សារព័ត៌មានមហាខ្មែរ

លោកស្រី កុយ ពិសី ថាអត់មានបាត់ដីទៅវៀតណាមទេ

0

អនុប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី បាន​ថ្លែង​ថា គ្រប់​ចម្លើយ​របស់​ពលរដ្ឋ​ដែល​បាន​សួរ​អំពី​បញ្ហា​ព្រំដែន ពួក​គេ​សុ​ទ្ឋ​តែ​បាន​អះអាង​ថា ពុំ​មាន​បាត់ដី​ទៅ​វៀតណាម​ទេ ។​

​បើ​តាម​លោកស្រី កុយ ពិសី ពលរដ្ឋ​បាន​ប្រាប់​លោកស្រី​ថា «​អ្វី​ដែល​គាត់​ចូលរួម​ជាមួយ​ពួក​អគតិ​កន្លង​ទៅ ដោយ សារ​ពួក​អគតិ​បាន​សន្យា​ថា នឹង​ជួយ​តវ៉ា​សុំ​ដី​ដែល​កម្ពុជា ទទួល​បាន​បន្ទាប់​ពី​ការ​បញ្ចប់​ការងារ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​នៅ​តំបន់​នោះ​ឲ្យ​ពួក​គាត់​បាន​អាស្រ័យ ផល​ទៅ​ថ្ងៃ​មុខតែ​ប៉ុណ្ណោះ​។​»​។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គណនី​ឈ្មោះ «Koy Pisey/​កុយ ពិសី ដែល​គេ​ដឹង​ថា​ជា​គ​ណនី​ផ្លូវការ​របស់​លោកស្រី កុយ ពិសី លោកស្រី​បាន​សរសេរ​បង្ហោះ​នៅ​ប្រមាណ​១​ម៉ោង​មុន​នេះ​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​
«​ថ្ងៃនេះ (5/9/20) ខ្ញុំ​បាន​រួម​ដំណើរ​ជាមួយ​ឯ​ឧ​. វ៉ា​គឹ​ម​ហុង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចុះ​ទៅ​ជួប​បងប្អូន ពលរដ្ឋ​នៅ​ភូមិ​ត្រពាំង​ថ្លុ​ង នៅ​ទីតាំង​បង្គោល​ព្រំដែន​លេខ​១១៧ នៅ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​បន្ទាប់​ពី​យើងខ្ញុំ​បោះបង្គោល​ព្រំដែន​រួច​នៅ​តំបន់​នោះ មាន​បាត់ដី​ទៅ​វៀតណាម​ដូច​ការ​លើក ឡើង​របស់​ជន​អគតិ​ដែរ​ឬទេ​?​?​
​គ្រប់​ចម្លើយ​សុ​ទ្ឋ​តែ​ឆ្លើយ​ថា អត់​មាន​បាត់ដី​ទៅ​វៀតណាម​ទេ អ្វី​ដែល​គាត់​ចូលរួម​ជាមួយ​ពួក​អគតិ​កន្លង​ទៅ ដោយ សារ​ពួក​អគតិ​បាន​សន្យា​ថា នឹង​ជួយ​តវ៉ា​សុំ​ដី​ដែល​កម្ពុជា ទទួល​បាន​បន្ទាប់​ពី​ការ​បញ្ចប់​ការងារ​ខណ្ឌសីមា​និង​បោះ បង្គោល​ព្រំដែន​នៅ​តំបន់​នោះ ឲ្យ​ពួក​គាត់​បាន​អាស្រ័យ ផល​ទៅ​ថ្ងៃ​មុខតែ​ប៉ុណ្ណោះ​។ ការ​ពិត​ត្រូវ​បាន​លាតត្រដាង​បន្ថែម​ទៀត​៕៚»​។​

​ការ​លើក​ឡើង​របស់​លោកស្រី កុយ ពិសី​ខាងលើ បាន​ធ្វើ​ឡើង បន្ទាប់​ពី​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​បូក​សរុប​ការងារ​ឆមាស​ទី​៤ ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០២០ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​អះអាង​ថា បាត់ដី​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​បាន​បង្គាប់​ឲ្យ​មានការ​បើក​សិក្ខាសាលា​សួរ​ដេញ​ដោយ​ពី​បញ្ហា​ព្រំដែន ដោយ​មាន​និស្សិត សិស្ស​និង​ប្រជាពលរដ្ឋ​ចូលរួម​ចោទសួរ​ផង​ដែរ ។​

​ជា​ការ​កត់សម្គាល់ ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ព្រំដែន​រហូត​មានការ​ចាប់ខ្លួន លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា និង លោក​សួង សោ​ភ័​ណ្ឌ ប្រធាន​គណបក្ស​«​ខ្មែរ​ឈ្នះ​» បាន​កើត​មាន​បន្ទាប់​ពី កម្ពុជា និង​វៀតណាម បាន​ប្រគល់ និង​ទទួល ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ កាលពី​ថ្ងៃ​ទី​០១ សីហា ២០២០​។​

​បើ​តាម​មន្ត្រីជាន់ខ្ពស់​កិច្ចការ​ព្រំដែន​ផែនទី​ខ្នាត ១/២៥ ០០០ នេះ​បាន​បង្ហាញ​ពេញលេញ​លទ្ធផល ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ប្រមាណ​ជា​៨៤% ដែល​ប្រទេស​ទាំង​ពី​សម្រេច​បាន​។​

​ផែនទី​នេះ ជា​ផែនទី​ទំនើប​សម័យ​ឌី​ជី​ថ​ល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​និង​ស្ថានភាព​ភូម​មិ​សាស្ត្រ​នៅ លើ​ដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ប៉ុន្តែ​សម្រាប់​សង្គម​ស៊ី​វិល​និង​ពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​មិន​ពេញចិត្ត​ដោយ​បារម្ភ​ថា​ផែនទី​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់ដី​មួយ​ចំនួន​ទៅ​វិញ ៕

អត្ថបទទាក់ទង