សារព័ត៌មានមហាខ្មែរ

អ្នកនាំពាក្យ​សិទ្ធិមនុស្ស លើកឡើង ៣​ចំណុច តប​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត​

3

(​ភ្នំពេញ​)៖ ឯកឧត្តម ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានលើកឡើង ៣​ចំណុច តប​នឹង​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​ប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា​។​ ឯកឧត្តម ជិន ម៉ា​លីន បានលើកឡើង​នូវ ៣​ចំណុច អំពី​សារ​របស់​លោកស្រី Rhona Smith ដូចខាងក្រោម​៖ ១. វា​ជា​រឿង​ធម្មតា ដែល​លោកស្រី Rhona Smith លើកឡើង​ពី​ក្តីបារម្ភ ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅពេលដែល​លោកស្រី ទទួលបាន​នូវ​របាយការណ៍ ក៏ដូចជា​ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ករណីនេះ ទោះបីជា​របាយការណ៍ និង​ព័ត៌មាន​ទាំងនោះ ផ្តល់​ដោយ​ប្រភព និង​ក្រុម​ដែលមាន​និន្នាការ​នយោបាយ​យ៉ាងណាក៏ដោយ ព្រោះ​វា​ជាក​ត​ព្វ​កិច្ច និង​អាណត្តិ​របស់លោក​ស្រី ក្នុងនាម​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ២. សារ​របស់​លោកស្រី មិនបាន​ចោទប្រកាន់​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ថា ជាការ​រំលោភបំពាន​សិទ្ធិមនុស្ស​នោះទេ គឺ​គ្រាន់តែ​លើក​ពី​គោលការណ៍​ទូទៅ​នៃ​សិទ្ធិមនុស្ស ដែល​រដ្ឋាភិបាល មាន​កាតព្វកិច្ច​គោរព ការពារ និង​បំពេញ ដើម្បី​ធានាថា ពលរដ្ឋ​អាចអនុវត្ត​សិទ្ធិ​របស់ខ្លួន​បាន ដោយ​សេរី និង​ក្នុង​ក្របខណ្ឌ​ច្បាប់ ហើយ​ដែល​រដ្ឋាភិបាល បាន និង​កំពុងប្រកាន់យក និង​អនុវត្ត​យ៉ាង​ភ្ជាប់​ភ្ជួ​ន​តាមរយៈ​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់ នាពេល​កន្លងមក​។ ៣. ការដែល​លោកស្រី ជំ​រុញឱ្យ​សមត្ថកិច្ច​បញ្ជូន​ជនល្មើស​ទៅ​តុលាការ សរ​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ថា លោកស្រី​គាំទ្រ និង​យល់ច្បាស់​នូវ​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល ចំពោះ​អ្នក ដែល​អនុវត្ត​សិទ្ធិ​ដោយ​បំពាន និង​ឈានទៅ​ការប្រព្រឹត្ត​បទល្មើស ដែល​ជនជាប់ចោទ​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ និង​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ដើម្បី​ធ្វើការ​ការពារ​ខ្លួន​តតាំង​ជាមួយ​សមត្ថកិច្ច ដែលមាន​មូលដ្ឋាន​ច្បាប់​រឹងមាំ និង​ច្បាស់លាស់​ក្នុងការ​ចោទប្រកាន់ ហើយ​ដែល​នេះ ជា​មធ្យោបាយ​ស្របច្បាប់​តែមួយគត់ ក្នុងការ​ការពារ​ជនជាប់ចោទ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ជាជាង​ការជួបជុំ​តវ៉ា​បែប​អនាធិបតេយ្យ ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​ឱ្យធ្វើ​ការដោះលែង ឬ​ទម្លាក់ចោល​បទ​ចោទ​ទាំង​បំពាន​ច្បាប់ រដ្ឋធម្មនុញ្ញ គោលការណ៍​ប្រជាធិបតេយ្យ​នីតិរដ្ឋ និង​ការបែងចែក​អំណាច​៕​

អត្ថបទទាក់ទង