សាលាក្រុងបដិសេធមិនឲ្យមានការធ្វើបាតុកម្មដោះលែងលោក រ៉ុង ឈុន

ទីបំផុត​ទៅ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ឲ្យ​ក្រុម​យុវជន​ដែល​មានឈ្មោះ​ថា​«​ខ្មែរ​ថាវរៈ​»​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ស្ថិត​នៅ​ខាងក្រោយ​ស្ថាន​អា​មេ​រិ​ក​នោះ​ទេ ដោយ​សំអាង​ថា ក្រុម​យុវជន​មក​ពី​ក្រុម​«​ខ្មែរ​ថាវរៈ​»​នោះ មិន​គោរព​តាម​កិច្ចប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​ធ្វើ​បាតុកម្ម​ដោយ​មាន​អ្នកចូលរួម​មិន​លើស​ពី​២០០​នាក់​។​

​បើ​តាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ប្រាប់ RFI ថា «​ការ​ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ធ្វើ​បាតុកម្ម​នៅ​ដើមខែ​កញ្ញា​នេះ គឺ​ដោយសារ​តែ​ក្រុម​យុវជន​មិន​គោរព​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ ដែល​ថា​ការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នឹង​មិន​ឲ្យ​មាន​អ្នកចូលរួម​លើស​ពី​២០០​នាក់​នោះ​ទេ​។ អ្នកនាំពាក្យ​សាលាក្រុង​រូប​នេះ បញ្ជាក់​ថា​ក្រុម​យុវជន​បាន​ធ្វើការ​អំពាវនាវ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​គេ​ជា​សាធារណៈ​ដោយ​សុំ​ឲ្យ​មានការ​ចូលរួម​ដោយ​សេរី​នៅ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ដល់​លោក រ៉ុ​ង ឈុ​ន និង​សកម្មជន​ដទៃ​ទៀត ដែល​ជាប់​ឃុំ​ដោយសារ​ការ​តវ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន​។ »​។​

​សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ សីហា ២០២០ តំណាង​ក្រុម​យុវជន​«​ខ្មែរ​ថាវរៈ​» បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជូនដំណឹង​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​១៥ កញ្ញា ២០២០ ដើម្បី​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​។ ទោះ​យ៉ាងណា គេ​មិនដឹង​ថា​ការ​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​សង្គម​របស់​ក្រុម​យុវជន​នេះ​គឺ​មាន​អត្ថន័យ​បែប​ណា​ទេ ក៏​ប៉ុន្តែ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​ពួក​គេ ក្រុម​យុវជន​បាន​បង្ហោះ​រូបថត​ស​-​ខ្មៅ របស់​សកម្មជន ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ដោយសារ​តែ​ការ​តវ៉ា​ដោះ​លែង លោក រ៉ុ​ង ឈុ​ន រួម​មាន​អ្នកស្រី ឈឿ​ន ដា​រ៉ា​វី លោក ហ៊ុន វណ្ណៈ កញ្ញា ស កន្និកា លោក សួង សោ​ភ័​ណ្ឌ និង​រូបភាព​អ្នក​បាត់បង់​ជីវិត​មួយ​ចំនួន​ទៀត​ដូច​ជា ព្រះ​តេជគុណ សំ ប៊ុ​ន​ធឿ​ន លោក កែម ឡី លោក ជា វិជ្ជា និង​លោក ឈុត វុ​ទ្ធី ជាដើម​៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង