លោកកឹម សុខា ផ្តើមចុះជួយប្រជាពលរដ្ឋ បើទោះបីកំពុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ
ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកកឹម សុខា កាលពីថ្ងៃអាទិត្យ បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។ ជាការកត់សម្គាល់ នេះ គឺជាការចុះជួយប្រជាពលរដ្ឋលើកទី១ហើយរបស់លោកកឹម សុខា បន្ទាប់ពីសវនាការរបស់លោកត្រូវបានផ្អាកកាលពីខែមីនា ដោយសារតែបញ្ហាជំងឺកូវីដ១៩។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានលើកឡើងថា អំណោយរបស់លោកនេះ គឺតិចតួច តែវាអាចនឹងជួយរំលែកទុក្ខលំបាក និងការខ្វះខាតខ្លះៗរបស់ពលរដ្ឋដែលរងគ្រោះព្រោះទឹកជំនន់នៅក្នុងខេត្តពោរធិ៍សាត់។ លោកបានអះអាងថា អ្វីដែលអាចធ្វើបាន មិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិ មិនរំលោភសិទ្ធិអ្នកដទៃ ហើយច្បាប់មិនហាមឃាត់ គឺលោកនៅតែព្យាយាមធ្វើទៅតាមលទ្ធភាព និងកាលៈទេសៈ ដើម្បីចូលរួមជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ បើទោះបីសេរីភាពរបស់លោកត្រូវបានកម្រិតដោយតុលាការក៏ដោយ។
តុលាការក្រុងភ្នំពេញ បានកម្រិតសេរីភាពលោកកឹម សុខា ដោយមិនអនុញ្ញាតឱ្យលោកធ្វើសកម្មភាពនយោបាយ និងចាកចេញទៅក្រៅប្រទេសឡើយ។ ប៉ុន្តែ លោកអាចដើរហើរបានគ្រប់ទីកន្លែង និងគ្រប់ពេលនៅក្នុងប្រទេសកម្ពុជា។ លោកកឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការក្រុងភ្នំពេញបានដំណើរការនិតីវិធីជំនុំជម្រះលើសំណុំរឿងរបស់លោកហើយ ប៉ុន្តែត្រូវផ្អាកសិនកាលពី២៥ មីនាដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីសវនាការត្រូវបានផ្អាក លោកកឹម សុខា បានធ្វើដំណើរកម្សាន្ត និងជួបជាមួយពលរដ្ឋនៅក្នុងខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែ ក្រោយមក រូបលោកត្រូវបានតុលាការក្រុងភ្នំពេញចេញលិខិតដាស់តឿនឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ។ បើទោះជាបែបនេះក្តី លោកនៅតែបន្តចុះទៅខេត្ត ហើយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ លោកកឹម សុខា ក៏បានចុះទៅធ្វើបុណ្យទានតាមប្រពៃណីខ្មែរជាបន្តបន្ទាប់ផងដែរ។
ក្រៅពីចុះជួប ជួយពលរដ្ឋ និង ធ្វើបុណ្យទាន លោកកឹម សុខា ក៏បានបន្តជួបជាមួយបណ្តាទូតបររទេសប្រចាំនៅកម្ពុជាថែមទៀត។ ចុងក្រោយនេះ ពោល គឺកាលពីថ្ងៃទី២៥ ខែកញ្ញា លោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានៅគេហដ្ឋានរបស់លោកដែលនេះមិនមែនជាជំនួបលើកទី១នោះទេ។ ជំនួបចុងក្រោយនេះ លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានប្រាប់លោកកឹម សុខា ថាអឺរ៉ុបនៅតែចង់ជួយប្រជាពលរដ្ឋខ្មែរ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យនានា។ ចំណែក លោកកឹម សុខាវិញ ក៏បានសម្តែងនូវការចង់ឃើញកម្ពុជា និងអឺរ៉ុប បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និងទៅអនាគត៕