លោកកឹម សុខា ចេញមុខប្រកាសគាំទ្រគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន តែលោកសម រង្សី បានសម្តែងការចំអកតាមទំព័រហ្វេសប៊ុក
លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃអង្គារនេះតាមរយៈទំព័រហ្វេសប៊ុកបានប្រកាសគាំទ្រលើគម្រោងទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោកហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានប្រកាសឱ្យដឹងពីគម្រោងទិញវ៉ាក់សាំងនេះ១លានដូសសម្រាប់ចាក់ការពារដល់ប្រជាពលរដ្ឋខ្មែរ។ សម្រាប់លោកកឹម សុខា គម្រោងនេះ គឺធ្វើឡើងទាន់ពេលវេលា ដើម្បីការពារពលរដ្ឋខ្មែរពីជំងឺកូវីដ១៩។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោកកឹម សុខា បានប្រកាសគាំទ្រដល់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រដ្ឋាភិបាលកម្ពុជា។
មិនតែប៉ុណ្ណោះ លោកកឹម សុខា ថែមទាំងប្រកាសគាំទ្រនូវគម្រោងផែនការដែលដាក់ចេញមកដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការប្រកាសគាំទ្ររបស់លោកកឹម សុខានាពេលនេះ គឺផ្ទុយនឹងលោកសម រង្សី។ លោកសម រង្ស៊ី ដែលជាប្រធានស្តីទីអតីតបក្សប្រឆាំងកាលពីថ្ងៃទី០៦ ខែធ្នូ បានសម្តែងការចំអកតាមទំព័រហ្វេសប៊ុកលើចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមវ៉ាក់សាំងចាក់ការពារប្រជាពលរដ្ឋពីជំងឺកូវីដ១៩។
លោកសម រង្ស៊ី ថែមទាំងហៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថា ជាមេដឹកនាំអវិជ្ជាថែមទៀតផង។
ប៉ុន្តែនៅថ្ងៃទី០៧ ខែធ្នូ លោកនាយកដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីគម្រោងបញ្ជាទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន១លានដូសសម្រាប់ដំណាក់កាលដំបូង និងត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងនេះពី២ទៅ៣លានដូសបន្ថែមទៀតសម្រាប់ចាក់ការពារប្រជាពលរដ្ឋ។
ក្រោយការប្រកាសនេះ សេដ្ឋីៗស្រុកខ្មែរ មន្រ្តីរាជការ និងប្រជាពលរដ្ឋដទៃទៀតបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមគាំទ្រគម្រោងរបស់រដ្ឋាភិបាលនេះ។
ចំណែក លោកកឹម សុខាវិញ ក៏បានលើកទឹកចិត្តពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ ដោយទឹកចិត្តសប្បុរសធម៌ សាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ននៃជំងឺកូវីដ១៩ ។
លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ និង ប្រទេសអភិវឌ្ឍន៍មានធនធាន មានមធ្យោបាយឱ្យជួយផ្ដល់នូវវ៉ាក់សាំងការពារនឹងជំងឺកូវីដ១៩នេះដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរ តាមលទ្ធភាព និង ប្រកបដោយមនុស្សធម៌៕ ប្រភព៖ RFI