លោកអ៊ូ ច័ន្ទរ័ត្ន៖រចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំងភាគច្រើនចាប់អារម្មណ៍ តែនៅរារែកក្នុងការចូលរួមបង្កើតបក្សថ្មី
អតីតអ្នកតំណាងរាស្រ្តរបស់អតីតបក្សសង្រ្គោះជាតិលោកអ៊ូ ច័ន្ទរ័ត្ន បាន និងកំពុងព្យាយាមទាក់ទងទៅកាន់មន្រ្តីរចនាសម្ព័ន្ធចាស់របស់អតីតបក្សប្រឆាំង ដើម្បីស្ទាបស្ទង់ និងគៀងគរពួកគេឱ្យចូលរួមបង្កើតបក្សនយោបាយថ្មី។ជាលទ្ធផល លោកបញ្ជាក់ថា មកដល់ពេលនេះ មន្រ្តីនៃរចនាសម្ព័ន្ធចាស់របស់អតីតបក្សសង្រ្គោះជាតិទាំងក្នុង និងក្រៅប្រទេសបានចាប់អារម្មណ៍ច្រើន តែពួកគេនៅតែរារែកក្នុងការគាំទ្រចូលរួមបង្កើតបក្សនយោបាយថ្មីនេះ។
មូលហេតុដែលរចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំងរារែកក្នុងការចូលរួមបង្កើតបក្សនយោបាយថ្មីនេះ គឺដោយសារតែពួកគេចង់នៅបន្តរង់ចាំមើលដំណោះស្រាយរបស់អន្តរជាតិក្នុងការជំរុញឱ្យអតីតគណបក្សសង្រ្គោះជាតិរស់ឡើងវិញ និងអាចចូលរួមនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោកអ៊ូ ច័ន្ទរ័ត្ន ហើយលោកបានបន្ថែមថា មន្រ្តីខ្លះបានបង្ហាញការគាំទ្រ និងថា នឹងចូលរួមនៅក្រោយពេលដែលបក្សនយោបាយថ្មីត្រូវបានបង្កើតឡើងជាស្ថាពរ។ ប៉ុន្តែ លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ជាថ្មីថា គណបក្សនយោបាយថ្មីនេះ អាចបង្កើតឡើងបានឬអត់ គឺអាស្រ័យការលើគាំទ្រពីសំណាក់រចនាសម្ព័ន្ធរបស់អតីតបក្សប្រឆាំង និងប្រជាពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្តូរ។
តាមលោកអ៊ូ ច័ន្ទរ័ត្ន ការបង្កើតគណបក្សនយោបាយថ្មីបានឬអត់នឹងត្រូវប្រកាសឱ្យដឹងជាសាធារណៈនៅអំឡុងចុងឆ្នាំ២០២០នេះ ហើយនៅពេលនេះ លោក និងក្រុមអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀតកំពុងតែស្ទាបស្ទង់មើលនិន្នាការរបស់ពលរដ្ឋ និងរចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំង។ លោកបានបង្ហើបឱ្យដឹងថា លោកបានទាក់ទង និងបានជជែកជាមួយមន្ត្រីនៃរចនាសម្ព័ន្ធចាស់នៃអតីតបក្សប្រឆាំងនៅអាមេរិក បារាំង និងអូស្រ្តាលីជាដើមបន្ថែមពីលើមន្រ្តីនៅក្នុងស្រុក។ ក៏ប៉ុន្តែពួកគេនៅស្ទាក់ស្ទើរ និងមិនទាន់ប្រាកដប្រជានៅឡើយទេ។
គួរជម្រាបជូនថា ការចង់បង្កើតគណបក្សនយោបាយថ្មីនេះ គឺបន្ទាប់ពីក្រុមអតីតមន្រ្តីនៃអតីតបក្សសង្រ្គោះជាតិមួយចំនួនអស់សង្ឃឹមក្នុងការរង់ចាំអតីតបក្សប្រឆាំងដំណើរការឡើងវិញ។ នេះបើតាមលោកអ៊ូ ច័ន្ទរ័ត្ន។ ក៏ប៉ុន្តែ លោកសម រង្ស៊ី កាលពីដើមខែកញ្ញានេះបានចេញមកអះអាងថា បក្សនយោបាយថ្មីថ្មោងដែលបង្កើតឡើង គឺជាឧបករណ៍នយោបាយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ សម្រាប់លោកសម រង្ស៊ី ការបង្កើតគណបក្សថ្មី វាគ្រាន់តែជាលេស ដើម្បីជៀសវាងការបើកផ្លូវឱ្យអតីតគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញប៉ុណ្ណោះ។
កាលពីថ្ងៃទី២០ ខែកញ្ញា លោកសម រង្ស៊ី បានប្រកាសជាថ្មីថានឹងចូលមកប្រទេសកម្ពុជាវិញ បន្ទាប់ពីបរាជ័យកាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩កន្លងទៅ។ ប៉ុន្តែ លោកអ៊ូ ច័ន្ទរ័ត្ន បានអះអាងថា ការប្រកាសនេះមិនប៉ះពាល់ដល់ការគ្រៀងគរការគាំទ្របង្កើតបក្សថ្មីរបស់លោកឡើយ ដោយលោកថា វាមិនមែនជារឿងថ្មី។ មិនមែនជារឿងថ្មីតាមលោកអ៊ូ ច័ន្ទរ័ត្ន គឺការប្រកាសចូលស្រុកវិញរបស់លោកសម រង្ស៊ីនេះ គឺមានកើតមានជាញឹកញាប់ តែពេលនេះ មិនមានការចាប់អារម្មណ៍ខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋខ្មែរនោះឡើយ៕