ព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យបើ្រច្បាប់ស្ដី ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨
ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់ទាំងស្រុង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤។
ច្បាប់ស្ដី ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ២១៧/០០២/២០២២ កបធ.ច ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២
ដែលមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យ ប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើ វិសោធនកម្មមាត្រា១៤០.ថ្មីគឺ គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១(ដប់មួយ)រូប។ ចំណែកគណៈអភិបាលខេត្តមានចំនួនពី៧(ប្រាំពីរ)រូប ទៅ១១(ដប់មួយ)រូប។
ដោយឡែកគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥(ប្រាំ)រូប ទៅ៧(ប្រាំពីរ)រូប។ ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់៕