សម្ដេច ទៀ បាញ់ ៖ការវាយកម្ទេចអគារកងទ័ពរាមដែលជាជំនួយពីអាមេរិកមិនដើម្បីផ្គាប់ចិត្តនរណាទេ
សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានអះអាងថា ការដែលកម្ពុជាវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាអគារជំនួយពីអាមេរិកនៅឆ្នេររាម គឺដើម្បីអភិវឌ្ឍកំពង់ផែយោធាឱ្យទំនើបជាងមុន ហើយគ្មានចេតនាផ្គាប់ចិត្តប្រទេសណាមួយឡើយ។ នេះបើសារព័ត៌មាន AFP កាលពីថ្ងៃទី ០៤ តុលា នេះ។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានបកស្រាយដូច្នេះ ក្រោយមានមតិមួយចំនួនលើកឡើងថា ការវាយចោលអគារមូលដ្ឋានកងទ័ពរាមដែលជាជំនួយពីអាមេរិកនៅរាមកាលពី ខែកញ្ញា កន្លងមកនេះ គឺជាការបើកដៃឱ្យចិនចូលមកអភិវឌ្ឍយ៉ាងពេញសិទ្ធិ។
ការវាយប្រហារនេះគឺដោយសារតែការវាយកម្ទេចចោលអគារមួយនេះ ធ្វើឡើងស្របពេលដែលប្រទេសមហាអំណាចចិន និងអាមេរិកកំពុងមានបញ្ហាក្ដៅគគុកជុំវិញគម្រោងតារាសាគររបស់ UDG ដែលនាំឱ្យមានការចោទប្រកាន់ថាកម្ពុជាមានទំនោរទៅប្រទេសចិនជាង។ ជាការឆ្លើយតប សម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានឱ្យដឹងក្នុងសារព័ត៌មាន AFP ថា៖ «ការវាយកម្ទេចអគារនេះធ្វើឡើងមិនមែនដោយសារកាន់ជើងប្រទេសណាមួយឡើយ ពោលគឺដោយសារត្រូវអភិវឌ្ឍន៍ទីតាំងថ្មី។ ដោយសារតែយើងត្រូវផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី ដូច្នេះហើយយើងមិនអាចទុកវាបានទៀតទេ ព្រោះអគារនេះចាស់ហើយ»។ សម្រាប់ទីតាំងថ្មីនឹងត្រូវសាងសង់ឱ្យទំនើបជាងមុន ដែលនឹងមានទីតាំងស្ថិតនៅចំងាយប្រមាណ ៣០ គីឡូម៉ែត្រពីតំបន់រាម។
គួរបញ្ជាក់ផងដែរថា មូលដ្ឋានកងទ័ពរាមនេះ មិនមែនជាបញ្ហាថ្មីទេ ពោលគឺជាបញ្ហាចម្រូងចម្រាស់ជាយូរមកហើយ។ បើយោងតាមកាសែត Wall Street Journal ចុះផ្សាយកាលពីឆ្នាំមុន កម្ពុជាបានចុះកិច្ចព្រមព្រៀងសំងាត់ជាមួយប្រទេសចិន ដែលអនុញ្ញាតឱ្យមូលដ្ឋានកងទ័ពប្រទេសចិនតាំងទីនៅលើតំបន់រាមនេះ។ ប៉ុន្តែខាងភាគីកម្ពុជាក៏បានបដិសេធបញ្ហានេះផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់កាលពីខែ មិថុនា កន្លងមកនេះ ថាកម្ពុជាមិនអនុញ្ញាតិឱ្យបរទេសតាំងយោធានៅលើទឹកដីរបស់ខ្លួនទេ ហើយកម្ពុងក៏មិនតាំងយោធារបស់ខ្លួនលើទឹកដីបរទេសដែរ។
សម្តេច បន្តថា ៖ «យើងមានសិទ្ធិធ្វើអ្វីដែលយើងចង់ធ្វើ ដូចជាអាមជ្ឍមណ្ឌលលំហសមុទ្រនេះ យើងរើពីអាទីតាំងចាស់មក អាទីតាំងថ្មី។ អញ្ជឹងសូមអញ្ជើញមិត្តភក្ដិបរទេសទាំងឡាយ ដែលចង់ចូលរួមលុយ មកចូលរួមចុះ អាហ្នឹងបានវាបង្ហាញច្បាស់ ចឹងកុំចោទ! បើគេសិក្សាទៅថាមិនមែនត្រូវធ្វើនៅហ្នឹង!»។
ថ្មីៗនេះផងដែរ ក៏មានបញ្ហាក្ដៅគគុកមួយទៀត ដែលកើតឡើងមកពីជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង។ កាលពីខែកញ្ញាកន្លងទៅនេះ រតនាគារសហរដ្ឋអាមេរិកបាន ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថា ការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។