ក្រសួង៖ រាល់អ្នកដែលជួយ សម រង្ស៊ី នឹងត្រូវប្រឈមនឹងផ្លូវច្បាប់
កាលពីម្សិលមិញក្រសួងយុត្តិធម៌បានព្រមានថា សកម្មជន ឬអ្នកគាំទ្រណាមួយរបស់គណបក្សសង្គ្រោះជាតិរំលាយដោយតុលាការ ដែលចូលរួមជួយដល់ការវិលត្រឡប់របស់លោក សម រង្ស៊ី នឹងត្រូវគេចាត់ទុកថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលហើយ អ្នកទាំងនោះត្រូវប្រឈមនឹងផ្លូវច្បាប់។
លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសនៅទីក្រុងប៉ារីស ថ្មីៗនេះបានប្រកាសជាថ្មីម្តងទៀតថាលោកនឹងវិលត្រឡប់មកព្រះរាជាណាចក្រវិញឆាប់ៗនេះដើម្បីលុបបំបាត់នូវអ្វីដែលលោកហៅថារបបក្បត់ជាតិ។ នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីខែសីហាលោក សម រង្ស៊ី បានប្រកាសថា៖ យើងត្រូវជួយសង្គ្រោះ និងរំដោះជាតិយើងពីកណ្តាប់ដៃនៃរបបក្បត់ជាតិពីការសម្លាប់ប្រជាជាតិយើងដូចជាពួកគេកំពុងសំលាប់ម្តាយរបស់យើង។ ខ្ញុំនឹងមកប្រមូលកម្លាំង។
ខ្ញុំជឿថាប្រហែល ៩០ ភាគរយនៃប្រជាជនស្រឡាញ់ប្រទេសជាតិ ប៉ុន្តែមានតែមួយភាគរយប៉ុណ្ណោះដែលស្មោះត្រង់នឹង [លោកនាយករដ្ឋមន្ត្រី] ហ៊ុន សែន»។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអោយដឹងកាលពីម្សិលមិញថា អ្នកដែលចូលរួមជាមួយលោក សម រង្ស៊ី និងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិផ្សេងទៀតនៅក្នុងផែនការនេះនឹងត្រូវប្រឈមនឹងច្បាប់។
លោកបាននិយាយថា៖ «ពួកគេមានបំណងញុះញង់សកម្មជន និងអ្នកគាំទ្រឱ្យបះបោរប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាល។ ដូច្នេះ ទោះបីពួកគេចូលរួមក្នុងការអនុវត្តផែនការនេះ ឬគាំទ្រផែនការខុសច្បាប់តាមគ្រប់រូបភាពនិងតាមមធ្យោបាយណាក៏ដោយ គឺត្រូវចូលរួមក្នុងការប្រព្រឹត្តបទឧក្រិដ្ឋហើយពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់» ។
លោក ម៉ាលីន បានប្រៀបធៀបផែនការថ្មីរបស់លោក សម រង្ស៊ី ទៅនឹងផែនការកាលពីឆ្នាំមុននៅពេលអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ៧០ នាក់ត្រូវបានចាប់ខ្លួនជុំវិញអ្វីដែលរដ្ឋាភិបាលហៅថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ក្រោយមកពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ លោកបានបន្ថែមថា៖ «ផែនការថ្មីនេះមិនខុសពីផែនការកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទេ។ វាជាផែនការអាក្រក់ដែលខុសច្បាប់ព្រោះវាត្រូវបានរៀបចំឡើងដោយក្រុមឧក្រិដ្ឋជន»។
នៅពេលនោះ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សម រង្ស៊ី និងអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៨ នាក់ផ្សេងទៀតពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ពួកគេត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងវិលត្រឡប់ពីនិរទេសនិងធ្វើរដ្ឋប្រហារ។ ប្រសិនបើត្រូវបានផ្តន្ទាទោសពួកគេម្នាក់ៗនឹងប្រឈមមុខនឹង ១៥ ទៅ ៣០ ឆ្នាំពីបទរំលោភមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ។
លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ថ្មីៗនេះបានអំពាវនាវដល់កងទ័ពទាំងអស់រារាំង អ្នកនយោបាយដែលស្រេកឃ្លាន ពីសង្គ្រាមចិត្តសាស្ត្រ និងញុះញង់ប្រជាជនឱ្យបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងព្រះរាជាណាចក្រ។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានណែនាំដល់ប៉ូលីសតាមដាន និងទប់ស្កាត់សកម្មភាពរបស់ ក្រុមឧទ្ទាមខុសច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ថ្លែងដោយផ្ទាល់នៅលើបណ្តាញសង្គមក្រោមប្រធានបទ ការគោរពច្បាប់ និងសិទ្ធិមនុស្សលើបាតុករ និងការជួលអ្នកតវ៉ា នៅទីក្រុងភ្នំពេញកាលពីម្សិលមិញលោក ម៉ា លីន ក៏ជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្តីបន្ទោសលោក ហូ វ៉ាន់ អតីតសមាជិកសភាគណបក្សប្រឆាំងចំពោះការចូលរួមរបស់គាត់ក្នុងការរៀបចំបាតុកម្មរបស់អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅខាងក្រៅស្ថានទូតចិនកាលពីខែមុន។
លោកថាអ្នកដែលរៀបចំបាតុកម្មបែបនេះ ហើយនិងអ្នកដែលចូលរួមកំពុងប្រឈមនឹងសកម្មភាពស្របច្បាប់ដូចគ្នា។ រហូតមកដល់ពេលនេះសកម្មជនគណបក្សសង្គ្រោះជាតិ ៤ នាក់ដែលបានចូលរួមធ្វើបាតុកម្មនៅស្ថានទូតចិនត្រូវបានចាប់ខ្លួន។ ពួកគេត្រូវបានតុលាការក្រុងចោទពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើរកឃើញថាមានពិរុទ្ធពួកគេប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០០ ដុល្លារ។
ទោះយ៉ាងណា លោក គង់ សុភា អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិបានហៅការចាប់ខ្លួនពួកគេថាជា ការគំរាមកំហែងនយោបាយដើម្បីបំបាក់ស្មារតី សកម្មជនដែលហ៊ានក្រោកឈរឡើង។ លោកបានអំពាវនាវឱ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិឃ្លាំមើលស្ថានការណ៍នេះ៕ ប្រភព៖ Khmer Times