ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ! យកសំណើទៅដាក់នៅស្ថានទូតកម្ពុជា នៅវ៉ាស៊ីនតោន អត់មានមន្រ្តីណាចេញមកទទួល…
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានយកសំណើទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីសុំទៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេឡើងវិញ។ ដោយសារតែស្ថានទូតបិទទ្វារនិងគ្មានតំណាងណាម្នាក់ ចេញជួបពួកគេទេ ហើយពួកគេបានត្រឹមដាក់សំណើនោះ ក្នុងប្រអប់ប្រៃសណីយ៍នៅនឹងរបងស្ថានទូតប៉ុណ្ណោះ។
ពេលយកសំណើទៅដាក់នៅស្ថានទូត អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ចោទជាសំណួរថា ហេតុអ្វីថ្ងៃហ្នឹងបិទទ្វារ? ឬមួយក៏មានការរើសអើងខាងផ្លូវនយោបាយ? បន្ទាប់មកអ្នកស្រី ថ្លែងថា៖«យើង មានសិទ្ធិស្មើគ្នា អត់មានត្រូវការរើសអើងទេ»។
ឆ្លើយតបនិងការរិះគន់នេះ អ្នកនាំពាក្យស្ថានទូតកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា៖«អ្នកនាំពាក្យរបស់ស្ថាទូត សូមទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានអំពីការចោទប្រកាន់គ្មានមូលដ្ឋានខាងលើនេះ ស្របពេលជាមួយគ្នានេះ សូមអះអាងពីមោទនភាពរបស់ស្ថានទូតក្នុងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ»។
ស្ថានទូត បានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងរវាងស្ថានទូតនិងសហគមន៍ខ្មែរ នៅក្រៅប្រទេស និងបានយកចិត្តទុកដាក់និងទទួលខុសត្រូវក្នុងការផ្តល់សេវាផ្សេងៗដល់ប្រជាពលរដ្ឋខ្មែរទូទៅ។
នៅមុខស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោក អ៊ាង ឆៃអ៊ាង សួរថា មានច្បាប់ណា ដែលដាក់ក្រុមលោក ឲ្យនៅក្រៅច្បាប់? លោក ការពារក្រុមលោកថា៖«ពួកខ្ញុំ នៅក្នុងច្បាប់ ដែលធានាដោយរដ្ឋធម្មនុញ្ញ»។
កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា បញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំទាំង១២រូប រួនមាន៖ អ្នកស្រី មូរ សុខហួរ, លោក អេង ឆៃអ៊ាង, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក សោ ចាន់ដេត, លោក គង់ សភា, លោក វ៉ាន់ ណារិទ្ធ, លោក ដាង ចំរើន, លោក ញឹម គិមញុល, លោក ហេង ដាណារ៉ូ, លោក អ៊ីសា ឧស្មាន និង លោក ម៉ន ផល្លា៕