សារព័ត៌មានមហាខ្មែរ

លោក កឹម សុខា! ខ្ញុំបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយដើម្បីបម្រើប្រទេសជាតិ​ និងប្រជាពលរដ្ឋខ្មែរ

0

រហូតមកដល់ថ្ងៃនេះ អស់រយៈពេលបីឆ្នាំហើយ (០២/០៩/២០១៧-០២/០៩/២០២០) ដែលខ្ញុំបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយដើម្បីបម្រើប្រទេសជាតិ​ និងប្រជាពលរដ្ឋខ្មែរ។ ប្រឈមនឹងស្ថានភាពដែលពិភពលោកកំពុងតែជួបប្រទះការរីករាលដាលជំងឺកូវីដ-១៩​ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រទេសជាតិយើងត្រូវការជាចាំបាច់នូវការបោះជំហានវិជ្ជមាន ជាជាងការជាប់មន្ទិលសង្ស័យនៃភាពអវិជ្ជមានណាមួយ។ កាលៈទេសៈនេះ​ ខ្មែរគួរតែមានការផ្សះផ្សាជាតិ​ ឯកភាពជាតិ​ ហេីយខ្ញុំគួរតែមានសិទ្ធិសេរីភាពពេញលេញ​ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង ជាពិសេសចូលរួមរកដំណោះស្រាយទៅលើបញ្ហាប្រឈមដ៏សំខាន់បំផុត គឺ​ «ជីវភាពប្រជាពលរដ្ឋខ្មែរ»​ ដែលនឹងត្រូវរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់​ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក ។

ឆ្លងតាមសវនាការនៅតុលាការកន្លងមក ខ្ញុំមើលឃើញថា មិនមានភស្តុតាងដាក់បន្ទុកជាក់លាក់ និងគ្រប់គ្រាន់ ដែលអាចចោទខ្ញុំថា​ បានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់នោះទេ ហើយក្នុងនោះ​ ខ្ញុំក៏បានបញ្ជាក់យ៉ាងច្បាស់​លាស់ និងបង្ហាញសព្វគ្រប់ហើយថា ទាំងកន្លងមក បច្ចុប្បន្ន និងទៅអនាគត ខ្ញុំមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ​ នូវអំពើទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសកម្ពុជា​ និងប្រជាពលរដ្ឋខ្មែរជាដាច់ខាត។

ម្យ៉ាងទៀត ខ្ញុំជឿជាក់ថា មានមតិជាតិ​ មតិអន្តរជាតិ ជាពិសេសសមត្ថកិច្ច ថ្នាក់ដឹកនាំ ក៏ដូចជាចៅក្រមផងដែរ បានយល់និងទទួលស្គាល់ ថាខ្ញុំមិនមានចេតនា មិនបានប្រព្រឹត្តិ និងមិនគាំទ្រ​ នូវអំពើហិង្សាឡើយ។

ដូច្នេះ​ ឈរលើស្មារតីខាងលើនេះ រួមទាំងស្មារតីផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ​ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិ​ និងប្រជាពលរដ្ឋខ្មែរ​ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាលៈទេសៈ នៃស្ថានភាពបច្ចុប្បន្ននេះ​ និងទៅអនាគត៕

អត្ថបទទាក់ទង