មេធាវី ដាក់លិខិតជូនប្រធានតុលាការលើកទីពីរ សុំឲ្យបើកសវនាការរឿងលោក កឹម សុខា ឡើងវិញ
តាមរយៈលិខិត ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ សហមេធាវី លើកហេតុផលជម្រាបទៅលោក តាំង ស៊ុនឡាយ ថា បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩ គឺរាជរដ្ឋាភិបាល គ្រប់គ្រងបានទាំងស្រុង ដូចមានរបាយការណ៍របស់ក្រសួងសុខាភិបាល បញ្ជាក់រាល់ថ្ងៃ។ លិខិតនោះ បន្តថា ចំណែក តុលាការ ក៏បានបើកដំណើរការនីតិវិធីជំនុំជម្រះក្តី [លើសំណុំរឿងផ្សេងៗ] ជាប្រក្រតីរាល់ថ្ងៃដែរ។
លោក តាំង ស៊ុនឡាយ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ ថា លោក បានបញ្ជូនលិខិតនោះ ទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ហើយ ដើម្បីពិនិត្យនិងពិចារណា។ លោក មានប្រសាសន៍ថា លោក មិនចង់ពន្យល់ឬផ្តល់ហេតុផលអ្វីច្រើន ត្រឡប់ទៅកាន់ក្រុមមេធាវីរបស់លោក កឹម សុខា វិញឡើយ ដោយលោក រុញឲ្យទៅសួរក្រុមប្រឹក្សាជំនុំជម្រះ ឬអ្នកនាំពាក្យ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ មិនអាចបញ្ជាក់បានឡើយថា សំណុំរឿងរបស់លោក កឹម សុខា នឹងត្រូវបើកសវនាការឡើងវិញតាមសំណើរបស់ក្រុមមេធាវី ឬក៏ត្រូវបន្តពន្យារពេល។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក និយាយថា៖«ទាល់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានដឹង [ថា ត្រូវបើកសវនាការឡើងវិញ ឬបន្តពន្យារពេល]។ ចាំមើលខ្ញុំ បានជួបគាត់សិន ចាំខ្ញុំ សុំយោបល់ពីគាត់»។
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា លើកឡើងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមមេធាវីរបស់អ្នកស្រី បានដាក់លិខិតជូនទៅប្រធានតុលាការរាជធានីភ្នំពេញម្តងរួចមកហើយ ដើម្បីសុំឲ្យបើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញ តែដោយសារតែតុលាការ មិនបានធ្វើតាម ទើបក្រុមមេធាវី ដាក់សំណើជាលើកទីពីរ។ អ្នកស្រីមេធាវី ថ្លែងមកកាន់សារព័ត៌មានថ្មីៗថា៖«ជាគោលការណ៍ច្បាប់ ជនជាប់ចោទ ត្រូវទទួលបានការជំនុំជម្រះឲ្យបានឆាប់រហ័ស មិនអាចទុកសំណុំរឿង ឲ្យនៅយូរបាទេ»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកន្លងមកថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងពន្យារពេលរហូតដល់ឆ្នាំ២០២៤ឯណោះ គឺនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ អ្នកស្រី ម៉េង សុភារី សុំមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ទៅនឹងប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដោយអ្នកស្រី មានហេតុផលថា អ្នកស្រី មិនបានដឹងច្បាស់លាស់ថា សម្តេច ពិតជាមានប្រសាសន៍បែបនេះមែន ឬក៏អត់។
សាធារណជន ពុំបានឮប្រសាសន៍ផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រីនោះទេ តែគេ បានដឹងតាមរយៈលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានប្រាប់សារព័ត៌មាននានា។ លោក ផៃ ស៊ីផាន ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលដល់២០២៤ គឺគ្រាន់តែជាការសន្និដ្ឋានរបស់សម្តេច ប៉ុណ្ណោះ ដោយសារសំណុំរឿងនេះស្មុគស្មាញច្រើន។
សម្តេចនាយករដ្ឋមន្ត្រី នៅបង្ហើបទៀតថា ពេលលោក កឹម សុខា ទៅចូលរួមបុណ្យសពម្តាយក្មេករបស់សម្តេច លោក បានសុំឲ្យសម្តេច ជួយអន្តរាគមន៍ក្នុងការពន្លឿនសំណុំរឿងរបស់លោក តែសម្តេច តបថា អាស្រ័យលើតុលាការ។
តុលាការរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការលើកដំបូងលើសំណុំរឿងរបស់លោក កឹម សុខា កាលពីអំឡុងខែមករា ឆ្នាំ២០២០។ ដោយសារតែការរាលដាលជំងឺកូវីដ-១៩ តុលាការ ក៏ផ្អាកសវនាការនេះ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ដោយមកដល់ពេលនេះ មិនទាន់បើកឡើងវិញនោះទេ។
សូមរម្លឹកថា កម្លាំងសមត្ថកិច្ច បានសម្រុកចូលទៅចាប់លោក កឹម សុខា ដល់គេហដ្ឋាន ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមការសង្ស័យថា លួចពឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ត្រូវចាប់ខ្លួន បន្ទាប់ពីវីដេអូមួយ បានបែកធ្លាយលើបណ្តាញសង្គម ដោយវីដេអូនោះ បង្ហាញពីការថ្លែងសុន្ទរកថារបស់លោក តាំងពីឆ្នាំ២០១៣មកម្ល៉េះ នៅក្នុងប្រទេសអូស្ត្រាលី។
ក្នុងវីដេអូនោះ លោក និយាយថា រដ្ឋាភិបាលអាមេរិក តែងហៅលោក ទៅពិភាក្សាពីប្រជាធិបតេយ្យនៅកម្ពុជា ជារៀងរាល់មួយឆ្នាំម្តង។ លោក ថែមទាំងអះអាងថា លោក មានសាស្ត្រាចារ្យបរទេសល្បីៗ ដូចជា សាស្ត្រាចារ្យនៅមេរិក ជាដើម ចាំជួយផ្តល់យោបល់ដល់លោក ក្នុងការរកវិធីផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។
មួយឆ្នាំក្រោយមក គឺនៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ លោក ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញ តែតុលាការហាមមិនឲ្យលោក ធ្វើសកម្មភាពនយោបាយ។ មកដល់ពេលនេះ លោក ខានធ្វើសកម្មភាពជាង៣ឆ្នាំហើយ។
ថ្មីៗនេះ គេ ឃើញលោក មានសកម្មភាពផ្នែកសាសនានិងសង្គមញឹកញាប់ ដូចជា អញ្ជើញទៅវត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌ តាមរាជធានី-ខេត្ត និងចុះទៅចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ជាដើម។ ប៉ុន្តែ លោក មិនហ៊ានថ្លែងសារនយោបាយឡើយ៕ ប្រភព៖ Thmey Thmey