លិខិតចំហអតីតទីប្រឹក្សាជាន់ខ្ពស់ (បក្សសង្គ្រោះជាតិ) លោក គង់ គាំ ជូនលោក សុន ឆ័យនិងលោក អ៊ូ ច័ន្ទរ័ត្ន
ខ្ញុំ គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ CNRP (រំលាយបាត់) ជាប់បម្រាម និងបានសុំសិទ្ធិ បានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ ព្រមទាំងមានឱកាសមកទទួលជាប្រធានកិត្តិយសរបស់គណបក្សឆន្ទៈខ្មែរ ដែលបានបង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨(ជាបន្ទាន់ ព្រោះមិនជឿជាក់ថា CNRP មានវត្តមានឡើងវិញបាន)។
គណបក្សឆន្ទៈខ្មែរ ជាប៉ូលនយោបាយថ្មី មានវប្បធម៌នយោបាយថ្មី ដែលមានក្រុមអតីតសមាជិក CNRP ក្រុមស្រករក្រោយ (បន្តវេន) ក្រុមវ័យក្មេង និងក្រុមចង់ឲ្យមានការផ្លាស់ប្តូរ បានសម្រេចចិត្តបន្តតួនាទីជាគណបក្សប្រជែងស្ថាបនា តាមគំរូប្រទេសប្រជាធិបតេយ្យជឿនលឿនមួយចំនួន តាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ តាមស្មារតីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលបានកំណត់យកការបោះឆ្នោតជាទៀងទាត់ពីប្រជាពលរដ្ឋទាំងអស់គ្នាតែប៉ុណ្ណោះ ទើបអាចធានាសន្តិភាព ប្រជាធិបតេយ្យសេរី ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយស្ថេរភាពរបស់មាតុភូមិកម្ពុជាដ៏អភ័ព្វ ធ្លាប់ធ្លាក់ខ្លួនដ៏សែនរន្ធត់ ធ្លាប់ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយ ទ្រុឌទ្រោម អន់ថយ មហាសោកស្តាយ មិនឲ្យត្រឡប់ទៅរកអតីតកាលដ៏ជូរចត់ជាថ្មី។
ឆ្លៀតក្នុងឱកាសនេះ អនុញ្ញាតិឲ្យខ្ញុំសូមសម្តែងការអបអរ និងគាំទ្រការសុំសិទ្ធិ ការទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ (ពិសេសរបស់លោក សុន ឆ័យ នៅពេលថ្មីៗនេះ) លើសពីនេះ សូមកោតសរសើរ និងរីករាយចំពោះបំណងរបស់លោកទាំងពីរអំពីគម្រោង(តាមប្រព័ន្ធព័ត៌មាន)ថានឹងបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣ ដោយមិនសង្ឃឹម មិនជឿ មិនរង់ចាំលទ្ធផលពីអន្តរជាតិ និងពីមេដឹកនាំអតីតCNRP អំពីការបង្ខំតាមមធ្យោបាយផ្សេងៗឲ្យCPPសងCNRP សងតំណែងជាប់ឆ្នោត និងឲ្យរៀបចំការបោះឆ្នោតឡើងវិញមុនឆ្នាំ២០២២ និងឆ្នាំ២០២៣ នោះអាចកើតឡើងបានឡើយ។
ការយល់ឃើញរបស់ខ្ញុំ ប្រហែលមិនខុសពីអ្នកនយោបាយដែលបានសម្រេចសុំសិទ្ធិកន្លងហើយ ទើបសុំសិទ្ធិ និងសុំសិទ្ធបន្តបន្ទាប់ គឺពិតជាយល់ច្បាស់ថា អំពើទារក្រៅសម្លេងឆ្នោតឲ្យ ហ៊ុន សែន ចុះពីអំណាច (ជាបដិវត្តដើមទី) ផែនការមាតុភូមិនិវត្តន៍ ផ្តួលរំលំចាប់ ហ៊ុន សែន (ជាបដិវត្តន៍កណ្តាលទី) និងការថ្លែងអំពីផែនការដក ហ៊ុន សែន ចេញ ប្តូរថ្មីទាំងអស់ រៀបចំថ្មីទាំងអស់គឺ (ជាបដិវត្តន៍ចុងទី) ដ៏ពិសពុល គ្រោះថ្នាក់ដល់អតីតCNRP ដល់ប្រជាពលរដ្ឋ ដល់ប្រទេសជាតិ (ចេតនាបដិវត្តន៍មិនទាន់បញ្ចប់ទេ) ដែលយើងអ្នកនយោបាយប្រជាធិបតេយ្យសុចរិត (ពិសេសអតីតសមាជិកCNRP) មិនអាចមិនផ្តាច់ខ្លួនចេញពីគំនិតដ៏ខ្មៅងងឹតនេះ ហើយរួសរាន់បង្កើតគណបក្សនយោបាយថ្មី ដើម្បីអំណាចកម្ពុជា(ជាអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ) តាមរយៈការបោះឆ្នោតសេរីត្រឹមត្រូវយុត្តិធម៌តែម្យ៉ាងគត់ប៉ុណ្ណោះ។
ដោយការគោរព និងផ្តល់តម្លៃខ្ពស់ចំពោះសមត្ថភាព និងលទ្ធភាពទំនាក់ទំនងដ៏ទូលំទូលាយរបស់លោកទាំងពីរ ខ្ញុំសូមសម្តែងនូវបំណងរួមគ្នាផ្តួចផ្តើមឲ្យមានការជួបពិភាក្សាជាទ្វេរភាគី ពហុភាគីរវាងថ្នាក់ដឹកនាំគណបក្សនយោបាយប្រជែងនានា ដើម្បីរករូបមន្តណាមួយដែលអាចទទួលបានលទ្ធផលពហុបក្សនៅក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យបានទូទាំងប្រទេសក្នុងឆ្នាំ២០២២ និងនៅរដ្ឋសភាក្នុងឆ្នាំ២០២៣ខាងមុខ ប្រកប ដោយប្រសិទ្ធភាពខ្ពស់។
ខ្ញុំសង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា លោកទាំងពីរទទួល និងពិចារណា ចំពោះបំណងដ៏ស្មោះត្រង់ សុចរិតបំផុត ដើម្បីរបបប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលមជ្ឍដ្ឋានជាតិ និងអន្តរជាតិទទូចចង់បាន។
ជាទីបញ្ចប់ ខ្ញុំសូមគោរពជូនពរលោកទាំងពីរ សូមមានសុខភាពល្អ និងសម្រេចជោគជ័យអំពីបំណង អំពីសកម្មភាពបម្រើប្រជាពលរដ្ឋ បម្រើប្រទេសកម្ពុជាជាគោលដៅ ដែលលោក និងប្រជាពលរដ្ឋទាំងអស់ចង់ឲ្យមានការផ្លាស់ប្តូរ ឲ្យមានពហុបក្សនៅថ្នាក់ក្រោមជាតិ (ក្រុមប្រឹក្សាឃុំ-សង្កាត់) និងពហុបក្សនៅថ្នាក់ជាតិ (នីតិបញ្ញត្តិ) ឡើងវិញមិនអាចខ្វះបានជាបន្តបន្ទាប់តទៅនៅកម្ពុជា។ សូមលោកទាំងពីរ ទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ៕