សេចក្តីព្រាងច្បាប់ស្តីពី ព្រំដែនគោករវាងកម្ពុជានិងវៀតណាម បានឆ្លងផុតព្រឹទ្ធសភាហើយ នៅថ្ងៃទី១២ ខែវិច្ឆិកានេះ
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម រួមនឹងសេចក្តីព្រាងច្បាប់ចំនួន ៥ផ្សេងទៀត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើយោងតាមកិច្ចប្រជុំព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម បានអនុម័តយល់ព្រមដោយ ៥២សំឡេង។ បន្ទាប់ពីនេះ ព្រឹទ្ធសភា ក៏នឹបញ្ជូនសេចក្តីព្រាងច្បាប់នោះ ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការពិនិត្យសម្រេច មុននឹងថ្វាយព្រះមហាក្សត្រឡាតព្រះហត្ថលេខា។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាមនេះ។ លោក បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងជាលាយលក្ខណ៍អក្សរ មានចំណងជើងនៃច្បាប់ ចែកជា ៣មាត្រា និងមានសេចក្ដីថ្លែងហេតុ បញ្ជាក់អំពីហេតុផល និងគោលបំណងច្បាស់លាស់
គឺរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តដ៏មោះមុត និងសុឆន្ទៈ ដើម្បីសម្រេចឱ្យបានព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមមាត្រា២ ជំពូកទី១ នៃរដ្ឋធម្មនុញ្ញ ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា ប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនមានសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសភូមិផងរបងជាមួយ ស្របតាមគោលការណ៍ច្បាប់ជាតិ និងការអនុវត្តជាអន្ដរជាតិ ស្ដីពីព្រំដែន។
លោក វ៉ា គឹមហុង បានឱ្យដឹងថា ចំណុចទី៣ និងទី៤ ប្រការ៤ នៃសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ បានអនុញ្ញាតឱ្យភាគីទាំងពីរ ផលិតផែនទីព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ និងធ្វើពិធីសារស្ដីពី ការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ រួមមានឯកសារលម្អិតស្ដីពីព្រំដែន បណ្ដាបង្គោលព្រំដែន និងផែនទីព្រំដែន ដើម្បីសម្ដែងឡើងនូវទិសដើរនៃខ្សែព្រំដែន ព្រមទាំងទីតាំងបង្គោលព្រំដែន ដែលស្ថិតនៅតាមបណ្ដោយព្រំដែនទាំងមូល។
បច្ចុប្បន្ន ប្រទេសទាំងពីរសម្រេចបាននូវសមិទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ៨៤% នៃខ្សែព្រំដែនរួម ដែលក្នុងនោះខណ្ឌសីមាព្រំដែនបានប្រវែង ១.០៤៥គីឡូម៉ែត្រ និងបោះបង្គោលព្រំដែនធំបានចំនួន ៣១៥បង្គោល បង្គោលខណ្ឌសីមាព្រំដែនបានចំនួន ១ .៥១១បង្គោល បង្គោលតម្រុយព្រំដែនបានចំនួន ២២១ និងចំណុចពិសេស ដើម្បីធ្វើឱ្យច្បាស់ទិសដើរនៃខ្សែព្រំដែន នៅលើដីជាក់ស្ដែងចំនួន ១.០០០។ សរុបមានចំនួន ៣ .០៤៧បង្គោល នៅលើដី និងនៅលើផែនទី។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានលើកឡើងថា សេចក្ដីព្រាងច្បាប់នេះ ជាឯកសារបច្ចេកទេសផ្លូវច្បាប់ ដែលបានកត់ត្រាទុកយ៉ាងលម្អិតខ្សែព្រំដែនគោករវាងកម្ពុជា និងវៀតណាម ដែលជាការធានាការពារបូរណភាពទឹកដីកម្ពុជា ក្នុងរង្វង់ក្រឡាផ្ទៃ ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដោយផ្អែកលើផែនទីបោនខ្នាត ១/១០០ ០០០ ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង ដូចមាន ចែងក្នុងមាត្រា២ ជំពូកទី១ នៃរដ្ឋធម្មនុញ្ញកម្ពុជា
និងបានតម្កល់ទុកជាឯកសារ នៅអង្គការសហប្រជាជាតិ ដែលភាគីទាំងពីរបានឯកភាពគ្នាជាមូលដ្ឋាន ក្នុងការខណ្ឌសីមា និងបោះបង្គោលព្រំដែន អមដោយផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥ ០០០ ចំនួន ៩២ផ្ទាំង។ ផែនទីនេះបានរំលេចបង្គោលព្រំដែននៅលើផែនទី និងមានកត់ត្រានិយាមកាច្បាស់លាស់ ដើម្បីកត់សម្គាល់ សមិទ្ធផល ៨៤% ដែលសម្រេចបាន ដែលជាឯកសារគ្រឹះរឹងមាំ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ខ្សែព្រំដែនមិនកែប្រែរឹងមាំ យូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែនសន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ព្រឹទ្ធសភាក៏បានប្រជុំពិនិត្យឱ្យយោបល់ និងអនុម័តលើរបៀបវារៈចំនួន ៥ទៀតផងដែរ៕