សារព័ត៌មានមហាខ្មែរ

អ្នកនាំពាក្យ៖ តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណាដាក់សម្ពាធបានទេ

17

មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌ ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ដែល​រិះគន់​លើ​វិធានការ​របស់​រដ្ឋាភិបាល ក្នុង​ការ​ចាប់ខ្លួន​ពលរដ្ឋ​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​នយោបាយ​។​

​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បន្ទាប់​ពី​ក្រុម​សង្គម​ស៊ី​វិល​ចំនួន​៧៩​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ បាន​រួម​គ្នា​ស្នើ​ដល់​រដ្ឋាភិបាល បញ្ឈប់​រាល់​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ចាប់ខ្លួន​ទៅ​លើ​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តស៊ូ​មតិ​ដោយ​អហិង្សា ដោយ​ពួក​គេ​ថា សកម្មភាព​ទាំងនេះ​មិនមែន​ជា​ទ​ង្វើ​ខុសច្បាប់​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លី​ន បាន​លើក​ឡើង​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កដោយ​ចាត់​ទុក​អង្គការ​សមាគម​ដែល​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ម្សិលមិញ​ថា ជា​អង្គការ​សមាគម​ដែល​មិន​មាន​សកម្មភាព​អ្វី ក្រៅ​តែ​ពី​ការ​ប្រមូលផ្តុំ​គ្នា​ចេញ​សារ និង​សេចក្តីថ្លែងការណ៍​នយោបាយ ក្នុង​ការ​ការពារ​ក្រុម​គោលដៅ​នយោបាយ និង​រិះគន់​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​។​

​លោក​បន្ត​ថា ការ​ចាប់ខ្លួន​អ្នក​ជួបជុំ​តវ៉ា​កន្លង​មក ដើម្បី​ទប់ស្កាត់​អំពើ​ហឹ​ង្សា និង​ភាព​ចលាចល​ក្នុង​សង្គម ដែល​លោក​ថា ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​សិទ្ធិ​សេរីភាព​អ្នក​ដទៃ បើ​ទោះបីជា​ការ​តវ៉ា​របស់​ក្រុម​យុវជន​ធ្វើ​ឡើង​ដោយ​សនិ្ត​វិធី​ក៏​ដោយ​។​

​លោក​ថា​៖ «​រួម​ទាំង​ការ​ដាក់​សម្ពាធ​ដល់​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ផង​ដែរ​នោះ គឺជា​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ចាត់​គ្រប់​វិធានការ​ដើម្បី​ទប់ស្កាត់ ហើយ​អ្នក​តវ៉ា​ក៏​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ផង​ដែរ​ដែល​មាន​ជា​ធរមាន​»​។​

​លោក​បាន​បន្ថែម​ថា តុលាការ ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ជន​ណា ឬ​ក្រុម​អង្គការ​អន្តរជាតិ​ណាមួយ អាច​ដាក់​សម្ពាធ​និង​បង្គាប់បញ្ជា​មក​លើ​តុលាការ​បាន​នោះ​ទេ ហើយ​ការ​ចេញ​សេចក្តីថ្លែងការណ៍​ដាក់​សម្ពាធ និង​ទាមទា​ឱ្យ​តុលាការ​ដោះ​លែង​ជនជាប់ចោទ និង​ទម្លាក់​ចោល​បទ​ចោទ មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​ក្នុង​ការ​ការពារ​ជនជាប់ចោទ​នោះ​ទេ ហើយ​ក៏​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដែរ​ទៅ​លើ​ការ​សម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ដែរ​។​

​ដោយឡែក​ចំពោះ​អ្នក​បញ្ចេញមតិ​រឿង​ព្រំដែន​វិញ លោក ជិន ម៉ា​លី​ន ថា មិនមែន​ជា​ការ​អនុវត្ត​សិទ្ធិ​នោះ​ទេ ដោយ​លោក​ហៅ​អ្នក​បញ្ចេញមតិ​ទាំងនោះ​ថា ជា​ការ​បំផ្លើស​និង​បំភ្លៃ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​ទុច្ចរិត​ញុះញង់​បង្ក​ភាព​ចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ តែ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួលខុស​ត្រ​វ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​បទចោទប្រកាន់ ពី​បទ «​ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​» ។​

​ក្រោយ​ពី​ចាប់ខ្លួន លោក រ៉ុ​ង ឈុ​ន ក្រុម​យុវជន​នៃ​ក្រុម​ខ្មែរ​ថាវរៈ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​តវ៉ា​មួយ​ចំនួន​ដូច​ជា ការ​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ធ្វើ​យុទ្ធនាការ​ដើរ​តាម​ដង​វិ​ថី​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន​។​

​នៅ​ពី​ថ្ងៃ​ទី​១៣​ខែសីហា ឆ្នាំ​២០២០ យុវជន​ចំនួន ៦​នាក់ ​ដែល​សកម្មជន ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ដោះ​លែង លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​នោះ​មាន​៤​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ ក្រោយ​ពួក​គេ​ព្រម​ចុះ​កិច្ចសន្យា​ឈប់​តវ៉ា រីឯ​២​នាក់​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន​។​

​ដោយឡែក​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុ​ភ័​ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​១៤ សីហា ឆ្នាំ​២០២០ ក្រោម​ចោទប្រកាន់​ពី​បទ «​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន និង​ការ​ចោទប្រកាន់​មួលបង្កាច់​ទម្លាក់​កំហុស មក​លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ថា​ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ​លើ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​»៕

អត្ថបទទាក់ទង