មេសិទ្ធិមនុស្សកម្ពុជា នៅតែបន្តចាត់ទុកសិទ្ធិរស់រានមានជីវិត គឺមានតម្លៃជាទីបំផុត
ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ ២០២០ ក្រោមប្រធានបទ «សិទ្ធិ និងសន្តិភាព» លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងចាត់ទុកសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនម្នាក់ៗ គឺមានសារៈសំខាន់ជាទីបំផុត មុននឹងនិយាយពីបញ្ហាអ្វីផ្សេងទៀត។
ថ្លែងនៅក្នុងឱកាសនេះមេសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានរំលឹកអំពីស្ថានភាពក្រោយសង្គ្រាមលោកលើកទី ២ ដែលសហគមន៍អន្តរជាតិ បាននាំគ្នាបង្កើតអង្គការសហប្រជាតិ ក្នុងទិសដៅដើម្បីទប់ស្កាត់កុំឲ្យមានសង្គ្រាមតទៅទៀត និងលើកស្ទួយ អភិវឌ្ឍន៍ផ្នែកសិទ្ធិមនុស្ស
ដោយនៅក្នុងឆ្នាំ ១៩៥៨ប្រទេសជាង ៥០បានធ្វើការអនុម័តយល់ព្រមទទួលស្គាល់នៅការប្រកាសជាសកលនៅសិទ្ធិមនុស្ស ហើយបានកំណត់យកថ្ងៃទី ១០ធ្នូជាថ្ងៃដែលប្រារព្ធកម្មវិធីនៃអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ។
លោកបានកត់សម្គាល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ក៏ដូចជាសកលលោក នៅតែមានបញ្ហាជាច្រើន ទាក់ទងបញ្ហាសង្រ្គាមជម្លោះប្រដាប់អាវុធ ផ្ទៃក្នុងនៅតែបន្តកើតឡើង ទាក់ទងគ្រោះមហន្តរាយ ទឹកជំនន់បាក់ដី និងជំងឺរាតត្បាតផ្សេងៗ ក្នុងនោះដូចជាជំងឺកូវីដ-១៩ ជម្លោះសាសនាបានកើតឡើង និងពាក់ព័ន្ធទៅនឹងការរើសអើងពូជសាសន៍ ពណ៌សម្បុរ ក៏នៅតែបន្តកើតមានដែរ។
លោកបានបន្តថា អ្វីដែលកត់ចំណាំទាក់ទងការរាតត្បាតនៃជំងឺកូវីដ-១៩ នៅអឺរ៉ុបក្នុងរយៈពេល ៥សប្តាហ៍ចុងក្រោយនេះមានការហក់ឡើងឆ្លងជំងឺកូវីដ-១៩នេះ ក្នុងរលកទី២ មានរហូតដល់ជាង ១០លាននាក់ ដែលខុសពីកម្ពុជា ដែលសង្កេតឃើញកម្ពុជាមានលក្ខណៈល្អប្រសើរ។
ហើយចំណុចមួយទៀតទាក់ទងនឹងបញ្ហាសង្រ្គាមដែលកំពុងកើតនៅប្រទេសមួយចំនួន បានធ្វើឲ្យបាត់បង់នូវសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងសកលលោកធ្វើឲ្យបាត់បង់នៅជម្រក បាត់បង់នៅសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការអប់រំ ការទទួលបាននៅសេវ៉ាសុខភាព។ល។
លោក កែវ រ៉េមី បានសង្កត់ធ្ងន់ថា៖ «សិទ្ធិមនុស្ស គឺជាមូលដ្ឋានដែលមនុស្សគ្រប់រូបត្រូវមាន និងរស់នៅក្នុងសេចក្តីថ្លៃថ្នូរ សមរម្យជាមនុស្ស»។
យ៉ាងណាមិញនៅប្រទេសកម្ពុជា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកបានខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតមិនឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលនេះ គឺជាការលើកស្ទួយនៅសិទ្ធិរស់រានមានជីវិត ក្រៅពីនេះទាក់ទងទៅនឹងជំងឺកូវីដ-១៩
ក៏ដូចជាទឹកជំនន់ រាជរដ្ឋាភិបាលក៏ដូចជា ក្រុមការងារកាកបាទក្រហម យុវជន និងកងទ័ព ក្រុមមនុស្សធម៌ថ្នាក់ដឹកនាំទាំងអស់រួមមតិគ្នា មូលកម្លាំងគ្នា ដើម្បីជួយសង្រ្គោះប្រជាជនឲ្យទាន់ពេលវេលា ទាំងនេះជាចំណុចសំខាន់មួយក្នុងការលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានទម្លាក់នៅកញ្ចប់ថវិកា ផ្តល់ជំនួយសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩គឺក្រ១, ក្រ២ ក្នុងទំហំទឹកប្រាក់ជាង ២៥លានដុល្លារ ជាងរៀងរាល់ខែ៕