កងទ័ពជើងទឹកបដិសេធការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកជំវិញការអភិវឌ្ឍមូលដ្ឋានទ័ពរាម
កងទ័ពជើងទឹកកម្ពុជាកាលពីម្សិលមិញ បានច្រានចោលការព្រួយបារម្ភមួយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ថា កម្ពុជាបានចុះហត្ថលេខាសំងាត់ជាមួយចិន ដើម្បីអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់មូលដ្ឋានរាម សម្រាប់ធ្វើជាមូលដ្ឋានទ័ព បន្ទាប់ពីកម្ពុជាបាន វាយកម្ទេច អគារនៅមូលដ្ឋានកងទ័ពជើងទឹកក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពី មន្ទីរបញ្ចកោណ (Pentagon) កាលពីថ្ងៃសុក្របានថ្លែងថា ខ្លួនមានការព្រួយបារម្ភដែលទីបញ្ជាការជួរមុខលម្ហសមុទ្រដែលត្រូវបានសាងសង់ឡើងក្រោមជំនួយរបស់អាមេរិក ត្រូវបានកម្ទេចចោលកាលពីខែមុន។ មន្ទីរបញ្ចកោណក៏បានស្នើសុំឱ្យរដ្ឋាភិបាលជួយពន្យល់។ សារព័ត៌មានរ៉យទ័របានចុះផ្សាយការថ្លែងរបស់មន្ទីរបញ្ចកោណថា៖ «យើងមានការបារម្ភថាការកម្ទេចអគារជាជំនួយរបស់អាមេរិកនេះ អាចជាប់ពាក់ព័ន្ធទៅនឹងគម្រោងរដ្ឋាភិបាលកម្ពុជា ទទួលយកវត្តមានយោធាចិន ក្នុងមូលដ្ឋានយោធាជើងទឹករាម»។ លោក ម៉ី ឌីណា អ្នកនាំពាក្យមូលដ្ឋានកងទ័ពជើងទឹករាមរបស់កងទ័ពជើងទឹកកម្ពុជា បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា ការវាយកម្ទេចអគារដែលឧបត្ថម្ភ ថវិកាដោយសហរដ្ឋអាមេរិក គឺដោយសារតែកម្ពុជាគ្រោងសាងសង់កំពង់ផែយោធាថ្មីមួយ។ លោកនិយាយថា៖ «ការវាយកម្ទេចអគារដែលជាជំនួយរបស់សហរដ្ឋអាមេរិក គឺដោយសារតែអគារនេះមានសភាពទ្រុឌទ្រោមហើយ ហើយវាស្ថិតនៅកន្លែងដែល
មូលដ្ឋានកងទ័ពជើងទឹកគ្រោងសាងសង់កំពង់ផែយោធាទំនើបថ្មីមួយ»។
លោកបានបន្ថែមថា៖ «ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រសួងការពារជាតិកម្ពុជា ដែលថាខ្លួនបានផ្តល់មូលដ្ឋានកងទ័ពជើងទឹករាមដល់ប្រទេសចិនដើម្បីធ្វើជាយោធារបស់ខ្លួន គឺមិនពិតទេ» ។ លោក ម៉ី ឌីណា ដែលជាមេបញ្ជាការរងផងដែរនោះ បាននិយាយថា កំពង់ផែយោធាបច្ចុប្បន្ននៅឯមូលដ្ឋានកងទ័ពជើងទឹកដែលត្រូវបានប្រើដើម្បីចតនាវាចម្បាំងគឺ «តូចនិងខ្លី»។ លោកនិយាយថា៖ «មូលដ្ឋានកងទ័ពជើងទឹករាមកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីធានាដល់ការរីកចម្រើននៃវិស័យការពារជាតិសម្រាប់កងទ័ពជើងទឹក»។ លោកបន្តថា៖ «យើងត្រូវតែមានកំពង់ផែធំ និងវែង»។ លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិករិះគន់កម្ពុជា ពីព្រោះពួកគេមិនចង់ឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍទេ ហើយប្រទេសជិតខាងមួយចំនួនក៏ធ្វើដូចគ្នាដែរ»។ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិក បានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថា ស្ថានទូតអាមេរិកបានដឹងអំពីរបាយការណ៍នៃការកម្ទេចអគារដែលជាជំនួយរបស់ខ្លួន។
លោកបាននិយាយថា៖ «យើងបានឃើញរបាយការណ៍គួរឱ្យទុកចិត្តដែលថា កន្លែងសន្តិសុខតាមសមុទ្រដែលឧបត្ថម្ភថវិកាដោយអាមេរិកនៅមូលដ្ឋានរាមជើងទឹករបស់កម្ពុជា ដែលត្រូវបានសាងសង់ក្នុងឆ្នាំ ២០១២ និងត្រូវបានកែលម្អបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជួយប្រទេសការពារដែនសមុទ្ររបស់ខ្លួន ត្រូវបានបំផ្លាញតាមផ្នែកខ្លះ» ។ លោកបន្តថា៖ «យើងនៅតែប្រកាន់ខ្ជាប់ជានិច្ច ក្នុងការជម្រុញឱ្យប្រទេសកម្ពុជាចាត់វិធានការទាំងអស់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន និងមិនអនុញ្ញាតឱ្យប្រទេសណាមួយមានការប្រើប្រាស់សម្ភារៈយោធាផ្តាច់មុខ នៅក្នុងដែនរបស់ខ្លួនឡើយ»។ លោក Chad Roedemeier បាននិយាយថា៖ «ការជួយសម្រួលដល់ការចូលទៅកាន់ សមុទ្ររាម សម្រាប់ដៃគូទាំងអស់របស់ប្រទេសកម្ពុជា ដូចដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង ដោយមិនមានវត្តមានផ្តាច់មុខ ឬអចិន្រ្តៃយ៍ នឹងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស និងចៀសវាងបំផ្លាញស្ថិរភាពក្នុងតំបន់»។
មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (CSIS) របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនេះបានចុះផ្សាយរូបភាពដែលបង្ហាញថា ប្រទេសកម្ពុជាបានកម្ទេចចោល អាគារដែលសាងសង់ដោយសហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងទឹកដ៏ធំបំផុតរបស់ប្រទេស យោងតាមរូបភាពផ្កាយរណបដែលប្រមូលបានកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីរាយការណ៍បានបន្ថែមថា៖ «អគារនោះត្រូវបានរុះរើនៅចន្លោះពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែកញ្ញា ទោះបីជារូបភាពមិនច្បាស់គ្រប់គ្រាន់ដើម្បីបញ្ជាក់ថាមិនមាននៅពេលនោះក៏ដោយ»។ ក្រុមអ្នកជំនាញបាននិយាយថា អគារដែលត្រូវបានកម្ទេចចោលនេះ គឺជាទីបញ្ជាការដ្ឋានយុទ្ធសាស្រ្តនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រដែលត្រូវបានសម្ពោធជាផ្លូវការក្នុងឆ្នាំ ២០១២ ហើយត្រូវបានជួសជុលនិងសាងសង់ដោយសហរដ្ឋអាមេរិក និងរួមដោយអូស្រ្តាលី។
របាយការណ៍នេះបានបន្ថែមថា៖ «អគារនេះគឺជាផ្នែកមួយនៃគ្រឿងបរិក្ខារដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកនៅលើមូលដ្ឋានដែលត្រូវបានគេរាយការណ៍ថានឹងត្រូវផ្លាស់ប្តូរទីតាំង បន្ទាប់ពីប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់មួយ ដើម្បីផ្តល់សិទ្ធិឱ្យប្រទេសចិនចូលទៅកាន់មូលដ្ឋានទ័ពរាម។ ការកម្ទេចថ្មីនេះ ហាក់ដូចជាបញ្ជាក់ថា ការផ្លាស់ប្តូរកំពុងដំណើរការនៅមូលដ្ឋានកងទ័ពជើងទឹក ហើយម្តងទៀត ការចោទជាសំណួរអំពីការលូកចូលរបស់ចិនដែលលេចចេញជាព័ត៌មាន»។ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ ប៉ុន្តែលោកបានចេញបទសម្ភាសន៍តាមទូរស័ព្ទតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីម្សិលមិញ ដោយហៅការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកថាជា ឥរិយាបទរបស់ «អ្នកបង្កបញ្ហា»។
លោកនិយាយថា៖ «ការវាយកម្ទេចអគារដែលជាជំនួយរបស់សហរដ្ឋអាមេរិកគឺនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា។ យើងមានសិទ្ធិរៀបចំឡើងវិញ។ គ្មានអ្វីប្លែកទេ។ វាចាំបាច់ត្រូវអភិវឌ្ឍដើម្បីឱ្យកាន់តែទូលំទូលាយ រួមទាំងកំពង់ផែនិងផែ។ ឥឡូវនេះទឹករាក់ពេក មិនអាចប្រើបានទេ» ។លោក ទៀ បាញ់ បាននិយាយថា គម្រោងថ្មីនេះនឹងត្រូវចំណាយថវិការាប់រយដងច្រើនជាងអ្វីដែលសហរដ្ឋអាមេរិកបានផ្តល់ថវិកាសម្រាប់អគារនេះ។ លោកបន្ថែមថា៖ «ប្រសិនបើពួកគេមានចេតនាល្អ យើងស្វាគមន៍ជំនួយពិតប្រាកដ។ ផ្ទុយទៅវិញវា ប្រែជាការចោទប្រកាន់ដែលវាឆ្លុះបញ្ចាំងពីចរិតរបស់ពួកគេ»។ ការចោទប្រកាន់អំពីរឿងមូលដ្ឋានកងទ័ពជើងទឹកចិនមាននៅមូលដ្ឋានទ័ពជើងទឹករាម ត្រូវបានចុះផ្សាយជាលើកដំបូងដោយកាសែត The Wall Street Journal នៅខែកក្កដាឆ្នាំ ២០១៩ ដោយបានចុះផ្សាយរបាយការណ៍មួយ ដោយនិយាយថា កិច្ចព្រមព្រៀងសម្ងាត់រវាងប្រទេសទាំងពីរធ្វើឡើង គឺដើម្បីឲ្យចិនប្រើប្រាស់មូលដ្ឋាន ដែលការចោទប្រកាន់មួយនេះ ត្រូវបានប្រទេសទាំងពីរច្រានចោល។
The Journal បានសរសេរក្នុងរបាយការណ៍របស់ខ្លួនថា៖ «កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ប៉ុន្តែមិនបានបង្ហាញពីភាគីណាមួយទេ ដែលផ្តល់សិទ្ធិឱ្យប្រទេសចិននូវសិទ្ធិផ្តាច់មុខក្នុងការតំឡើងកងទ័ពជើងទឹកកម្ពុជានៅលើឈូងសមុទ្រថៃ ដែលនៅមិនឆ្ងាយពីអាកាសយានដ្ឋានដ៏ធំមួយដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន»។ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ក៏បានផ្ញើលិខិតមួយច្បាប់ទៅលោកហ៊ុនសែនដោយលើកឡើងពីការព្រួយបារម្ភអំពីព័ត៌មានថា មានមូលដ្ឋានកងទ័ពជើងទឹកចិននៅក្នុងកម្ពុជា លោក ហ៊ុន សែន កាលពីខែមិថុនាបានបញ្ជាក់ជាថ្មីនូវការច្រានចោលរបស់រដ្ឋាភិបាលចំពោះការចោទប្រកាន់ដែលថាមានមូលដ្ឋានកងទ័ពជើងទឹកចិននៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមដែលជាបញ្ហាដែលត្រូវបានលើកឡើងដោយអ្នកការទូតអាមេរិក។ លោកក៏បានអំពាវនាវឱ្យមានមូលនិធិនៅបរទេសដើម្បីសាងសង់ផែនិងផ្លាស់ប្តូរទីតាំងអគារគណៈកម្មាធិការជាតិដើម្បីសន្តិសុខដែនសមុទ្រ។ លោកហ៊ុនសែនបាននិយាយថា៖« យើងត្រូវការជំនួយហិរញ្ញវត្ថុពីប្រទេសចិនប៉ុន្តែប្រសិនបើអ្នកចង់គាំទ្រយើងយើងក៏នឹងស្វាគមន៍ជំនួយរបស់អ្នកដែរ” ។
លោកបានបន្តថា៖ «មូលដ្ឋានកងទ័ពជើងទឹករាមសូមស្វាគមន៍នាវាពីប្រទេសណាមួយចូលចតហើយយើងក៏ស្វាគមន៍ប្រទេសណាមួយឱ្យធ្វើសមយុទ្ធយោធារួមគ្នាជាមួយយើងផងដែរមិនត្រឹមតែជាមួយចិនប៉ុណ្ណោះទេ។ ប្រសិនបើសហរដ្ឋអាមេរិកមានឆន្ទៈធ្វើដូច្នេះសូមមក» ។ ក្រសួងការពារជាតិកាលពីខែសីហាឆ្នាំមុនបានយកអ្នកកាសែតរាប់សិបនាក់ទៅធ្វើទស្សនកិច្ចនៅទីតាំងនោះក្នុងគោលបំណងដើម្បីជម្រះនូវមន្ទិលជុំវិញកិច្ចព្រមព្រៀងសម្ងាត់ដែលបានចោទប្រកាន់ដើម្បីឱ្យប្រទេសចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាម។ អ្នកកាសែតក្នុងស្រុកនិងបរទេសប្រមាណ ៧០ នាក់ត្រូវបានផ្តល់ដំណើរទស្សនកិច្ចនៅមូលដ្ឋានដែលគ្មានសញ្ញានៃជនជាតិចិនឬនាវាចម្បាំងចិននោះឡើយ៕ ប្រភព៖ Khmer Times