សារព័ត៌មានមហាខ្មែរ

មន្ត្រីក្រសួងការបរទេសអាមេរិក ជំរុញឲ្យដោះលែងជាបន្ទាន់សកម្មជនដែលត្រូវបានចាប់ខ្លួននៅកម្ពុជា

3

មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​បាន​បញ្ចេញសារ​នៅ​តាម​បណ្តាញ​សង្គម​Twitter​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​សកម្មជន​ដែល​ត្រូវបាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា​ ដោយ​គូស​បញ្ជាក់​ថា​ សហរដ្ឋអាមេរិក​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ករណី​នេះ​។ ប្រតិកម្ម​របស់​ក្រសួង​ការបទេស​សហរដ្ឋអាមេរិក​នៅ​ពេលនេះ​ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​អ្វី​ដែល​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ក៏​បាន​សំដែង​ក្តី​បារម្ភ​ដូចគ្នា​នេះ​ដែរ​។

«សិទ្ធិជួបប្រជុំ និងការសំដែងមតិ ត្រូវបានដាក់កំហិតនៅប្រទេសកម្ពុជា។ សហរដ្ឋអាមេរិកមានការ​បារម្ភ​យ៉ាងជ្រាលជ្រៅករណីចាប់ខ្លួន​អ្នក​សំដែង​មតិដោយសេរី ហើយយើងជំរុញទៅរដ្ឋាភិបាល​ ដោះលែង​ពួកគេជាបន្ទាន់ និង​អនុញ្ញាតឲ្យមានការបញ្ចេញសំឡេងពីគ្រប់និន្នាការ»។ នេះគឺជាសារយ៉ាង​ខ្លី​តែមានន័យគ្រប់គ្រាន់នៅតាម​បណ្តាញTwitterរបស់លោក Robort A. Destro ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។

ប្រតិកម្មជាសាធារណៈ​របស់មន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ​ គឺក្រោយពេលដែល លោក ​ទូច វិបុល​ ប្រធាន​ប្រតិបត្តិ ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ កាលពីថ្ងៃ៨កញ្ញា បានដាក់លិខិតដាច់ដោយឡែកពីគ្នា​ទៅកាន់​លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសអាមេរិក​ ​លោក ​Linsey Graham ​សមាជិក​ព្រឹទ្ធ​សភា និងលោក ​Alan Lowenthal ​សមាជិក​សភាអាមេរិក ​សុំ​ជួយអន្តរាគមន៍ករណីចាប់ខ្លួន លោក រ៉ុង ឈុន និងសកម្មជនសង្គមដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់​មកនេះ។

សូមជម្រាបជូនថា ក្រោយចាប់ខ្លួនលោក រ៉ុង ឈុន នៅថ្ងៃ​ទី​៣១ ខែ​កក្កដា គឺ​មាន​សកម្មជន​ចំនួន​២៤​រូប​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​គ្នា ក្នុង​នោះ មាន​មនុស្ស​ចំនួន​១២​នាក់ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​។ អ្នក​ដែល​រង​ចំណាត់ការ​របស់​អាជ្ញាធរ​ទាំង​អស់ សុទ្ធ​តែ​បាន​បញ្ចេញ​មតិ​ក្នុង​បញ្ហា​រសើប ដូច​ជា​រឿង​ព្រំដែន បរិស្ថាន និង​សិទ្ធិ​មនុស្ស​ជា​ដើម​។

នេះបើតាមការកត់សំគាល់របស់ ឧត្តមស្នង​ការអង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ OHCHR ហៅ​ចំណាត់ការ​របស់​អាជ្ញាធរ​ដូច្នេះ​ថា​ជា​ការ​​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន​ និង​ជាការគាបសង្កត់ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី ដែល​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​កន្លង​ទៅ។ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា អ្វី​ដែល​សកម្មជន​ទាំង​នោះ​តវ៉ា​គឺ​ជា​សកម្មភាព​ខុស​ច្បាប់​របស់​កម្ពុជា។

យ៉ាងណាក៏ដោយ​ពលរដ្ឋខ្មែរ​នៅសហរដ្ឋអាមេរិកបានប្រកាសថា ពួកគេនឹងធ្វើបាតុកម្មជាថ្មីទៀត​នៅថ្ងៃទី២៨​កញ្ញាសប្តាហ៍ក្រោយ នៅមុខក្រសួងការបរទេសអាមេរិក និងមុខស្ថានទូតកម្ពុជានៅទីក្រុងវ៉ាស៊ីនតោន គឺ​ក្រោម​ហេតុផល«ដោះលែងអ្នកទោសមនសិការ ចំពោះអ្វីដែលពួកគេហៅខ្លួនថា ជាពលរដ្ឋសកម្ម​ដើម្បី​យុត្តិធម៌ និងប្រជាធិបតេយ្យ៕ RFI

អត្ថបទទាក់ទង