តុលាការកំពូលបើកសវនាការលើបណ្តឹង សុំនៅក្រៅឃុំរបស់លោករ៉ុង ឈុន
កាលពីម្សិលមិញតុលាការកំពូលបានចាប់ផ្តើមបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន មេដឹកនាំសហភាពសហជីពកម្ពុជាដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ជុំវិញសេចក្តីថ្លែងការណ៍ដែលលោកបានអះអាងថាប្រទេសកម្ពុជាបានប្រគល់ដីទៅអោយប្រទេសវៀតណាមតាមបណ្តោយព្រំដែនរួមក្នុងខេត្តត្បូងឃ្មុំ។
អ្នកស្រី គឹម សត្ថាវី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបាននិយាយថា លោក រ៉ុង ឈុន មានអាយុ ៥១ ឆ្នាំជាមេដឹកនាំសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរក្នុងសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកស្រីបានបន្តថានៅថ្ងៃទី ២០ ខែកក្កដា លោក ឈុន បានទៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែកដែលលោកបាននិយាយថាអ្នកភូមិខ្មែរអះអាងថាការបោះបង្គោលព្រំដែនថ្មីៗនេះបានធ្វើអោយពួកគេបាត់បង់ដីទៅវៀតណាមដែលជាប្រទេសជិតខាង។
លោកស្រីបាននិយាយថា៖ «នៅថ្ងៃទី ២១ ខែកក្កដា លោក ឈុន បានចេញសេចក្តីថ្លែងការណ៍មួយហើយបានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា ក្រុមប្រឹក្សាឃ្លាំមើលបានចុះទៅកន្លែងបោះបង្គោលព្រំដែនលេខ ១១៤ ដល់ ១១៩ ក្នុងស្រុកនៅថ្ងៃទី ២០ ខែកក្កដាហើយក្រុមប្រឹក្សាឃ្លាំមើលបានកត់សម្គាល់ពីភាពមិនប្រក្រតីជាច្រើន។ ដីកម្ពុជារាប់រយហិកតាត្រូវបានបាត់បង់ទៅប្រទេសវៀតណាម»។
លោកស្រីបន្ថែមថា៖ «លោក ឈុន ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣១ ខែកក្កដាបន្ទាប់ពីគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាបានបដិសេធសេចក្តីថ្លែងការណ៍របស់លោកដោយនិយាយថាអង្គការរបស់លោកបានផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ដោយផ្អែកលើការចោទប្រកាន់ដោយគ្មានមូលដ្ឋានដែលមានគោលបំណងធ្វើអោយមានការភ័ន្តច្រឡំក៏ដូចជាផ្សព្វផ្សាយការអះអាងមិនពិតដែលថារដ្ឋាភិបាលកំពុងបង្ខំ ប្រជាជនកម្ពុជាអោយឈប់ធ្វើស្រែនៅជិតព្រំដែន។
លោកស្រីបន្តថាបន្ទាប់ពីការចាប់ខ្លួន លោក ឈុន បានសរសេរលិខិតទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៥ ខែសីហានិងស្នើសុំអោយតុលាការដោះលែងគាត់អោយនៅក្រៅឃុំដែលតុលាការបានបដិសេធនៅថ្ងៃទី ៦ ខែសីហា។
លោកស្រីបានបន្ថែមថាបន្ទាប់មកលោកបានទទួលយកសេចក្តីសម្រេចរបស់តុលាការដោយបដិសេធអោយលោកនៅក្រៅឃុំនៅសាលាឧទ្ធរណ៍ដែលបានតម្កល់នៅថ្ងៃទី ១ ខែកញ្ញា។ បន្ទាប់មកលោកបានប្តឹងទៅតុលាការកំពូល។
ក្នុងពេលបើកសវនាការ លោករុ៉ង ឈុនបាននិយាយថាលោកស្នើអោយតុលាការដោះលែងខ្លួនលោកពីព្រោះនគរបាលបានចាប់ខ្លួនលោកដោយគ្មានដីកាដែលចេញដោយតុលាការដែលជាការរំលោភសិទ្ធិរបស់លោក។ លោករ៉ុង ឈុនបាននិយាយថា៖ «ខ្ញុំសន្យាថាខ្ញុំនឹងគោរពនីតិវិធីរបស់តុលាការហើយនឹងមិនរត់ចេញពីប្រទេសទេប្រសិនបើខ្ញុំត្រូវបានដោះលែងអោយនៅក្រៅឃុំ»។ សាលក្រមគ្រោងនឹងធ្វើនៅថ្ងៃទី ២៥ ខែវិច្ឆិកា៕ ប្រភព៖ Khmer Times