អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបទៅនឹងរបាយការណ៍ អំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានធ្វើការឆ្លើយតប និងបំភ្លឺ ៤ចំណុច អំពីកង្វល់ និងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
លោក ជិន ម៉ាលីន បានចាត់ទុករបាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាននិងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថា ការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថា ជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់
និងធ្វើការវិភាគវែកញែកពីទង្វើនិងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនុស្ស ឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាន និងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះ បានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។
លោក ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិត បង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ
ហើយអ្នកដែលអនុវត្តនូវសកម្មភាព និងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះ ក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។
ជាមួយគ្នានេះ លោក ជិន ម៉ាលីន បានលើកឡើងថា រដ្ឋាភិបាល លើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ចំពោះក្រុមដែលមានផែនការនិងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕