​ធំធេង​ជាទី​បំផុត​»​។​

​ការ​ប្រកាស​របស់​លោក ទៀ បាញ់ ខាងលើ បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្រោយ​បញ្ចប់​ពិធី​ប្រគល់​និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥០០០ ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៣៥ ដើម្បី​យក​ទៅ​ប្រើប្រាស់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ ។​

​កម្ពុជា​-​វៀតណាម មាន​ព្រំដែន​គោក​ជាមួយ​គ្នា​ប្រវែង​សរុប ១,២៧០​គីឡូម៉ែត្រ ដែល​បាន និង​កំពុង​រៀបចំ​បោះបង្គោល​ព្រំដែន និង​ខណ្ឌសីមា ដែល​ពេល​នេះ បាន​សម្រេច​ប្រមាណ​៨៤​ភាគរយ​ហើយ​។ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា​- វៀតណាម បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នេះ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។​

​កាលពី​ថ្ងៃ​ទី​០៥ តុលា ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀ​ន សួន​ហ្វ៊ុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ចុះហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន​ប្រទេស​ទាំង​ពីរ ដែល​សម្រេច​បាន​ចំនួន ៨៤​ភាគរយ ហើយ​កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ កម្ពុជា និង​វៀតណាម បាន​រៀបចំ​ពិធី​ប្រគល់​និង​ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ ដែល​ជា​សមិទ្ធផល នៃ​ការ​បោះបង្គោល​ព្រំដែន​៨៤​ភាគរយ​នេះ មក​ប្រើប្រាស់​ផង​ដែរ ៕

អត្ថបទទាក់ទង