លោកសម រង្ស៊ី ជំរុញសហគមន៍អន្តរជាតិឱ្យរុញរដ្ឋាភិបាលកម្ពុជាអនុវត្តបានត្រឹមត្រូវនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី កាលពីថ្ងៃចន្ទបានលើកយកបញ្ហាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកនិយាយសារជាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុក។ លោកសម រង្ស៊ី បានអំពាវនាវម្តងទៀតឱ្យសហគមន៍អន្តរជាតិជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តបានត្រឹមត្រូវ និងពេញលេញចំពោះកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តកិច្ចព្រៀមព្រៀងនេះបានត្រឹមត្រូវហើយដែលនាំឱ្យកម្ពុជាមានសន្តិភាព និងស្ថេរភាពនយោបាយដូចពេលបច្ចប្បន្ននេះ។
គឺនៅលើទំព័រហ្វេសប៊ុក លោកសម រង្ស៊ី បានអះអាងដូច្នេះថា សហគមន៍អន្តរជាតិត្រូវតែជំរុញឱ្យមានការអនុវត្តន៍ត្រឹមត្រូវ និងពេញលេញចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការអនុវត្តនេះ គឺលោកសម រង្ស៊ី ចង់ឱ្យផ្តោតសំខាន់លើចំណុចពីរ គឺទី១ គឺធានាលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា និង ទី២ គឺធានាអព្យាក្រិតភាពពិតប្រាកដនៃប្រទេសកម្ពុជា ដែលហាមឃាត់មហាអំណាចណាមួយ ដូចប្រទេសចិនពេលនេះ មិនឱ្យមកសាងសង់មូលដ្ឋានយោធាណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីឈ្លានពានប្រទេសជិតខាង។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការលើកឡើងរបស់លោកសម រង្ស៊ីនេះ ជាមតិលាបពណ៌ដែលខុសពីស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។ បើតាមលោកសុខ ឥសាន ខ្លឹមសារសំខាន់ៗរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមដោយត្រឹមត្រូវ និងពេញលេញ។ ហេតុដូច្នេះហើយទើបកម្ពុជាមានសន្តិភាព ឯកភាព និងស្ថេរភាពនយោបាយដូចសព្វថ្ងៃនេះ។
សូមកត់សម្គាល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានក្លាយជាតឹកតាងមួយដែលតែងតែត្រូវបានអតីតបក្សប្រឆាំងលើកយកមកធ្វើជាសំអាង និង ជំរុញឱ្យសហគមន៍អន្តរជាតិរុញរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានត្រឹមត្រូវ និងពេញលេញ។ លោកសម រង្ស៊ី បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះថា កិច្ចព្រមព្រៀងនេះគឺជួយឱ្យប្រជារាស្ត្រខ្មែរបានស្គាល់សេរីភាព និងយុត្តិធម៌ផង ហើយជួយពង្រឹងសន្តិភាពក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ និងក្នុងពិភពលោកទាំងមូលផង។
ប៉ុន្តែសម្រាប់លោកសុខ ឥសានវិញ ការដែលអតីតបក្សប្រឆាំងក៏ដូចលោកសម រង្ស៊ី តែងតែលើកឡើងពីបញ្ហាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ គឺដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ពិសេស គឺប្រជាពលរដ្ឋខ្មែរតែម្តង។ ទោះជាបែបនេះក្តី លោកថា មិនមានប្រយោជន៍អ្វីទេ ដោយសារតែប្រជាពលរដ្ឋខ្មែរកំពុងទទួលបានផលពីកិច្ចព្រមព្រៀងនេះតាមរយៈការគោរព និងអនុវត្តបានយ៉ាងត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា៕