ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គរស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក អញ្ជើញចូលរួមពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
សៀមរាប ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងម៉ោង ១៤ និង៣០នាទី ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក
តំណាងដ៏ខ្ពង់ខ្ពស់ ឯក ឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ក្នុងពិធី
ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ៨៩នាក់ ដែលរៀបចំធ្វើនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ លោក លោកស្រីស្នងការរង នាយការិយាល័យ និងអធិការក្រុង/ស្រុកទាំង ១២ ។
មន្ត្រីនគរបាលដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិទាំង ៨៩នាក់ រួមមាន ស្នងការរងចំនួន ០៩នាក់ នាយការិយាល័យចំនួន ០៥នាក់ នាយរងការិយាល័យចំនួន ៤៦នាក់ អធិការរងចំនួន ០៤នាក់ ផ្ទេរភារកិច្ចតែងតាំងមុខតំណែងចំនួន ៣៨នាក់ ផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិចំនួន ២៦នាក់ និងតម្លើងឋានន្តរស័ក្តិចំនួន ២៥នាក់ ។
មន្ត្រីដែលត្រូវបំពាក់ឋានន្តរស័ក្តិទាំង ៥១នាក់ រួមមាន : វរសេនីយ៍ឯក ចំនួន ០៤នាក់ វរសេនីយ៍ទោ ចំនួន ១៩នាក់ វរសេនីយ៍ត្រី ចំនួន ២៤នាក់ និងអនុសេនីយ៍ឯក ចំនួន ០៥នាក់ ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកបានមានប្រសាសន៍លើកសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ដែលខិតខំប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ ១៩ និងការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រកបដោយជោគជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានដាស់តឿន ក្រើនរំលឹក និងមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ពិសេសសេវាសាធារណៈ ពង្រឹងវិន័យកងកម្លាំង លើកសរសើរចំពោះមន្ត្រីមានគុណសម្បត្តិ បង្កើនសាមគ្គីផ្ទៃក្នុង ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រក្សត្រ និងការពាររដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត៕