CPP ប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយវៀតណាមឲ្យកាន់តែរឹងមាំក្រោមស្មារតី«អ្នកជិតខាងល្អ»
ការកណ្តាលបក្សប្រជាជនកម្ពុជា បានសរសេរលិខិតជូនទៅគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតសាធារណរដ្ឋវៀតណាម កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។
តាមរយៈលិខិត ធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា សាទរបក្សកុម្មុយនិស្ត រដ្ឋាភិបាល និង ប្រជាជនវៀតណាម ចំពោះសមិទ្ធផលដ៏ធំធេង ដែលបានសម្រេចកន្លងមក។
គណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា ជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានលោក លោក ង្វៀន ភូជុង ជាអគ្គលេខាធិការ ប្រជាជនវៀតណាម នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត
ជាមួយគ្នានេះ គណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា ក៏បានរំលេចឡើងពីទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមដែរ។ គណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋាភិបាល និង ប្រជាជនៃប្រទេសទាំងពីរ។
លើសពីនេះ បក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងជាមួយវៀតណាម «ឲ្យកាន់តែរឹងមាំថែមទៀត» ក្រោមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំ និង យូរអង្វែង»។
ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា រួមទាំងមេដឹកនាំជាប់ខ្ពស់កម្ពុជាពីររូបទៀត គឺ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏បានថ្វាយនិងជូនលិខិតអបអរសាទរវៀតណាមដែរ ក្នុងឱកាសរម្លឹកខួប៧៥នៃការបង្កើតសាធារណរដ្ឋវៀតណាម ដែលនឹងមកដល់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០៕