រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ការអនុវត្តសិទ្ធិហួសព្រំដែន ត្រូវតែប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី ២២ កញ្ញា បានថ្លែងការពារចំណាត់ការច្បាប់លើសកម្មជនដែលត្រូវបានចាប់ខ្លួននារយៈពេលចុងក្រោយនេះថា គឺធ្វើទ្បើងដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហើយថា សម្រាប់កម្ពុជា ការមួលបង្កាច់ និងការបំភ័ន្តការពិតលើបញ្ហាព្រំដែនក្នុងចេតនាញុះញង់ឱ្យមានចលាចលសង្គម គឺជាអំពើខុសច្បាប់ ហើយពុំមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទ្បើយ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាដូច្នេះ គឺជាការឆ្លើយតបទៅនឹងក្តីព្រួយបារម្ភរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Chiho Kang នៅក្នុងជំនួបមួយកាលពីថ្ងៃទី ២២ កញ្ញា។ នៅក្នុងជំនួបដែលធ្វើឡើងនៅឯទីស្តីការក្រសួងយុត្តិធម៌នោះ លោក Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនដោយអាជ្ញាធរកម្ពុជានូវយុវជននិងសកម្មជនបរិស្ថាននារយៈពេលចុងក្រោយនេះ។
ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា កើត រិទ្ធ បានពន្យល់៣ចំណុចត្រលប់ទៅវិញថា ទី១.ការចាប់ខ្លួនបុគ្គលណាមួយ ដោយអាជ្ញាធរមានសមត្ថកិច្ច គឺធ្វើទ្បើងដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហើយថា សិទ្ធិសេរីភាពបុគ្គលត្រូវយកមកអនុវត្តក្នុងក្របខណ្ឌច្បាប់ ហើយការអនុវត្តសិទ្ធិហួសព្រំដែន ធ្វើអោយប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ឬបំពានលើច្បាប់ ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយនេះ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលនោះទេ។ ទី២. សម្រាប់កម្ពុជា ការមួលបង្កាច់ និងការបំភ័ន្តការពិតលើបញ្ហាព្រំដែន ក្នុងចេតនាញុះញង់ឱ្យមានចលាចលសង្គម គឺជាអំពើខុសច្បាប់ បំផ្លាញសន្តិភាព និងស្ថេរភាពប្រទេស ហើយពុំមែនជាការអនុវត្តនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទ្បើយ។ និងចំណុចទី៣. លោករដ្ឋមន្ត្រីបានពន្យល់ថា កម្ពុជាជាប្រទេសដែលប្រកាន់យកនូវរបបនីតិរដ្ឋ ហេតុនេះ កម្ពុជាត្រូវអនុវត្តច្បាប់របស់ខ្លួនចំពោះការប្រព្រឹត្តខុសច្បាប់ ដើម្បីធានាការពារសនិ្តសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ។ ការប្រមូលផ្តុំគ្នាតាមដងផ្លូវ ដើម្បីតវ៉ាទាមទារឱ្យមានការដោះលែងបុគ្គលណាមួយ គឺជាការដាក់សម្ពាធលើតុលាការ និងស្ថាប័នអនុវត្តច្បាប់ ដែលនេះពុំមែនជាវិធីស្របច្បាប់នោះទ្បើយ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ទៅកាន់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ហើយត្រូវបានលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកយកមកពន្យល់បន្ថែមនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី ២៣ កញ្ញា។ ជាការបកស្រាយបន្ថែម បន្ទាប់ពីលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសរសេរនៅលើទំព័រTwitterរបស់លោក។
គួរជំរាបជូនថា ក្រៅពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានលើកឡើងពីក្តីព្រួយបារម្ភនេះ កាលពីថ្ងៃទី ១៥ កញ្ញា សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) និងឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Robort A. Destro អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានលើកឡើងពីការព្រួយបារម្ភដូចគ្នានេះដែរ។ សម្រាប់សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) បានចាត់ទុកថា ការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សនិងបរិស្ថានមួយរយៈពេលចុងក្រោយនេះ គឺរដ្ឋាភិបាលកម្ពុជាបានធ្វើតាមតែអំពើចិត្ត ដោយបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។ ចំណែកលោក Robort A. Destro ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបានលើកឡើងថា «សិទ្ធិជួបប្រជុំ និងការសំដែងមតិនៅក្នុងប្រទេសកម្ពុជាត្រូវបានដាក់កំហិត។ សហរដ្ឋអាមេរិកជំរុញទៅរដ្ឋាភិបាលកម្ពុជាអោយដោះលែងពួកគេជាបន្ទាន់ និងអនុញ្ញាតឲ្យមានការបញ្ចេញសំឡេងពីគ្រប់និន្នាការ»ទាំងអស់៕ ប្រភព៖ RFI