អ.ស.ប. ជំរុញឱ្យកម្ពុជាលើកស្ទួយសិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
ចំពេលមានការប្រារព្ធទិវារដ្ឋធម្មនុញ្ញនៅទូទាំងប្រទេសកាលពីម្សិលមិញ អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យកម្ពុជាប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
សេចក្ដីថ្លែងការណ៍នោះថ្លែងថា៖ «អង្គការសហប្រជាជាតិ លើកទឹកចិត្តឱ្យព្រះរាជាណាចក្រកម្ពុជាបន្តប្រកាន់ខ្ជាប់ និងគោរពសិទ្ធិមនុស្សដែលមានចែងនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (#UDHR) សន្ធិសញ្ញាអន្តរជាតិនានា ក៏ដូចជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលត្រូវបានទទួលស្គាល់ និងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន»។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Ravina Shamdasani ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ១១ ខែកញ្ញាថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាគឺបង្ហាញឱ្យឃើញនូវការបំបិទសិទ្ធិរបស់រដ្ឋាភិបាលដែលរួមមានការបង្ក្រាបសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍បានថ្លែងថា ការបំបិទសិទ្ធិនេះផ្តោតលើអង្គការសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្ស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឆ្លើយតបនឹងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញដោយពន្យល់ថា រយៈពេល ២៧ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានអនុវត្តនូវរាល់គោលការណ៍គ្រឹះទំនើបនៃលទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា រួមមានសិទ្ធិ សេរីភាព ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដោយសេរីនិងយុត្តិធម៌ និងការបែងចែករវាងអំណាច និងនីតិរដ្ឋ។
លោកនិយាយថា៖ «សាររបស់អង្គការសហប្រជាជាតិមិនមានអ្វីថ្មីទេ។ អ.ស.ប. តែងតែផ្ញើសារបែបនេះទៅកាន់សមាជិករដ្ឋទាំងអស់របស់ខ្លួន មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ដោយតែងតែលើកទឹកចិត្តសមាជិករបស់ខ្លួនឱ្យខិតខំធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
លោកបាននិយាយថា៖ «អង្គការសហប្រជាជាតិគិតថា គ្មានប្រទេសណាដែលមានការអនុវត្តសិទ្ធិមនុស្សនិងប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ ហើយអង្គការសហប្រជាជាតិក៏មិនមានយន្តការដាក់ទណ្ឌកម្មប្រឆាំងនឹងបញ្ហានេះដែរ»។ លោកបន្តថា៖ «អ. ស. ប.គ្រាន់តែលើកទឹកចិត្តដល់រដ្ឋជាសមាជិកឱ្យខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនេះ»។
លោកបាននិយាយថា៖ «យើងតែងតែព្យាយាមអនុវត្តអនុសាសន៍របស់អ.ស.ប. ហើយយើងនឹងបន្តអនុវត្ត» ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា រដ្ឋាភិបាលបានអនុវត្តតាមរដ្ឋធម្មនុញ្ញយ៉ាងត្រឹមត្រូវ ដែលជាលទ្ធផលធានាបាននូវសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖ « ដោយសារតែការអនុវត្តរដ្ឋធម្មនុញ្ញត្រឹមត្រូវនេះ ទើបយើងទទួលបានសន្តិភាព ទន្ទឹមនឹងការអភិវឌ្ឍនយោបាយ និងជាតិ»។
លោកបានបន្ថែមថា៖ «ប្រសិនបើយើងមិនបានអនុវត្តរដ្ឋធម្មនុញ្ញត្រឹមត្រូវទេនោះ វានឹងមិនមានស្ថេរភាពនយោបាយទេ ហើយប្រជាជនក៏នឹងមិនរស់នៅដោយសន្តិភាពដែរ» ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងកាលពីម្សិលមិញថា ទោះបីមានការធ្វើវិសោធនកម្មជាច្រើនក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយក៏ដោយ ក៏លោកនៅតែចាត់ទុករដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាសមិទ្ធិផលសំខាន់ដែលបានជួយកសាងគ្រឹះរបស់ប្រទេសជាតិ និងជាគោលការណ៍ណែនាំសម្រាប់នយោបាយកម្ពុជា។
លោកនិយាយថា៖ «មិនត្រឹមតែខ្ញុំម្នាក់ ដែលជាអ្នកសិក្សាអំពីលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែក៏មានមនុស្សជាច្រើនទៀត បានធ្វើជាសាក្សីថាការអនុវត្តគោលការណ៍គ្រឹះដូចជាគំនិតប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទិ្ធមនុស្សនៅមានកំរិតនៅឡើយ។ ការសិក្សាដើម្បីគាំទ្របញ្ហានេះ ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានអន្តរជាតិល្បី ៗ នៅពេលវាយតម្លៃពីកម្រិតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកកាលពីម្សិលមិញថា ទិវារដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ គឺជាពេលដែលប្រទេសកម្ពុជាបានត្រឡប់មកកាន់ «ព្រះរាជាណាចក្រកម្ពុជា» ម្តងទៀត។
លោក ហេង សំរិន ប្រធានរដ្ឋសភា បានសរសេរនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញថា រដ្ឋធម្មនុញ្ញនេះជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព វិបុលភាព និងវឌ្ឍនភាព។
លោកបានបន្ថែមថា៖ «ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់ សរុបបានចំនួន ៥៧៥ច្បាប់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ»។
លោក ហេង សំរិន បាននិយាយទៀតថា៖ «ចូរយើងរួមគ្នាបន្តគោរព ការពារនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព មានការអភិវឌ្ឍ និងរុងរឿងរហូតតទៅ»៕ ប្រភព៖ Khmer Times